កំពង់ឆ្នាំងៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ជា​សាធារណៈ កុំឱ្យ​មានការ​រើស​អើ​ង​ទៅដល់​ស្ត្រី​ដែល​ធ្វើការ​នៅក្នុង​សេវា​កម្សាន្ត ដែល​ពួកគាត់​មានការ​តស៊ូ​ ដើម្បី​ជីវភាព​ប្រចាំថ្ងៃ ខណៈដែល​មន្ត្រី​សហជីព​ក៏បាន​ស្នើឱ្យ​អាជ្ញា​ធរមាន​វិធានការ​ទៅលើ​អ្នក​ដែល​រើសអើង ឬ​បៀត​បៀ​ន​ដល់​ស្ត្រី​ទាំងនោះ​ផងដែរ​។​

​លោក​បានលើកឡើង​ដូចនេះ កាលពី​ថ្ងៃទី​ ៨ ខែមិថុនា ឆ្នាំ​ ២០២៣ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​សរុប​ចំនួន ១៨ ០៩៥ ​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​ ៥ ក្នុងស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

​លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ក៏​សូម​អំពាវនាវ​កុំឱ្យ​មានការ​រើសអើង​ចំពោះ​ស្ដ្រី​ដែល​បម្រើ​ការងារ​នៅ​កន្លែង​ផ្ដល់​សេ​​វា​កម្សាន្ត​នានា​។ សុំ​កុំ​រើសអើង ពួកគាត់​ក៏​ជា​មនុស្ស​ដូច​យើង​ដែរ ហើយ​ពេលខ្លះ​គាត់​ធ្វើការ​នៅ​កន្លែង​បម្រើសេវា​កម្សាន្ត ប៉ុន្តែ​ថ្ងៃ​ពួកគាត់​ពាក់អាវ​កាកបាទ​ក្រហម​បម្រើ​ការងារ​សង្គម​។ ដូច​នេះ សុំ​កុំ​មើលថា អ្នក​ដែល​ធ្វើការ​ងារ​នៅ​កន្លែង​កម្សាន្ត​ពេល​យប់ សុទ្ធតែ​មិនល្អ គឺ​មិនមែន​ទេ ធ្វើ​អ៊ីចឹង​គឺ​វា​ខុស​»​។

​នាឱកាស​នោះដែរ លោក ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​ភរិយា​អភិបាលខេត្ត និង​អភិបាលរង​ខេត្ត​ជា​ស្ដ្រី​ធ្វើជា​ប្រធាន​ក្នុងការ​គ្រប់គ្រង​ដល់​ស្ដ្រី​បម្រើ​ការងារ​នៅតាម​ទីតាំង​កម្សាន្ត​នេះ​តែម្តង ដើម្បី​ចូលរួម​ជួយ​ដោះស្រាយ​ទុក្ខលំបាក​នានា​របស់​ពួកគាត់​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​! សុំ​កុំឱ្យ​មានការ​រើស​​អើ​ង​។ កែវភ្នែក​របស់​យើង​កុំ​សម្លឹង​ថា អ្នកចម្រៀង អ្នកសិល្បៈ ឬ​អ្នកផ្សេងៗ​ថា ជា​ស្ត្រី​មិនល្អ គឺ​មិន​អ៊ីចឹង​ទេ តែ​ដោយសារតែ​តម្រូវ​​ការ​ជីវភាព​ឱ្យធ្វើ​អ៊ីចឹង​»​។​

​ជុំវិញ​ការលើកឡើង​របស់លោក ហ៊ុន សែន ​នេះដែរ លោកស្រី អ៊ូ ទេព​ផល្លី​ន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា គាំទ្រ​ទៅលើ​ការ​អំពាវនាវ​កុំឱ្យ​មានការ​រើសអើង​ទៅលើ​ស្ត្រី​ធ្វើការ​នៅ​សេវា​កម្សាន្ត​នេះ​។​

​ទន្ទឹមនឹង​នេះដែរ​លោក​ស្រី​ក៏​សំណូមពរ​ដែរ​ថា​៖ «​នៅពេល​ដែលមាន​អ្នកប្រព្រឹត្ត​អំពើហិង្សា​ឬ​មាន​សកម្មភាព​អំពើ​ណាមួយ​មិន​សមរម្យ​តាមរយៈ​ការរើសអើង​លើ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​កន្លែង​ធ្វើ​​ការ មិនឱ្យ​ស្ត្រី​ប្រើប្រាស់​សិទ្ធិ​ខ្លួន​ឯង​ក្នុងនាម​កម្មករ​ចងក្រង​សហ​ជីព នោះ​គឺ​សុំឱ្យ​ស្ថាប័នរដ្ឋ មិនត្រូវ​ព្រងើយកន្តើយ​ទេ​តែ​ត្រូវមាន​វិធាន​​កា​រលើ​ករណីនេះ​ផងដែរ​»​។​

​លោកស្រី អ៊ូ ទេព​ផល្លី​ន បាន​បញ្ជាក់ថា ពាក្យ​ថា រើសអើង ឬ​មាក់ងាយ​មិន​សំដៅលើ​តែ​ការងារ និង​មុខរបរ​ទេ ព្រោះ​ច្បាប់​ការងារ ក៏មាន​ចែង​ដែរ​ហើយ តែ​អ្វីដែល​ខាង​សហជីព​ចង់ឃើញ នោះ​គឺ​អ្នក​ដែល​ប្រព្រឹត្ត​អំពើហិង្សា ឬ​ការ​​បៀតបៀន​គឺ​មិនអាច​លើកលែង​បានឡើយ​។ លោកស្រី​បន្តថា៖ «​ចំពោះ​អ្នក ឬ​និយោជក ដែល​រើសអើង​ស្ត្រី ដែលមាន​ផ្ទៃពោះ ក៏​មិនត្រូវ​អត់ឱន​ឱ្យ​ដែរ​»​។​

​សូម​រំឭក​ផងដែរ​ថា ក្នុង​មហា​សន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​ប្រជាជន នៅ​វិមាន ៧​ មករា កាលពី​ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣ ​លោក ហ៊ុន សែន បានសម្រេច​ផ្តល់​មេធាវី​ការពារ​ផ្លូវច្បាប់​ចំពោះ​ស្ត្រី​​បម្រើសេវា​កម្សាន្ត​នៅ​ទូទាំង​ប្រ​​ទេស​ដើម្បី​ការពារ​សិទ្ធិ​ស្រី្ត​ដែល​បម្រើ​ការងារ​ក្នុង​វិស័យនេះ​ខណៈដែល​ស្ត្រី​មួយចំនួន​តែង​រង​ការ​បៀតបៀន​៕