
លោក ស ខេង នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល។ រូប Sar Kheng page
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកទ្រឹស្តី បទពិសោធន៍ជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
លោក ស ខេង បានលើកឡើងដូចនេះនៅលើគណនីហ្វេសប៊ុកក្នុងឱកាសដែលលោកធ្វើជាអធិបតីសម្ពោធសមិទ្ធផលថ្មីៗ និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ដែលមានសិស្សនគរបាលជយលាភីចំនួន ១៨៥ នាក់នៃសាលានគរបាលជាតិភូមិភាគ ២ ខេត្តកំពង់ចាមនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣។
ពិធីនេះក៏មានការចូលរួមពីលោក ស្តេហ្វេន អេនតុន មេសសេរើ (Stefan Anton Messerer) ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អភិបាលខេត្តពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
ឧបនាយករដ្ឋមន្ត្រី ស ខេង បានថ្លែងថា ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងផ្តល់សេវាសាធារណៈបានល្អក្នុងការបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានេះលោកបានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិភូមិភាគ ២ និងសាលានគរបាលនៅភូមិភាគផ្សេងៗទៀតក្នុងពេលជាមួយគ្នា ដោយសារតែគំនិតដឹកនាំនិងច្នៃប្រឌិតខ្ពស់របស់ថ្នាក់ដឹកនាំបណ្ឌិត្យសភា។
លោកបានបន្តថា៖ «ការវិវឌ្ឍរីកចម្រើននេះបានឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលនគរបាលជាតិក្នុងយុគសម័យនៃសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
បន្ថែមពីនេះលោក ស ខេង ថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជយលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ។លោកក៏បានផ្តាំដល់សិស្សនគរបាលជយលាភីទាំងអស់យកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាព និងសង្គមជាតិ។
លោក រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ ២ បានរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាល ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានារបស់សាលានគរបាលជាតិភូមិភាគ ២។ លោកបានឱ្យដឹងថាសមិទ្ធផលសំខាន់ៗដែលត្រូវបានដាក់សម្ពោធនាឱកាសនោះ រួមមាន ផ្លូវបេតុងប្រវែង ២ ០៣០ ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៥៥០ ម៉ែត្រ គំនូស និងស្លាកសញ្ញាចរាចរណ៍អគារស្នាក់នៅ ១ ខ្នង ទូដាក់សម្ភារចំនួន ១៦០ ទូ និងគ្រែដេក ២ ជាន់ចំនួន ៨០ គ្រែ។
ឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ដែលបាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជានិយាយជារួម និងដោយឡែកជាមួយក្រសួងមហាផ្ទៃ ក្នុងនោះក៏មានកិច្ចសហប្រត្តិការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យនគរបាលផងដែរ៕