ភ្នំពេញៈ យុទ្ធនាការ​“ ១ ម៉ឺនរៀល ១ ម៉ឺននាក់”​ទទួលបាន​ថវិកា​បរិច្ចាគ​រហូត​ដល់ជាង ៨៣ ម៉ឺនដុល្លារ​ពីសប្បុរសជន​ក្នុងរយៈពេល​ត្រឹមតែ ៦ ថ្ងៃ​ដំបូង​ប៉ុណ្ណោះ នៃយុទ្ធនាការ​ពេញមួយ​ខែមិថុនា​រយៈពេល ៣០ ថ្ងៃ។ នេះបើយោង​តាម​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នាថ្ងៃ​ទី៨​ខែមិថុនា​នេះ។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បានបញ្ជាក់​ថា ត្រឹមតែ​រយៈពេល ៦ ថ្ងៃ​ដំបូង នៃ​យុទ្ធនាការ “ ១ ម៉ឺនរៀល ១ ម៉ឺននាក់” សម្រាប់​កុមារ​កម្ពុជា មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ បានទទួល​ថវិកា​បរិច្ចាគ​រហូត​ដល់ជាង ៨៣ ម៉ឺនដុល្លារ​អាមេរិក ពីសប្បុរសជន​ជាង ១៨ ម៉ឺននាក់។ នេះ​សបញ្ជាក់​ពី​ទឹកចិត្ត និង​ស្មារតី “ខ្មែរ​ជួយ​ខ្មែរ” កំពុងតែ​ផុលផុស និង​រស់រវើក​ក្នុង​ចំណោម​ពុកម៉ែ​បងប្អូន​ខ្មែរ​យើង​នៅ​គ្រប់​ទិសទី។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា​សូមថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុរស​របស់​ពុកម៉ែ​បងប្អូន និង​សូម​អំពាវនាវ​ឱ្យបន្ត​ចូលរួម​ជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដើម្បី​រួមគ្នានាំ​ភាពញញឹម​ដល់​កុមារ​ដែលជា​អនាគត​ដ៏ភ្លឺ​ស្វាង​របស់​កម្ពុជា។

យុទ្ធនាការ​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃទី១ (ដែលជា​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ) ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ នៅថ្ងៃ​ដំបូង មូលនិធិ​គន្ធបុប្ផា​កម្ពុជា បានទទួល​ថវិកា​បរិច្ចាគ​ជាង ៥២ ម៉ឺនដុល្លារ​អាមេរិក ​តាម​យុទ្ធនាការ“ ១ ម៉ឺនរៀល ១ ម៉ឺននាក់”​សម្រាប់​កុមារ​កម្ពុជា​នេះ​ពី​សប្បុរសជន​ជាង ១២ ម៉ឺននាក់៕