
លោកហុងដា ពេលកំពុងទស្សនាការប្រកួតបាត់ទាត់ស៊ីហ្គេមនៅកម្ពុជាកាលពីថ្ងៃទី៧ ឧសភា ។ ហុង មិនា
ភ្នំពេញ: ក្នុងបេសកកម្មគាំទ្រផ្តល់ការព្យាបាលដល់កុមារនៅកម្ពុជាលោក កេស៊ូកិ ហុងដា អតីតអ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានស្ម័គ្រចិត្ដជាឯកអគ្គរដ្ឋទូតសម្រាប់ «មជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី» នាពេលខាងមុខ។
មន្ទីរពេទ្យដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៥ គឺជាគំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន (JHCMC) ឬ Japan Heart ជាអង្គការមួយដែលបាននិងកំពុងផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃសម្រាប់ជំងឺមហារីកកុមារស្ថិតនៅក្នុងតំបន់ឧដុង្គនៃខេត្តកណ្តាល។
លោក ហុងដា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោកថា៖«តាមរយៈការពង្រីកសកម្មភាពទាំងនេះ និងផ្តោតលើការអភិវឌ្ឍបុគ្គលិកពេទ្យ មន្ទីរពេទ្យថ្មីនឹងក្លាយជាមជ្ឈមណ្ឌលព្យាបាលកុមារដោយឥតគិតថ្លៃអន្តរជាតិ ដែលតំណាងឱ្យតំបន់អាស៊ី»។
បើទោះជាមានការខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនក៏ដោយ កុមារជាច្រើននៅក្នុងប្រទេសកម្ពុជានៅតែខ្វះលទ្ធភាពទទួលបានការព្យាបាលចាំបាច់ដោយសារកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងលក្ខខណ្ឌបរិស្ថាន។នេះបើយោងតាមអ្នកនាង យូកុ ហ្វូជីតា មន្ត្រីទំនាក់ទំនងរបស់ Japan Heart ។
ហ្វូជីតា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ជាមួយនឹងមន្ទីរពេទ្យថ្មីនេះ Japan Heart មានគោលបំណងជួយដល់អ្នកជំងឺកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ហើយក៏មានឆន្ទៈក្នុងការស្វាគមន៍អ្នកជំងឺមកពីប្រទេសផ្សេងទៀតនៃតំបន់អាស៊ីអាគ្នេយ៍ផងដែរ»។
«មជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី»ថ្មីដែលមានទីតាំងនៅក្រុងតាខ្មៅខេត្តកណ្តាលនឹងបម្រើការជាមន្ទីរពេទ្យសប្បុរសធម៌ផ្តោតជាពិសេសលើការថែទាំកុមាររួមទាំងការព្យាបាលជំងឺមហារីកកុមារផងដែរ។
អ្នកនាង ហ្វូជីតា បានបន្ដថា៖ «Japan Heart មានគោលបំណងកាត់បន្ថយគម្លាតអត្រាមរណភាពឱ្យតូចបំផុតសម្រាប់ជំងឺមហារីកកុមារនៅអាស៊ីដោយប្រទេសអភិវឌ្ឍន៍ដូចជាជប៉ុនមានអត្រារស់រានមានជីវិតលើសពី៨០ភាគរយ ខណៈអត្រារស់រានមានជីវិតរបស់ប្រទេសកម្ពុជាមានប្រហែល២០ភាគរយប៉ុណ្ណោះ»។
អ្នកស្រី ហ្វូជីតា បាននិយាយថា លោក ហុងដា បានគាំទ្រ Japan Heart ក្នុងនាមជាទីប្រឹក្សាជាច្រើនឆ្នាំមកហើយ ហើយដោយសារតែលោកមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយប្រទេសកម្ពុជា និងបានជួយដល់កុមារតាមរយៈកីឡានោះ Japan Heart បានអញ្ជើញលោកឱ្យធ្វើជាឯកអគ្គរដ្ឋទូតហើយលោកបានទទួលយកសំណើនេះភ្លាមៗ។
បុគ្គលិកផ្នែកទំនាក់ទំនងរបស់ Japan Heart ដែលមានឯកទេសក្នុងការផ្តល់ការព្យាបាលប្រកបដោយគុណភាពខ្ពស់ដល់កុមារមានជំងឺមហារីកបាននិយាយថា៖«គាត់នឹងគាំទ្រគម្រោងជាចម្បងដោយការបង្ហោះព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់»។
លោកហុងដា បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោកថា នៅថ្ងៃទី២៦ ខែឧសភា Japan Heart ចាប់ផ្តើមរៃអង្គាសមូលនិធិ ដើម្បីគាំទ្រដល់ការបើកមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារអាស៊ីនៅកម្ពុជា។ ក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈនៃមន្ទីរពេទ្យ ហុងដាគាំទ្រគម្រោងនេះយ៉ាងសកម្ម។
លោកបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៨មក Japan Heart បាននិងកំពុងផ្តល់ការព្យាបាលដោយឥតគិតថ្លៃសម្រាប់ជំងឺមហារីកកុមារនៅក្នុងប្រទេសកម្ពុជាជាប្រទេសដែលមានធនធានផ្នែកវេជ្ជសាស្ត្រនៅមានកម្រិតបើប្រៀបធៀបទៅនឹងប្រទេសអាស៊ីផ្សេងទៀត។
JHCMCជាអង្គការក្រៅរដ្ឋាភិបាលផ្នែកវេជ្ជសាស្ដ្របានថ្លែងអំណរគុណដល់លោក ហុងដា សម្រាប់ការគាំទ្រជាបន្តបន្ទាប់។ ពួកគេបានចែករំលែកការបង្ហោះរបស់លោកនៅលើទំព័រហ្វេសប៊ុក។ អង្គការនេះគ្រោងនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀតអំពី«មជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី» ។
យោងតាមហ្វេសប៊ុករបស់ JHCMC បានឱ្យដឹងថា៖ «យើងនឹងចែករំលែកអំពីមន្ទីរពេទ្យថ្មីនេះមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ីនៅថ្ងៃខាងមុខ"។អរគុណច្រើនលោកកេស៊ូកេ ហុងដា ដែលតែងតែគាំទ្រពួកយើង»។
ការតែងតាំងលោកហុងដា ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈនៃមន្ទីរពេទ្យថ្មីនេះបង្ហាញពីការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងបេសកកម្មរបស់ Japan Heart ក្នុងការកែលម្អការថែទាំសុខភាពសម្រាប់កុមារនៅកម្ពុជា។
គួរបញ្ជាក់ថា លោក ហុងដា កើតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៨៦ ទីក្រុងអូសាកាប្រទេសជប៉ុនគឺជាអតីតកីឡាករបាល់ទាត់អាជីពជប៉ុន និងជាអ្នកចាត់ការទូទៅដែលបេសកកម្មរបស់លោកបានបញ្ចប់ បន្ទាប់ពីលោកមិនអាចនាំក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២។
លោកហុកដា ត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងអំឡុងព្រឹត្ដិការណ៍ FIFA World Cup ឆ្នាំ២០១០ និងបានលេងឱ្យក្លិបមួយចំនួនដូចជា CSKA Moscow, AC Milan, Pachuca និង Melbourne Victory។
លោកបានតំណាងឱ្យក្រុមជម្រើសជាតិជប៉ុន និងបានស៊ុតបាល់បញ្ចូលទីបានជាង៩០គ្រាប់។បន្ទាប់ពីចូលនិវត្តន៍លោកហុងដា បានផ្លាស់ប្តូរទៅជាគ្រូបង្វឹក និងបានបង្កើតសាលា «Honda Estilo»នៅទីក្រុងតូក្យូ។
ក្នុងនាមជាអ្នកគ្រប់គ្រងទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងរយៈពេល៥ឆ្នាំ លោកហុងដា បានប្តេជ្ញាចិត្តលើកកម្ពស់វិស័យកីឡាក្នុងប្រទេសកម្ពុជា។
ក្នុងអំឡុងពេលកាន់តំណែងលោកកេស៊ូកេ ហុងដា បង្កើតយុទ្ធសាស្ត្រលើវិស័យបាល់ទាត់គ្រប់កម្រិត បណ្តុះទេពកោសល្យ ណែនាំវិធីសាស្ត្របណ្តុះបណ្តាលប្រកបដោយភាពច្នៃប្រឌិត ចូលរួមក្នុងការផ្សព្វផ្សាយសហគមន៍ និងបណ្តុះវប្បធម៌បាល់ទាត់ជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជាដែលធ្វើឱ្យមានការរីកចម្រើន៕