ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ជា​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ដោយ​ព្យាករ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី​នៃ​អាណត្តិ​ទី​៧ អាច​នឹង​ចាប់កំណើត​ឡើង​នៅ​អំឡុង​ចុង​​ខែសីហា បើសិន​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី ​២៣ ខែកក្កដា ឆ្នាំ ​២០២៣ ប្រព្រឹត្ត​ទៅដោយ​រលូន​ដូច​ការគ្រោងទុក​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ចំនួន ១៨ ០០០​ នាក់ នៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​ ៨ ខែមិថុនា ឆ្នាំ ២០២៣ លោក​ ហ៊ុន សែន ថ្លែងថា​៖ «​តាម​ការ​ព្យាករ រាជ​រដ្ឋា​ភិ​បាល​កម្ពុ​ជាថ្មី​អាច​នឹងត្រូវ​ចាប់កំណើត​នៅ​ដំណាច់​ខែសីហា (​នោះ​)​ បើ​គ្មាន​ការបោះឆ្នោត​នៅ​កន្លែង​ណាមួយ​ឡើងវិញ​ទេ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​សម្រេច ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រេច គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​លទ្ធផល​ផ្លូវការ និង​ប្រកាស​បេក្ខជន​ជាប់ឆ្នោត ព្រះ​មហាក្សត្រ​អាច​កោះប្រជុំ​សភា​បាន​ហើយ តាម​ការ​ព្យាករ​អាច​នៅ​ថ្ងៃទី​ ៣០ សីហា ហើយ​ថ្ងៃទី​ ៣១ អាចបង្កើត​រដ្ឋាភិបាល​បាន​ហើយ​»​។​

​លោកថ្លែង​ទៀតថា នៅសល់តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ ដែល​រដ្ឋាភិបាល​ថ្មី​ត្រូវ​បង្កើតឡើង ហើយ​លោក​ជឿជាក់ថា គណ​បក្ស​ប្រជាជន​កម្ពុជា​ដែលមាន​និមិត្តសញ្ញា​ទេវតា​បាចផ្កា នឹង​នៅ​ជាមួយ​ប្រជាជន​កម្ពុជា​ជា​និច្ច​។​ក្រៅពីនោះ លោក​ហ៊ុន​ សែន អះអាងថា ប្រទេស​កម្ពុជា ជា​ប្រទេស​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ​ច្បាស់លាស់​និង​ទៀងទាត់​បើ​ធៀប​នឹង​ប្រទេស​មួយចំនួន​ដែល​កម្ពុជា​មិនដែល​រំលាយ​សភា​មុន​អាណត្តិ​ឡើយ បើ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​។

​ជាមួយគ្នានេះ លោក​អំពាវ​នាវ​ជាថ្មី​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ដែលមាន​ឈ្មោះ​បោះឆ្នោត ទៅ​ចូលរួម​បោះឆ្នោតជាតិ​ខាងមុខ​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពល​រដ្ឋ​និង​លទ្ធិប្រជាធិបតេយ្យ​។​

​លោក រ៉ូ វណ្ណៈ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​នៅ​បន្ត​ឈ្នះឆ្នោត​កាន់អំណាច​នៅ​អាណត្តិ​ក្រោយ​យ៉ាង​ប្រាកដ ព្រោះ​អវត្តមាន​គណបក្សប្រឆាំង ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គ្រប់គ្រង​យ៉ាង​ណែន​ចំពោះ​ស្ថាប័នរដ្ឋ និង​នៅតាម​មូលដ្ឋាន​។​

​លោកថ្លែងថា​៖ «​ការ​ទាត់​ចោល​គណបក្សជំទាស់​ចេញពី​សង្វៀន​នយោបាយ មិនមែនជា​មោទនភាព​និង​មុខមាត់​របស់​ប្រទេសជាតិ និង​ធ្វើឱ្យ​ប្រជា​ធិ​ប​តេ​យ្យ​ដំណើរ​ការល្អ​នោះទេ​»​។​

​លោកថ្លែង​ទៀតថា វត្ត​មាននៃ​គណបក្សជំទាស់​នៅក្នុង​ការ​​ប្រកួតប្រជែង​នយោបាយ​ជា​រឿង​សំខាន់ ដើម្បី​រក្សា​នូវ​នី​ត្យា​​នុកូលភាព​អំណាច ជាពិសេស​សម្រាប់​យន្តការ​រដ្ឋសភា​ដើម្បី​មាន​តុល្យភាព​អំណាច​ជាមួយ​គណបក្សកាន់អំណាច ដែល​សម្រាប់​នាំមក​នូវ​ប្រយោជន៍​ប្រជាពលរដ្ឋ​។​

​លោក យង់ ពៅ អគ្គលេខា​ធិ​​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា គណបក្ស​ប្រជាជន​​កម្ពុជា​នឹង​នៅ​បន្ត​ឈ្នះឆ្នោត នៅ​ខែកក្កដា​នេះ ហើយ​ក្រោយ​ការ​​បោះឆ្នោត​រួច អាច​នឹង​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដូច​ការ​គ្រោងទុក​របស់លោក​ហ៊ុន សែន​។​

​លោក​​ យង់ ពៅ ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ អាណត្តិ​ថ្មី​ទី​៧ នេះ​នឹង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល (​ហើយ​)​ ដរាបណា​ប្រទេសជាតិ​នៅ​បន្ត​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​យល់ថា សង្គម​នឹង​បន្ត​មាន​ស្ថិរ​ភាពល្អ មាន​សណ្តាប់ធ្នាប់​សង្គម​ល្អ ដែល​អាច​បើកផ្លូវ​ដល់​ដំណើរការ​កសាង​និង​អភិវឌ្ឍន៍​ជាតិ​»​។​

​សម្រាប់​អវត្តមាន​របស់​គណ​បក្ស​ភ្លើងទៀន​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំនេះ​វិញ លោក ​យង់​ ពៅ ក៏បាន​ថ្លែង​ដោយ​សំណូមពរ​ឱ្យ​អ្នកវិភាគ អ្នកនយោបាយ ជាពិសេស​បរទេស​ឱ្យ​ពិចារណា​ចៀសវាង​យកមក​វែកញែក​ដើម្បី​រាំងស្ទះ​ដល់​ដំណើរ​ការបោះ​ឆ្នោត និង​ការបង្កើត​រដ្ឋាភិបាល​អាណ​ត្តិ​ថ្មី ព្រោះ​វា​ជា​កំហុស​របស់​សាមី​គណបក្ស​នោះ​ក្នុងការ​ចុះបញ្ជី​ឈរឈ្មោះ​។​

​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២៣ កក្កដា ឆ្នាំ​ ២០២៣ ដោយមាន​គណ​​បក្សនយោបាយ​សរុប​ចំនួន​ ១៨ ចូលរួម​ការប្រកួតប្រជែង​៕