
ផលិតផលសាច់ជ្រូកបង្កកជាង ៥០០ គីឡូក្រាមត្រូវបានដុតកម្ទេចចោល។ រូបថត Sao Eary
បន្ទាយមានជ័យៈ ផលិតផលសាច់ជ្រូកបង្កកសរុបចំនួន ២០ កេះស្មើនឹង ៥៤០ គីឡូក្រាមត្រូវបានកម្លាំងជំនាញដុតកម្ទេចចោលនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីពិនិត្យឃើញថាផលិតផលទាំងនោះមានការប្រែប្រួលសភាពដើមនឹងមានក្លិនស្អុយ។
យោងតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យបានឱ្យដឹងថាក្រុមអន្តរាគមការិយាល័យ បានឃាត់ចាប់រថយន្តតាក់ស៊ី ១ គ្រឿងម៉ាកស៊ីណា ចង្កូតឆ្វេងពាក់ស្លាកលេខ ភ្នំពេញ 2AW-7175 មានផ្ទុកផលិតផលសាច់ជ្រូកបង្កកសរុបចំនួន ២០ កេះ ស្មើនឹង ៥៤០ គីឡូក្រាម នៅចំណុចជិតផ្សារបន្ទាយនាង ស្ថិតក្នុងភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី នាថ្ងៃទី៧ ខែមិថុនា។
បើតាមការបញ្ជាក់ពីតៃកុងរថយន្តតាក់ស៊ីឈ្មោះ សែម វិឆ័យ ភេទប្រុស អាយុ ៣៦ បានឱ្យដឹងថា ការដឹកជញ្ជូននេះ គឺគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ បន្ទាប់មក មន្រ្តីជំនាញ បាននាំយករថយន្តល្មើស និងវត្ថុតាងខាងលើ មកកាន់ការិយាល័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត។ ប៉ុន្តែដល់ថ្ងៃទី៨ ខែមិថុនា ដោយពិនិត្យឃើញថាផលិតផលទាំងនោះមានការប្រែប្រួលសភាពដើមនឹងមានក្លិនស្អុយហើយ ទើបមន្ត្រីជំនាញធ្វើការដុតកម្ទេចចោលតែម្តង៕