កណ្តាលៈ រដ្ឋមន្ត្រីក្រសួង​សា​ធា​​រណការ និង​ដឹកជញ្ជូន​ លោក ស៊ុន​ ចាន់ថុល បាន​លើកឡើងថា រាជ​រដ្ឋា​ភិ​បាល​បាននិងកំពុង​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​នៅ​តា​មូលដ្ឋាន​កាន់​តែមាន​សក្តានុពល និយាយ​ជារួម និង​និយាយ​ដោយឡែក ជួយ​ឱ្យ​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​កាន់តែ​មានកា​រ​រីកចម្រើន​។​

​ការលើកឡើង​ដូចនេះ​ធ្វើឡើង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពានបេតុង​សរសៃដែក ប្រវែង​ ៧២ ​ម៉ែត្រ ទទឹង ​៦,៦០ ​ម៉ែត្រ ស្ថិតនៅ​ភូមិ​ទួលស្លែង ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្តាល ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កោះធំ មន្ត្រី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ ៥០០​ នាក់​នៅ​ថ្ងៃទី ​៨ ខែមិថុនា ឆ្នាំ​ ២០២៣​។

​ថ្លែង​ក្នុង​មតិ​សំណេះសំណាល​នាឱកាស​នោះ​លោក ស៊ុន​ ចាន់ថុល បាន​ជម្រាបជូន​ពី​សមិទ្ធផល​សំខាន់ៗ​ដែល​រាជរដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ពិសេស​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នៅក្នុង​ស្រុក​កោះធំ ដែល​បានធ្វើឱ្យ​ស្រុក​នេះ​បាន​កែប្រែ​មុខមាត់​ប្រកបដោយ​មោទនភាព​។

​បន្ថែម​ពីលើ​នេះ​លោក បានបង្ហាញ​ពី​សមិទ្ធផល​ថ្មី​មួយ​ក្នុងចំណោម​សមិទ្ធផល​ដទៃទៀត នៃ​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល សម្រាប់​ស្រុក​កោះធំ​នោះ​គឺ “​មន្ទីរពេទ្យ​តេ​ជោ​សែន​កោះធំ​” ដែលជា​មន្ទីរពេទ្យ​ទំនើប​ថ្មី​មួយ ដែល​បច្ចុប្បន្ន​បានសម្រេច​ការសាងសង់​ប្រមាណ​ជាង ៩៥% និង​ត្រៀម​បើក​ឱ្យ​ដំណើរការ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។

​លោក ស៊ុន ចាន់ថុល បញ្ជាក់ថា​៖ «​ក្រៅពី​ផ្លូវ​សេដ្ឋកិច្ច​សំខាន់ៗ​រាជរដ្ឋាភិបាល​ក៏បាន​បន្ត​យក​ចិត្ត​ទុកដាក់ លើ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ដទៃទៀត​យ៉ាងច្រើន​រួមមាន​ស្ពាន​ឆ្លងទន្លេ​បាសាក់ (​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​) កីឡដ្ឋាន​ស្រុក​កោះធំ និង​អាង​ហែល​ទឹក ផ្លូវ​បេតុង​តាម​បណ្ដា​ឃុំ​នានា​ក្នុងស្រុក ស្ពាន ប្រឡាយទឹក មណ្ឌល​សុខភាព វត្ត​អារាម ព្រមទាំង​មាន​ភ្លើង​សូ​ឡា​បំភ្លឺ​សងខាង​ផ្លូវ​ក្នុង​ឃុំ នៃ​ស្រុក​កោះធំ​ផងដែរ​»​។

​លោក​បន្ថែមថា ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង​ក្នុងស្រុក​កោះធំ បានធ្វើឱ្យ​ស្រុក​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម​មួយ​នេះ​កាន់​តែមាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច ដែល​អំណោយផល​ដល់​ការរស់នៅ និង​ការ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​របស់​ពលរដ្ឋ​។ ផ្លូវ​សេដ្ឋកិច្ច​សំខាន់ៗ​ក្នុងស្រុក​កោះធំ​មានដូចជា ផ្លូវជាតិ​លេខ​ ២១ ផ្លូវ​លេខ​ ១១០ ​ផ្លូវ​លេខ ​១២៩ និង​ផ្លូវជាតិ​លេខ​ ២៣ (​ចាប់ពី​ផ្លូវ​លេខ​ ១១០ សង្កាត់​ជ្រោយ​តាកែវ ទៅ​ស្រុក​លើកដែក ប្រវែង ១៩,៨៣ គ​.​ម​) ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​នាពេល​ឆាប់ៗ​នេះ​។

​ពាក់ព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុង​ឆ្នាំ​ ២០២២ បាន​ថ្លែងថា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព ទាំង​ផ្លូវថ្នល់ និង​ស្ពាន​ជាច្រើន​ខ្សែ​បន្ថែមទៀត​រួមទាំង​ផ្លូវ​ល្បឿន​លឿន គឺ​ដើម្បី​បម្រើឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។

​លោក​ថា​៖ «​រាជរដ្ឋាភិបាល​ក៏​នៅតែ​បន្ត​ចាត់ទុក​និង​ផ្តល់​អាទិភាព​ដល់​ការ​អភិ​វ​ឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​។ ដោះស្រាយ​បញ្ហា​នេះ​បាន​យើង​កាត់បន្ថយ​ការលំបាក​របស់​ប្រជា​ជន ហើយ​កាត់បន្ថយ​ការលំបាក​នោះ​ហើយ​ចង់​សំដៅថា កាត់បន្ថយ​ភាពក្រីក្រ​ក្នុងចំណោម​ប្រជាជន និង​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ប្រជាជន​របស់​យើង​»​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក ស៊ុន ចាន់ថុល ​បាន​ជម្រាបជូន​ពី​វឌ្ឍនភាព នៃ​ការអភិវឌ្ឍ​វិស័យ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ធំៗ​ក្នុងប្រទេស​រួមមាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែលជា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ប្រវត្តិសាស្ត្រ​លើកដំបូង​ក្នុងប្រទេស​កម្ពុជា​។

​គម្រោង​ផ្លូវ​ល្បឿន​​លឿន​ភ្នំពេញ​-​បាវិត ដែល​បាន​បើក​កា​រដ្ឋា​ន​កាលពី​ព្រឹក​ថ្ងៃទី​ ៧ ខែមិថុនា គម្រោង​សិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀមរាប​-​ប៉ោយប៉ែត ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចុះ​​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) កាលពី​រសៀល​ថ្ងៃទី​ ៧ ខែមិថុនា ឆ្នាំ​ ២០២៣៕