
លោកសាយ សំអាល់ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៧ មិថុនា ។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពង្រីកការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន និងយន្តការគ្រប់គ្រង និងវិភាជថវិកាគាំទ្រដល់រដ្ឋបាលក្រុង-ស្រុក ដើម្បីពិនិត្យកែសម្រួល និងសម្រេចការងារគ្រប់គ្រងសំរាមឱ្យកាន់តែមានប្រសិទ្ធភាពនិងមានភាពងាយស្រួលដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន និងសោភណភាព។
កិច្ចប្រជុំនេះបានរៀបចំឡើងកាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ ក្រោមវត្តមាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនរួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង ស្រុក មន្ទីរបរិស្ថានរាជធានី ខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ។ នេះបើតាមក្រសួងបរិស្ថាន។
ថ្លែងទៅកាន់អង្គប្រជុំនោះលោកសាយ សំអាល់ បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីធ្វើបទបង្ហាញទាក់ទងនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងការវិភាជថវិកាសម្រាប់គាំទ្រដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ការគ្រប់គ្រងសំរាមសំណល់រឹង ទីប្រជុំជន ឱ្យកាន់តែមានភាពងាយស្រួលថែមទៀត។
លោកសាយ សំអាល់ បញ្ជាក់ថា៖« កិច្ចប្រជុំនេះ គឺជាការបើកទំព័រថ្មីមួយទៀតទាក់ទងនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដោយសារតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទម្លាក់ថវិកាឱ្យទៅតាមបណ្តារដ្ឋបាលក្រុង ស្រុក។ ប៉ុន្តែកញ្ចប់ថវិកានេះគឺជាកញ្ចប់ថវិកាអន្តរាគមន៍ប៉ុណ្ណោះ មិនមែនជាថវិកាប្រតិបត្តិការពេញលេញនោះទេ ដែលរដ្ឋបាលក្រុងស្រុកចាំបាច់ត្រូវស្វះស្វែងរកប្រភពចំណូលបន្ថែមទៀត»។
ទន្ទឹមនឹងការលើកឡើងនេះ លោក ហេង សុជាតិ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ដែលបានចូលរួមកិច្ចប្រជុំនេះបានថ្លែងថា កិច្ចប្រជុំនេះ គឺមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលស្រុក ក្រុង ក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីពិនិត្យលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា។
លោកបន្តថា៖«តាមរយៈកិច្ចប្រជុំនេះសំដៅឱ្យការងារគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនរបស់ក្រុង ស្រុកនីមួយៗឱ្យមានការរៀបចំសេវាសម្អាត ប្រមូលដឹកជញ្ជូន និងការទុកដាក់សំរាម សំណល់រឹងឱ្យកាន់តែមានសណ្តាប់ធ្នាប់ប្រសើរឡើងហើយរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងទាក់ទាញទេសចរថែមទៀត»។
គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំខាងលើនេះ ក្រសួងបរិស្ថាន ក៏មានការធ្វើបទបង្ហាញចំនួន៣ ជូនដល់រដ្ឋបាលក្រុង-ស្រុក រួមមាន ១-ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការជំរុញ និងគាំទ្រការគ្រប់គ្រង សេវាសម្អាត ប្រមូល ដឹកជញ្ជូនសំរាមសំណល់រឹងទីប្រជុំជន ២-នីតិវិធីហិរញ្ញវត្ថុពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់កញ្ចប់ថវិកាសេវាអនាម័យបរិស្ថានសម្រាប់ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន និង៣-ការវិភាជថវិកាដល់រដ្ឋបាលក្រុង ស្រុកជាដើម។
ក្រៅពីនេះទៀតតាមរយៈកិច្ចប្រជុំនេះភាគីពាក់ព័ន្ធដែលមកពីអន្តរក្រសួងនិងរដ្ឋបាលក្រុង ស្រុក នៅទូទាំងប្រទេសក៏បានបើកកិច្ចពិភាក្សារួមគ្នាអំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការរៀបចំសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ក៏ដូចជាការប្រមូលធាតុចូលពីរដ្ឋបាលក្រុង ស្រុកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតផងដែរ៕