ភ្នំពេញៈ វិទ្យាល័យ​ពេជ្រ​ចិន្តា ស្ថិត​ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បានរៀបចំ​ពិ​ព័រ​ណ៍ការងារ​ប្រចាំឆ្នាំ ២០២៣ ដែលមាន​សិស្ស​ថ្នាក់​ទី១២ ជាង ៣០០ នាក់​បាន​ចូលរួម ដើម្បី​ទទួលបាន​ព័ត៌មាន​តម្រង់ទិស​ច្បាស់លាស់​ក្នុង​ការបន្ត​ការសិក្សា និង​ចាប់យក​ឱកាស​ការងារ។

ពិ​ព័រ​ណ៍​ការងារ​ប្រចាំឆ្នាំ២០២៣ ត្រូវបាន​ធ្វើឡើង​នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅ​វិទ្យាល័យ​ពេជ្រ​ចិន្តា ដែលមាន​សិស្ស​កំពុង​សិក្សា​ថ្នាក់​ទី១២ចំនួន៣៣១នាក់ មកពី​វិទ្យាល័យ​ពេជ្រ​ចិន្តា និង​វិទ្យាល័យ​បួរ ខណៈ​ពិ​ព័រ​ណ៍នេះ​មានការ​សហការ​រៀបចំ និង​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល អាជ្ញាធរ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ដែល​ធ្វើការ​លើ​វិស័យ​អប់រំ​ចំនួន៣១ ស្ថាប័ន។ នេះ​បើតាម​ការអះអាង​របស់​លោក ប៉ិច ឈឿត នាយក​វិទ្យាល័យ​ពេជ្រ​ចិន្តា។

លោក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី៨ មិថុនា​ថា ពិ​ព័រ​ណ៍នេះ គឺ​បានរៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​តាំងពី​ឆ្នាំ២០១៧ មក​ម៉្លេះ ដើម្បី​ផ្តល់ឱកាស​ដល់​សិស្ស​ដែល​កំពុង​សិក្សា​ថ្នាក់​ទី១២ ឱ្យ​ទទួលបាន​ព័ត៌មាន​នានា ក្នុង​ការបន្ត​ការសិក្សា និង​ចាប់យក​ឱកាស​ការងារ​ច្បាស់លាស់ និង​តាម​ក្តី​ស្រ​មៃ។

លោក បាន​បញ្ជាក់ថា៖«ពិ​ព័រ​ណ៍ បាន​លេច​ជា​រូបរាង​ឡើង ក្រោយ​យើង​បាន​បង្កើត​កម្មវិធី​តម្រង់ទិស ដោយ​យក​គ្រូ​យើង ទៅធ្វើជា​គ្រូ​បង្គោល ហើយ​យក​គ្រូ​បង្គោល​នេះ មក​បណ្តុះបណ្តាល​បន្ថែម​ដល់​សិស្ស​ពី​ថ្នាក់​ទី១០ ដល់​ថ្នាក់​ទី១២។ ពិ​ព័រ​ណ៍ការ​នេះ គឺ​គោលបំណង​ចង់ឱ្យប្អូនៗកំពុងតែ​រៀន​ថ្នាក់​ទី១២នេះ គាត់ធ្វើការ​សម្រេចចិត្ត ដោយ​យល់ថា នៅពេល​គាត់រៀន​ចប់​ថ្នាក់​ទី១២ ហើយ​មុននឹង​ទៅ​បន្ត​ថ្នាក់​មហាវិទ្យាល័យ គាត់​ត្រូវ​ដឹង​ព័ត៌មាន»។

លោក ប៉ិច ឈឿត ថ្លែងថា ស្តង់​នៅក្នុង​ការតាំង​បង្ហាញនីមួយៗ គឺ​បាន​ចូលរួម​ផ្តល់ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ និង​ការងារ ដែល​អាច​ផ្តល់ឱកាស​ឱ្យ​សិស្ស​ទាំងនោះ បាន​សាកសួរ​ព័ត៌មាន​នានា​ដែល​ពួកគេ​ចង់ដឹង ដើម្បី​ធ្វើការ​សម្រេចចិត្ត មិន​ថា​ពាក់ព័ន្ធ​នឹង​បញ្ហា​បច្ចេកទេស ការចាប់យក​ជំនាញ​ក្នុងការ​សិក្សា​បន្ត ឬក៏​ជ្រើស​រៀន​ជំនាញ​បណ្តុះបណ្តាល​វិជ្ជា​ជីវភាព​នោះទេ គឺ​​ផ្តល់ឱកាស​ឱ្យ​ពួកគេបានដឹង​គ្រប់​ជ្រុងជ្រោយ ដែល​ពី​អតីត​កាលព័ត៌មាន​ទាំងនោះ​ហាក់​មិនសូវ​ទូលាយ​នោះទេ ជាពិសេស​ក្នុង​តំបន់​ដាច់ស្រយាល។

លោក បាន​បញ្ជាក់ថា៖‍​«នៅពេលដែល​សិស្សានុសិស្ស ត្រូវ​បន្ត​ការសិក្សា នោះ​គឺ​មិនមែន​ចេះតែ​រៀន​តាម​គ្នា ឬ​តាម​ម៉ែឪ​បង្ខំ​នោះទេ គឺ​គាត់​ត្រូវ​ដឹង​អំពី​ចំណេះដឹង ចំណង់​ចំណូលចិត្ត និង​ឧបនិស្ស័យ​របស់គាត់ ហើយ​ក្នុងនោះ គឺ​យើង​អ​ញ្ជើញ​ស្ថាប័ន​របស់​យើង​ជាច្រើន ដោយមាន​ស្តង់​រហូតដល់៣១ ស្តង់(៣១ ស្ថាប័ន) ដើម្បី​បង្ហាញ​ពួកគាត់»។

លោក ណ​ម សារឿ​ត ប្រធាន​កម្មវិធី​តំបន់​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង នៃ​អង្គការ​ទស្សនៈ​ពិភពលោក ដែល​បាន​ចូលរួម​ផ្តល់ព័ត៌មាន​ពី​ការអប់រំ​ក្នុង​ពិ​ព័រ​ណ៌​នេះ បាន​និយាយថា ការចូលរួមចំណែក​ផ្តល់ព័ត៌មាន​ដល់​សិស្ស​នៅក្នុង​វិទ្យាល័យ​នេះ​ជា​រៀងរាល់ឆ្នាំ ក្រោម​ការសម្របសម្រួល​របស់​វិទ្យាល័យ​ពេជ្រ​ចិន្តា និង​អង្គការ​សម្រេច​សុបិន​កុមារ។

លោក បាន​បញ្ជាក់ថា៖«ការចូលរួម​របស់​អង្គការ​ទស្សនៈ​ពិភពលោក និង​ស្ថាប័ន​ដទៃទៀត គឺ​ក្នុង​គោលបំណង​តម្រង់ទិស និង​ផ្តល់ព័ត៌មាន​ដល់​យុវជន​នៅក្នុង​តំបន់​ដាច់ស្រយាល​១​នេះ ជាពិសេស​សិស្ស​ដែល​កំពុង​សិក្សា​ថ្នាក់​ទី១២ ឱ្យ​ពួកគាត់​បាន​មើលឃើញ​ពីអ្វី​ដែល​ពួកគាត់​ត្រូវ​ត្រៀមខ្លួន និង​ធ្វើ​បន្ត ឱ្យ​សម​នឹង​ជំនាញ ចំណេះដឹង និង​ការស្រឡាញ់​របស់ខ្លួន​ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​ទី១២»។

យុវតី កែ សៀវ​ម៉ី ជា​សិស្ស​ថ្នាក់​ទី១២ នៃ​វិទ្យាល័យ​ពេជ្រ​ចិន្ដា ដែល​បាន​ចូលរួម​ក្នុង​ពិ​ព័រ​ណ៍នេះ​ជា​លើកដំបូង បាន​និយាយថា ព័ត៌មាន​មួយចំនួន​ដែល​រូបគេ​មិន​ធ្លាប់​បានដឹង​ពីមុន គឺ​ត្រូវ​បានបង្ហាញ និង​បកស្រាយ​ពី​អ្នកជំនាញ និង​ស្ថាប័ន​ទាំងនោះ ព័ត៌មាន​ជុំវិញ​ការសិក្សា និង​ការងារ គឺ​បាន​ផ្តល់ឱ្យ​រូបគេ និង​សិស្សានុសិស្ស​ដទៃ​អាចធ្វើ​ការសម្រេច​ចិត្តបាន​ត្រឹមត្រូវ។

កញ្ញា បាន​បញ្ញា​ក់ថា៖«វា​ក៏បាន​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ខ្ញុំ​ជាច្រើន​ហើយ​វា​បានធ្វើឱ្យ​ខ្ញុំ​មានការ​គិត ក៏ដូចជា​យល់​កាន់តែច្បាស់​អំពីរ​ការងា​រដែរ​ខ្ញុំ​ស្រឡាញ់។ ខ្ញុំ​ចាប់អារម្មណ៍​​ជំនាញផ្សេងៗ តែ​អ្វី​ដែលពិសេស​នោះ​គឺ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ឌ្រី​ម (សាលា​ខាង​ចុងភៅ) ក៏ដូចជា​បដិសណ្ឋារកិច្ច​នៅក្នុង​សណ្ឋាគារ​ដោយសារតែ​ការរៀន​ចំណាយពេល​ត្រឹមតែ១០ខែ គឺ​ខ្ញុំ​អាច​ចេញ​ធ្វើការ​បាន​ហើយ​ខាង​សាលា​គេ​ចំណាយ​ឱ្យ​ទាំងអស់​​មិន​ថា​ កន្លែង​គេង ចំណីអាហារ និង​ថ្លៃ​សាលា គឺ​យើង​ចាំតែ​ខំរៀន​តែប៉ុណ្ណោះ»។

កញ្ញា សៀវ​ម៉ី ថ្លែងថា៖«ទី២ គឺ​ខ្ញុំ​មាន​ចំណាប់អារម្មណ៍​ទៅលើ​សាកល​វិទ្យាល័យ​បៀ​ល​ប្រាយ ដែល​ក្នុងនោះ​គឺ​មហាវិទ្យាល័យ​នីតិសាស្ត្រ និង​សង្គមកិច្ចដែល​ខ្ញុំ​បានជ្រើសរើស ដោយសារតែ​វា​ជាការ​ស្រឡាញ់​របស់ខ្ញុំ​១​ដែរ​ទៅលើ​មុខជំនាញ​រដ្ឋបាល​សាធារណៈ ដោយ​ខាង​សាលា​បាន​ពន្យល់​ណែនាំ​ខ្ញុំ​យ៉ាង​ក្បោះក្បាយ និង​បាន​ប្រាប់​ពីមុខ​វិជ្ជា​ដែលខ្ញុំ​ត្រូវ​ខំរៀន​បន្ថែម ដើម្បី​ងាយស្រួល​ក្នុងការ​ចូលរៀន​មុខជំនាញ​នោះ​ផងដែរ»៕