ភ្នំពេញៈ ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក ​អ៊ិ​ត សំហេង បាន​ជូនដំណឹង​ដល់​ម្ចាស់​ឬ​នាយ​ករោងចក្រ​សហគ្រាស​ទាំងអស់​ត្រូវ​អនុញ្ញាតឱ្យ​កម្មករនិយោជិត​ជា​ជន​មាន​ពិការភាព​បានចេញ​មុន​ម៉ោង​ការងារ​យ៉ាងតិច​ ១៥​ នាទី​ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុងការ​ចេញពី​ធ្វើការ និង​គាំពារ​សុខុមាលភាព​របស់​ពួកគេ​។​

​តាមរយៈ​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី ​៦ ខែមិថុនា លោក អ៊ិត សំហេង បាន​លើកឡើងថា យោង​អនុសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ច្បាប់​ស្តីពី​ការងារ​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ ម្ចាស់​ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវ​អនុញ្ញាតឱ្យ​កម្មករនិយោជិត​ជា​ជន​មាន​ពិការភាព​បានចេញ​មុន​ម៉ោង​ការ​ងារ​របស់ខ្លួន​យ៉ាងតិច​ ១៥ ​នាទី​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការអនុញ្ញាត​ចេញ​មុន​ម៉ោង​នេះ គឺ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ចេញពី​ធ្វើការ និង​គាំពារ​សុខុមាលភាព​របស់​ពួក​គាត់ ហើយ​ទន្ទឹមនឹង​ការផ្ដល់​នេះ ម្ចាស់​រោងចក្រ សហគ្រាស ត្រូវ​រក្សា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​ដល់​ពួកគាត់​ជា​ជន​មាន​ពិការភាព​ដែល​ទទួលបាន​សិទ្ធិ​អនុញ្ញាត​ឱ្យចេញ​មុន​ម៉ោង​ការងារ​នេះ​»​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​ក្រសួង​ការងារ​នេះ លោក​ស្រី ម៉ាក់ មូ​នី​កា នាយិកា​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា កាលពី​ថ្ងៃទី ​៦ ខែមិថុនា​ បានបង្ហាញ​ការស្វាគមន៍ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការអនុញ្ញាតឱ្យ​ជន​មាន​ពិការភាព​អាច​ចេញ​មុន​ម៉ោង​ការងារ​នេះ​។​

​លោកស្រី​បាន​បន្ដថា ការ​​តម្រូវឱ្យ​ពួកគាត់​បានចេញ​មុន​ម៉ោង​ការងារ​ ១៥ ​នាទី​នេះ​គឺជា​ការជួយ​មួយផ្នែក​របស់​ពួកគាត់​ដោយសារ​នៅពេលដែល​ចេញ​ដំណាលគ្នា​ជាមួយនឹង​អ្នក​ដែល​មិនមាន​ពិការភាព​ក្នុង​ហ្វូងមនុស្ស​ច្រើន នោះ​នឹង​ធ្វើឱ្យ​មានការ​លំបាក​សម្រាប់​ពួកគាត់​ដែលជា​ជនពិការ​។​

​លោកស្រី ម៉ាក់ មូ​នី​កា បាន​បញ្ជាក់ថា​៖ «​ប្រសិនបើ​អាច​ខ្ញុំ​ចង់ឱ្យ​ជន​មាន​ពិការភាព​ចេញពី​ធ្វើការ​ឱ្យបាន​មុន​កន្លះ​ម៉ោង​គឺ​រឹត​តែ​ល្អប្រសើរ​ថែមទៀត​ព្រោះ​យើង​ដឹង​ស្រាប់​ហើយ​ថា ជន​មាន​ពិការ​ភាពមិន​អាចមាន​កម្លាំង ឬ​ការធ្វើដំណើរ​លឿន​ដូច​អ្នក​មិនមាន​ពិការភាព​នោះទេ​»​។​

​លោក ​កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​វាយ​ន​​ភណ្ឌ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ (TAFTAC) មិនអាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បានទេ កាលពី​ថ្ងៃទី​ ៦ ខែមិថុនា ឆ្នាំ​ ២០២៣​។​ជាមួយគ្នានេះ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ការ​អនុញ្ញាតឱ្យ​ជន​មាន​ពិការភាព​អាច​ចេញពី​កន្លែង​ការងារ​នៅតាម​រោងចក្រ​សហគ្រាស​មុន​ម៉ោង​នេះដែ​លអាច​បង្កឱ្យមាន​ភា​ព​ងាយស្រួល និង​ជា​រឿង​ល្អ​បំផុត​សម្រាប់​ពួកគាត់​។

​លោក​បាន​បន្តថា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ បើ​អនុញ្ញាតឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ចេញ​មុន​ម៉ោង​ដូច​គ្នា​នេះដែរ គឺ​រឹតតែ​ល្អ​ថែមទៀត​។​ លោក ​អាត់ ធន់ បាន​បន្ថែមថា​៖ «​ទោះជា​យ៉ាងណា កម្មករនិយោជិត​មាន​ពិការភាព​ធ្ងន់ធ្ងរ ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​សហគ្រាស​កាត់ដេរ និង​ដេរ​ស្បែកជើង​ជាដើម មិនសូវ​ជាមាន​ជន​មាន​ពិការភាព​ច្រើន​ទេ​ក្នុង​វិស័យ​ការងារ​នេះ​»​។

​ត្រង់ចំណុច​នេះ លោក​បាន​បញ្ជាក់ដែរថា​៖ «​បើ​មាន​គោល​ការណ៍​ផ្តល់ឱ្យ​អ្នកមាន​ពិការ​ភាព​ប្រមាណ ​១៥​ ភាគរយ ឬ​ ២០​ ភាគរយ នៅ​កន្លែង​ការងារ នោះ​អាចជួយ​ដល់​អ្នកមាន​ពិការភាព​មានការ​ងារ​ធ្វើ និង​មាន​ប្រាក់ចំណូល ដោយ​មិន​ទៅ​ដើរ​សុំទាន​ឬ​ទៅធ្វើ​នេះ ធ្វើ​នោះ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សា​ធា​​រណៈ​នោះទេ​៕