
អ្នកចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ កាលពីឆ្នាំមុន។ ហុង មិនា
ភ្នំពេញៈ កីឡាករកីឡាការិនីជាតិ និងអន្តរជាតិជិត ៤ ០០០ នាក់ នឹងចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នាថ្ងៃអាទិត្យ ទី ១១ ខែមិថុនា ឆ្នាំ ២០២៣ នៅខាងមុខព្រះបរមរាជវាំង ដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែនរោត្តមមុនិនាថ សីហនុ។
លោក សែម ផល្លា នាយកចាត់ការទូទៅព្រឹត្តិការណ៍ម៉ារ៉ាតុងរបស់គណៈកម្មាធិការម៉ារ៉ាតុងភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គិតមកត្រឹមថ្ងៃទី៨ មិថុនានេះមានសាធារណជនប្រមាណជិត៤ ០០០ នាក់បានចុះឈ្មោះចូលរួមរត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ។
លោក បានបញ្ជាក់ថា៖«ទិវានេះ យើងធ្វើឡើង១១លើកមកហើយ ក្នុងគោលបំណងអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែយើង ដែលតែងប្រារព្ធឡើងនៅថ្ងៃទី១៨ខែមិថុនា។កីឡាម៉ារ៉ាតុង គឺជាកីឡាមួយប្រភេទដែលអាចឱ្យសាធារណជនចូលរួមច្រើនជាងគេ ហើយពេលខ្លះមានដល់រាប់ម៉ឺននាក់ក៏មាន។កម្ពុជាយើងធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានអ្នកចូលជាបន្តបន្ទាប់ហើយឆ្នាំនេះមានជិត៤ ០០០នាក់»។
តាមលោក សែមផល្លាឱ្យដឹងថា ចំពោះកីឡាករកីឡាការិនីជិត៤ ០០០ នាក់ ដែលបានចុះឈ្មោះចូលរួមនេះគឺត្រូវបានបែងចែកជា៤វិញ្ញាសាដោយចម្ងាយ២១គីឡូម៉ែត្រមានអ្នកចូលរួមប្រកួតប្រមាណជាង៤០០នាក់ និងចម្ងាយ១០គីឡូម៉ែត្រមានអ្នកចូលរួមប្រមាណជាង១ ៧០០ នាក់។ចំណែកចម្ងាយ៥គម មានអ្នកចូលរួមប្រមាណជាង១ ៣០០ នាក់ និងចម្ងាយ២,៥គីឡូម៉ែត្រមានអ្នកចូលរួមរត់ប្រមាណជាង២០០នាក់។
លោក បានបញ្ជាក់ថា៖«ការរៀបចំពិធីនេះ គឺយើងបានត្រៀមការពារសន្តិសុខ និងក្រុមគ្រូពេទ្យរួចហើយ ព្រោះតែការរត់របស់យើងមានចម្ងាយដល់ទៅ២១គីឡូម៉ែត្រ។អ្វីដែលសំខាន់យើងចង់ឱ្យអ្នកចូលរបស់យើង គាត់ត្រូវដឹងច្បាស់ពីច្បាប់ទម្លាប់ ជាពិសេស គឺបញ្ហាសុខភាពផ្ទាល់ខ្លួនគាត់មុននឹងចូលរួមរត់ប្រណាំងនេះ»។
តាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិចុះថ្ងៃទី៧មិថុនា បានឱ្យដឹងថាការរត់ម៉ារ៉ាតុងដែលមានចម្ងាយ ២១គីឡូម៉ែត្រ១០ គីឡូម៉ែត្រ៥ គីឡូម៉ែត្រ ២,៥ គីឡូម៉ែត្រ នេះ នឹងចាប់ផ្តើមចេញដំណើរនៅវេលាម៉ោង៥ នាទីព្រឹកព្រលឹម នាថ្ងៃអាទិត្យ ទី១១ ខែមិថុនា ហើយចំណុចចាប់ផ្តើមគឺចេញពីមុខព្រះបរមរាជវាំង។
គណៈកម្មាធិការបានណែនាំថាអ្នកចុះឈ្មោះចូលរួមទាំងអស់ ត្រូវមកទទួលយកកញ្ចប់សម្ភារសម្រាប់ការរត់ប្រណាំងនៅស្តង់របស់គណៈកម្មាធិការដែលស្ថិតនៅជិតសួនច្បារខាងមុខព្រះបរមរាជវាំងក្នុងរយៈពេល២ថ្ងៃគឺនៅថ្ងៃទី៩ និងថ្ងៃទី១០ខែមិថុនាមុនការប្រាព្ធពិធីមកដល់ជាកំហិត។
គណៈកម្មាធិការម៉ារ៉ាតុងភ្នំពេញបានបញ្ជាក់ថា៖«គណៈកម្មាធិការរៀបចំរត់ប្រណាំង នឹងមិនអនុញ្ញាតឱ្យអ្នកដែលមិនបានចុះឈ្មោះទុកជាមុនឬគ្មានស្លាកលេខបំពាក់លើខ្លួន ចូលរួមរត់ប្រណាំងឡើយ។គណៈកម្មាធិការ នឹងមានក្រុមការងារត្រួតពិនិត្យមុនចេញដំណើរដើម្បីចៀសវាងបញ្ហាប៉ះពាល់ដល់ការរៀបចំទឹក ភេសជ្ជៈនិងផ្លែឈើដើម្បីបំប៉នសុខភាពដល់កីឡាករ កីឡាការិនី»។
ជាមួយគ្នានេះគណៈកម្មាធិការម៉ារ៉ាតុងភ្នំពេញ ក៏សំណូមពរដល់អ្នកចូលរួមទាំងអស់ចូលរួមរក្សាអនាម័យដោយបោះចោលសម្បកដបទឹកនៅក្នុងថង់សំរាមនៅក្បែរកន្លែងយកទឹកនីមួយៗឬចោលសម្បកដបនៅជិតកន្លែងផ្តល់ទឹកដែលស្ថិតនៅលើរាល់ចម្ងាយ២ គីឡូម៉ែត្រនៃស្ថានីយទឹកនីមួយៗនិងណែនាំដល់អ្នកចូលរួមរត់ប្រណាំងទាំងអស់បញ្ឈប់ការរត់របស់ខ្លួន និងស្វែងរកជំនួយនៅពេលមានបញ្ហាសុខភាព ដោយពុំគួរបន្តរត់ទៀតនោះទេ។
គណៈកម្មាធិការម៉ារ៉ាតុងភ្នំពេញ សង្កត់ធ្ងន់ថា៖«សូមមេត្តាអនុវត្តតាមការណែនាំដើម្បីឱ្យព្រឹត្តិការណ៍រត់ប្រណាំងនេះបានល្អប្រសើរស្របតាមស្តង់ដាអន្តរជាតិ ដែលពិធីនេះត្រូវបានទទួលស្គាល់ដោយអង្គការម៉ារ៉ាតុងពិភពលោករួចមកហើយ»៕