
អាជ្ញាធរជាតិអប្សរា និងប្រទេសនូវែលសេឡង់ចុះ MoU លើគម្រោងគ្រប់គ្រងទឹក ក្នុងរមណីយដ្ឋានអង្គរ ដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ រូបថត អាជ្ញាធរជាតិអប្សរា
សៀមរាបៈ អាជ្ញាធរជាតិអប្សរា និងក្រសួងការបរទេស និងពាណិជ្ជកម្មក្រៅប្រទេសរបស់នូវែលសេឡង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើភាពជាដៃគូអំពីគម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ចនាថ្ងៃទី៩ខែមិថុនានេះ។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានធ្វើឡើងរវាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Jonathan KINGS ឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។
យោងតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ចនេះ នឹងផ្អែកលើរយៈពេលនៃការអនុវត្តរយៈពេល ៥ ឆ្នាំ ដែលចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨។ អាជ្ញាធរជាតិអប្សរា បានចាត់ទុកថា គម្រោងនេះ ពិតជាមានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់ជួយឱ្យការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តសម័យបុរាណកាន់តែមានប្រសិទ្ធភាពដើម្បីបញ្ចៀសទឹកជំនន់នៅក្នុងតំបន់សៀមរាប-អង្គរ ការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាពធនធានមនុស្សជាដើម។
គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច ជាគម្រោងទី៤ហើយដែលប្រទេសនូវែលសេឡង់បានសហការរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា។ ក្នុងនោះត្រូវបានអនុវត្តជាបន្តបន្ទាប់មានដូចជា៖ ទី១ គម្រោងរៀបចំផែនការគ្រប់គ្រងរមណីយដ្ឋានអង្គរ (Angkor Management Plan) ទី២ គម្រោងកម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍ (Angkor Participatory Natural Resource Management & Livelihoods) ហៅកាត់ថា APNRM&L និងទី៣ គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គ (Angkor Community Heritage and Economic Advancement) ដែលហៅកាត់ថា ACHA៕