
អ្នកចូលរួមក្នុងពិធីបិទគម្រោង PURSEA នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅថ្ងៃទី៨ ខែមិថុនា ។ រូបថត AUF Cambodge
ភ្នំពេញៈ រយៈពេល ៣ ឆ្នាំគិតចាប់ពីឆ្នាំ ២០២០ មក ក្រុមការងារគម្រោងកែលម្អសាកលវិទ្យាល័យនៅអាស៊ីអាគ្នេយ៍ PURSEA បានសម្រេចនូវសកម្មភាពជាច្រើន ដែលអាចឱ្យសាកលវិទ្យាល័យនានា ក្នុងនោះកម្ពុជាមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទទួលផលពីគម្រោង ដោយអាចកំណត់នូវអាទិភាព កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការ ច្រើនឆ្នាំរបស់ខ្លួន។
តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការបូកសរុបលទ្ធផល និងពិធីបិទគម្រោង PURSEA នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថ្ងៃទី៨ ខែមិថុនា នេះបានឱ្យដឹងថា កម្មវិធីជាច្រើនបង្ហាញនូវសកម្មភាពចុងក្រោយនៃគម្រោងកែលម្អសាកលវិទ្យាល័យនៅអាស៊ីអគ្នេយ៍ ដែលស្ថិតក្នុងគម្រោង ERASMUS+ ឧបត្ថម្ភជាហិរញ្ញប្បទាន ដោយសហគមន៍អឺរ៉ុបសម្រាប់រយៈពេលពីឆ្នាំ២០២០ ដល់២០២៣។
ប្រភពបន្តថា ក្នុងអំឡុងពេលនោះ តាមរយៈសិក្ខាសាលាជាច្រើន និងការដឹកនាំពីដៃគូអឺរ៉ុប សាកលវិទ្យាល័យប្រទេសវៀតណាម និងកម្ពុជាបានធ្វើការពិសោធនូវយុទ្ធសាស្ត្រមួយចំនួន ពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ការស្រាវជ្រាវ ការបង្រៀនតាមអនឡាញ ឬទំនាក់ទំនងសាកលវិទ្យាល័យ និងដកស្រង់បទពិសោធន៍ដ៏មានតម្លៃជាច្រើន។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«ប្រសិនបើគម្រោងនេះរីកចម្រើនក្នុងជំហានដំបូងនៅប្រទេសវៀតណាម និងកម្ពុជា នោះគឺប្រទេសទាំងឡាយនៅអាស៊ីអាគ្នេយ៍នឹងទទួលផលពីគម្រោងនេះ»។
ប្រភពដដែលបន្តថា មានការរៀបចំការបណ្ដុះបណ្ដាលខុសៗគ្នាជាច្រើន ឆ្លើយតបនឹងតម្រូវការរបស់ដៃគូ ក្នុងតំបន់អាស៊ី រួមមាន ប្រព័ន្ធព័ត៌មានសម្រាប់ការសម្រេចចិត្ត ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហានិភ័យ ការផ្តល់តម្លៃលទ្ធផលវិទ្យាសាស្ត្រ គំរូភាពវាយតម្លៃគ្រឹះស្ថានឧត្តមសិក្សា និងកម្មវិធីបណ្តុះបណ្តាល។
គម្រោង PURSE ចាប់ផ្តើមនាខែកម្ភៈ ឆ្នាំ២០២០ ក្នុងគោលបំណងពង្រឹងសមត្ថភាពអភិបាលកិច្ចសាកលវិទ្យាល័យសម្រាប់សាកលវិទ្យាល័យចំនួន៨ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈអ្នកជំនាញជាដៃគូមកពីអឺរ៉ុប រួមមានបារាំង បែលហ្ស៊ិក និងអាល្លឺម៉ង់។
ដៃគូអាស៊ីបានទទួលការបណ្តុះបណ្តាលអំពីវិធីសាស្ត្រកសាងគម្រោង និងបង្កើតចេញជាគម្រោងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍនិងផែនការសកម្មភាពនៃសាកលវិទ្យាល័យ។
ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ការផ្លាស់ប្តូរចំណេះដឹង ការគាំទ្រ និងការផ្លាស់ប្ដូរជំនាញរវាងស្ថាប័នជាដៃគូនៃគម្រោងត្រូវបានរៀបចំធ្វើឡើង តាមរយៈសិក្ខាសាលា និងការបណ្ដុះបណ្ដាលខុសៗគ្នាជាច្រើនតាមអនឡាញ និងដោយផ្ទាល់នៅប្រទេសវៀតណាម កម្ពុជា បារាំង និងនៅប្រទេសបែលហ្ស៊ិក។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះបានឱ្យដឹងទៀតថា ក្នុងសិក្ខាសាលានាថ្ងៃទី៦ និង៧ ខែមិថុនា ឆ្នាំ២០២៣ តំណាងស្ថាប័នជាសមាជិកនៃគម្រោងនឹងធ្វើការបូកសរុបរួមគ្នានូវសកម្មភាពទាំងឡាយ ដែលបានដឹកនាំ និងពិភាក្សាគ្នាស្តីអំពីទស្សនវិស័យថ្មីៗនៃគម្រោង។
គណៈកម្មការដឹកនាំក៏បានបង្ហាញដល់សាធារណជនផងដែរ នូវសៀវភៅមគ្គុទ្ទេសក៍ដឹកនាំសម្រាប់ការកំណត់ និងដាក់ឱ្យដំណើរការផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រឹះស្ថានឧត្តមសិក្សា និងស្រាវជ្រាវ (Guide PURSEA) ដែលជាលទ្ធផលនៃការសហការរួមគ្នា ជាលក្ខណៈពហុជំនាញ និងអន្តរជាតិហ្វ្រង់កូហ្វូរបស់អ្នកជំនាញ មកពីគ្រប់គ្រឹះស្ថានជាដៃគូនៃគម្រោង។
ប្រភពបញ្ជាក់ថា៖«មគ្គុទ្ទេសក៍នេះមានគោលបំណងពង្រឹងសមត្ថភាពដឹកនាំគ្រឹះស្ថាន ឧត្តមសិក្សានិងស្រាវជ្រាវ ក្នុងការកំណត់និងការដាក់ឱ្យដំណើរការផែនការយុទ្ធសាស្ត្រតាមបរិបទការប្រតិបត្តិដោយផ្ដោតលើឆន្ទៈនយោបាយស្វ័យភាវូបនីយកម្មនៃគ្រឹះស្ថាននានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។
ម្យ៉ាងទៀត សមាជិកនៃសន្និសីទថ្នាក់តំបន់នៃសាកលវិទ្យាធិការមកពីគ្រឹះស្ថានជាសមាជិក AUF ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក (CONFRASIE) ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយមគ្គុទ្ទេសក៍ទៅដល់សាកលវិទ្យាល័យនានាផ្សេងទៀតក្នុងតំបន់៕