ភ្នំពេញៈ ​ដោយមាន​បទពិសោធ​ន៍ក្នុង​ការដាំ​ដំណាំ និង​ចិញ្ចឹមសត្វ​ដែលជា​ការងារ​ទូទៅ​ប្រចាំថ្ងៃ លោក នី ប៊ុន​ថា និង​គ្រួ​សារបាន​ចងក្រង​ចំណេះដឹង ក៏ដូចជា​បច្ចេកទេស​ក​សិ​កម្ម​ដ៏​មាន​ប្រយោជន៍​ទាំងនេះ ជា​វីដេអូ​ខ្លីៗ​ដើម្បី​បង្ហោះ និង​ចែករំលែក​ទៅកាន់​អ្នកទស្សនា​ ពិសេស​បងប្អូន​កសិករ​នៅលើ​គេហទំព័រ​កសិកម្ម​ឈ្មោះថា «​រៀន​ដាំ​»​។

លោក នី ប៊ុន​ថា មាន​លំនៅ ស្រុកស្រែ​អំបិល ខេត្តកោះកុង និង​ជា​ស្ថាបនិក «​រៀន​ដាំ​» បាន​ថ្លែងថា លោក​បង្កើត​ផេ​ច (page) នេះ​ឡើង​គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង​មូលដ្ឋានគ្រឹះ​ផ្នែក​កសិកម្ម​ចម្រុះ ការចិញ្ចឹម​សត្វ និង​បទពិសោធ​ន៍ផ្ទាល់​ដល់​បងប្អូន​កសិក​រ​ថ្មី​ដែល​ទើបតែ​ចាប់​ផ្ដើមធ្វើ​កសិកម្ម​ជាដើម​។​

លោក​បញ្ជាក់ថា​៖ «គោលបំណង​ធំ​នៃ​ការបង្កើត​ផេ​ច រៀន​ដាំ នេះ​គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង​ដល់​បងប្អូន​ចង់​ចាប់ផ្ដើម​ដាំ ឬក៏​ចំណេះដឹង​បទពិសោធន៍​ដែល​យើង​បាន​អនុវត្ត និង​រៀបចំ​វា​ឡើង ដើម្បីឱ្យ​ពួកគាត់​បាន​យល់ដឹង​ពី​ការដាំដុះ ចិញ្ចឹមសត្វ និយាយ​រួម​គឺ​ចំណេះដឹង​កសិកម្ម ដែលជា​ការងារ​ខ្ញុំ​អនុវត្ត​ជាប្រចាំ ហើយ​ចង់​ចែករំលែក​ទៅជា​ប្រយោជន៍​ដល់​សង្គម​តែម្ដង​»​។​

​លោក​បន្តថា លោក​ក៏មាន​សេវាកម្ម​ផ្សេងទៀត​ដូចជា វគ្គ​បង្រៀន​ខ្លីៗ​តាម​អន​ឡាញ​រួមមាន វគ្គ​ចិញ្ចឹម​មាន់ ការដាំ​បន្លែ​លើទឹក ឯ​ការងារ​ដែល​ធ្វើ​វីដេអូ​បង្ហោះ​លើ​ផេ​ច​ហ្វេ​ស​ប៊ុ​ក និងយូ​ធូប គឺ​ដោយសារ​ចិត្ត​ស្រឡាញ់ និង​ចូលចិត្ត​ថត​វីដេអូ​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​ដែល​ភាគច្រើន​ជា​ការងារ​កសិកម្ម ហើយក៏​មាន​ជាការ​ចែករំលែក​ផ្នត់គំនិត ប្ដូរផ្លាស់​ពី​ការធ្វើ​កសិកម្ម​បែប​បុរាណ​មក​ចាប់ផ្ដើម​អនុវត្ត​កសិកម្ម​បែប​ទំនើប​វិញ​ម្ដង​។​

​លោក ថ្លែងថា​៖ «ដោយសារតែមាន​ចំណង់​ចំណូលចិត្ត​ខាង​ថត និង​កាត់​វីដេអូ​ផង មានបទពិសោធន៍ និង​ការអនុវត្ត​ដាំ​ដំណាំ​ស្រាប់​ផង ទើប​យើង​ចង់​ផ្សព្វផ្សាយ​បន្ត​នូវ​ចំណេះដឹង​និង​បច្ចេកទេស​កសិកម្ម​ទំនើប​ទៅដល់​បងប្អូន​កសិករ​យើង​។ ក្រៅពី​ការចែករំលែក​ចំណេះដឹង​ដោយ​ឥ​គិតថ្លៃ​នៅលើ​ហ្វេ​ស​ប៊ុ​ក និង YouTube «​រៀន​ដាំ​» ក៏មាន​សេវាកម្ម​បង្រៀន​ពិសេស​ជា​វីដេអូ​អំពី​ការចិញ្ចឹម​មាន់ និង​ដាំ​ដំណាំ​លើទឹក ដែល​មួយ​វគ្គ​មានតម្លៃ ៣៥​ដុល្លារ ចំណែក​ចុះឈ្មោះ​រៀន​ពីរ​វគ្គ​គឺ ៥០​ដុល្លារ ដែល​ការរៀន​នេះ​គឺ​មានការ​ផ្ញើជូន​នូវ​វីដេអូ​តាម​តំណ​ភ្ជាប់ ដែល​អាចឱ្យ​កសិករ​អាច​ចូល​មើល​បាន​គ្រប់ពេល ហើយក៏​មានការ​ប្រឹក្សា​យោបល់​នៅពេល​មាន​បញ្ហា​ផងដែរ​»​។

​ លោក នី ប៊ុន​ថា ថ្លែងថា លោកបានចាប់ផ្ដើម​បង្កើត​ផេ​ច រៀន​ដាំ និង​ផលិត​វីដេអូ​នេះ​ឆ្នាំ២០១៨ ដោយបានស​ម្រេចចិត្ត​ដាក់ឈ្មោះថា រៀន​ដាំ ដោយសារ​វា​ជា​ពាក្យ​សាមញ្ញ ខ្លី ងាយ​យល់ គ្រាន់តែ​ឮថា រៀន​ដាំ គេ​ក៏​អាច​យល់​ដឹងថា​ វា​ជា​ផេ​ក​កសិកម្ម ចែករំលែក​ចំណេះដឹង​ផ្នែក​កសិកម្ម​ពិសេស​ការដាំ​ដំណាំ​ចម្រុះ​ជុំវិញ​ផ្ទះ​។

លោកថ្លែងថា៖ «តាមរយៈ​ការចែករំលែក​របស់​យើង​មិន​អាចឱ្យ​អ្នក​ដាំ​ទទួលបាន​ជោគជ័យ​១០០​ភាគរយ​នោះទេ តែ​វា​ជា​មូលដ្ឋាន​គ្រឹះមួយ​សម្រាប់​កសិករ ឬ​ស្ត្រី​មេផ្ទះ​ដែល​ចង់​ដំណាំ​ជុំវិញ​ផ្ទះ​ឱ្យបាន​ដឹង​ពី​ការដាំដុះ ការជ្រើសរើស​ពូជ ឬ​ការរៀបចំ​ដី ដែលជា​ផ្នែក​សំខាន់ៗ​ដែល​គួរ​យល់ដឹង​មុនពេល​យកទៅអនុវត្ត​ផ្ទាល់​»។

​ដោយឡែក បងប្អូន​កសិករ​ដែល​តែងតែ​គាំទ្រ និង​ចែករំលែក​បន្ត​នូវ​មាតិកា​របស់ រៀន​ដាំ គឺ​មាននៅ​ស្ទើរ​គ្រប់​ខេត្ត​រួមមាន​ដូចជា តាកែវ បាត់ដំបង បន្ទាយមានជ័យ ថែមទាំង​បងប្អូន​ពលករ​នៅ​ប្រទេសជិតខាង​មាន​វ័យ​ចន្លោះ​ពី ១៨-៣៤ ឆ្នាំ​ផងដែរ​។ នេះ​ជា​អ្វីដែល​អ្នកបង្កើត​មាតិកា​រូបនេះ​បានលើកឡើង​។

លោក នី ប៊ុន​ថា ថ្លែងដោយមាន​ចក្ខុវិស័យ​វែងឆ្ងាយថា ​ក្នុងការ​បន្តការងារ​នេះ​ទៅមុខទៀត​ដើម្បី​ចែករំលែក​ចំណេះដឹង បទពិសោធន៍​ដែល​លោក​មាន ក៏ដូចជា​ផលិត​នូវ​មាតិកា​ផ្នែក​កសិកម្ម​ឱ្យបាន​កាន់តែច្រើន និង​ទូលំទូលាយ​ដូច​នៅ​ប្រទេស​ដទៃទៀត​ដែរ ពិសេស​វា​ក៏​ជា​ផ្នែក​មួយ​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ប្រសើរឡើង​បាន​មួយកម្រិត​ទៀត​។

​ ចុងក្រោយ លោក​ក៏​សូម​លើកទឹកចិត្ត​ឱ្យ​អ្នក​ដែលមាន​ចំណេះ​ជំនាញ​ផ្នែក​កសិកម្ម ឬ​ផ្នែក​ផ្សេងៗ​ទៀត​បន្ត​ចែករំលែក​ឱ្យបាន​កាន់តែ​ទូលំទូលាយ ចៀសវាង​ការ​លាក់ទុក​តែម្នាក់ឯង តែ​ត្រូវ​ចែករំលែក​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ផ្នត់គំនិត​ធ្វើយ៉ាងណា ស្វែងយល់​បន្ថែមទៀត​ដើម្បី​អភិវឌ្ឍ​ខ្លួន និង​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ទៅមុខ​៕

នី ស្រី​ពៅ​