
រដ្ឋបាលខេត្តបាត់ដំបង នឹងចាត់មន្រ្តីជំនាញពិភាក្សាជាមួយដៃគូអន្តរជាតិ លើគម្រោងកសាងស្ថានីយប្រព្រឹត្តិកម្មគ្រប់គ្រងភក់បង្គន់។ រូបថត រដ្ឋបាលខេត្តបាត់ដំបង
រដ្ឋបាលខេត្តបាត់ដំបង នឹងចាត់មន្រ្តីជំនាញធ្វើកិច្ចការងារជាមួយដៃគូអន្តរជាតិ ដើម្បីសិក្សាឱ្យបានស៊ីជម្រៅពាក់ព័ន្ធទៅនឹងគម្រោងកសាងស្ថានីយប្រព្រឹត្តិកម្មគ្រប់គ្រងភក់បង្គន់ និងការអភិវឌ្ឍក្រុងបាត់ដំបងឱ្យក្លាយជាទីក្រុងឆ្លាតវៃ (Smart City) ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
គម្រោងចាត់មន្រ្តីជំនាញនេះ ធ្វើឡើងនាឱកាសលោក សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) តាមរយៈអនឡាញ ដើម្បីពង្រឹងទំនាក់ទំនង និងពិភាក្សាការងារសម្រាប់ការអនុវត្តគម្រោងផ្សេងៗក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៣។ នេះបើតាមរដ្ឋបាលខេត្តបាត់ដំបង។
បន្ទាប់ពីបានស្ដាប់ និងទស្សនាការធ្វើបទបង្ហាញរបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លោក សុខ លូ បានសម្ដែងនូវចំណាប់អារម្មណ៍នៃគម្រោងកសាងស្ថានីយប្រព្រឹត្តិកម្មគ្រប់គ្រងភក់បង្គន់ ដែលជាគម្រោងធ្លាប់បានកសាងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបរួចមកហើយ ព្រោះស្ថានីយគ្រប់គ្រងភក់បង្គន់ អាចផ្ដល់ផលប្រយោជន៍ជាច្រើនដល់ខេត្តបាត់ដំបង។
ក្នុងនោះដែរលោក សុខ លូ ក៏បានបង្ហាញនូវចំណាប់អារម្មណ៍នៃគម្រោងផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍក្រុងបាត់ដំបងជាទីក្រុងឆ្លាតវៃ Smart City និងការរៀបចំទីក្រុងបាត់ដំបងប្រកបដោយអភិបាលកិច្ចល្អ និងមានចីរភាព។
លោកបានលើកឡើងថា៖« ចំពោះការគ្រប់គ្រងភក់បង្គន់នេះជារឿងរ៉ាវដែលថ្មីរបស់រដ្ឋបាលខេត្តបាត់ដំបង ដោយយើងត្រូវការអ្នកជំនាញលើផ្នែកនេះ ដូចនេះរដ្ឋបាលខេត្ត នឹងធ្វើការចាត់មន្រ្ដីជំនាញដើម្បីធ្វើការទំនាក់ទំនង និងធ្វើកិច្ចការងារជាមួយសមាគម AIMF ដើម្បីបន្តនិរន្តរភាពជាមួយគ្នា និងដើម្បីធ្វើការសិក្សាឱ្យបានស៊ីជម្រៅពាក់ព័ន្ធទៅនឹងផ្នែកនេះ និងផ្នែកផ្សេងៗទៀត»។
លោក សុខ លូ ក៏បានបន្តទៀតថា រដ្ឋបាលខេត្តបាត់ដំបងក៏កំពុងព្យាយាមអភិវឌ្ឍន៍ទីក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ Smart City ដើម្បីកាន់តែធ្វើឱ្យទីក្រុងបាត់ដំបងធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្ត និងអ្នកវិនិយោគឱ្យកាន់តែច្រើនឡើងៗ៕