លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដោយទទូចដល់ម្ចាស់បុរី មេត្តាយោគយល់ចំពោះអ្នកដែលបានទិញផ្ទះបង់រំលោះ ប៉ុន្តែមិនមានលទ្ធភាពបង់ប្រាក់បន្តតាមចំនួនកំណត់ ដោយបញ្ឈប់នូវសកម្មភាពការរឹបអូសផ្ទះ ហើយបង្វែរមកសម្រួលការបង់ប្រាក់ឡើងវិញ ខណៈលោកសង្កត់ធ្ងន់ថា ការរឹបអូសណាមួយមិនមែនជារឿងល្អសម្រាប់សេដ្ឋកិច្ចជាតិនោះទេ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ ពីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ៩ ខែមិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដោយទឹកមុខក្រៀមក្រំ និងសម្តែងការឈឺចាប់ជាមួយបងប្អូនដែលបានបង់រំលោះផ្ទះជាមួយបុរីដែលត្រូវបានគេរឹបអូសផ្ទះ បន្ទាប់ពីមិនមានលទ្ធភាពបង់បន្ត។
ជាមួយគ្នានេះ លោកបានយកឱកាសនោះផ្ញើសារទៅកាន់ម្ចាស់អចលនទ្រព្យ ដោយបានស្នើដោយទទូចចំពោះម្ចាស់បុរី ផ្តល់នូវការយោគយល់បែបនេះ សម្រាប់អ្នកដែលទិញផ្ទះ និងបានគូសបញ្ជាក់ថាការរឹបអូសណាមួយមិនមែនជារឿងល្អសម្រាប់សេដ្ឋកិច្ចជាតិ ហើយជាបញ្ហាសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។
លោកបន្តថា៖ «បញ្ឈប់ភ្លាមនូវសកម្មភាពរឹបអូស ហើយរៀបចំឥណទានឡើងវិញ ឯអ្នកដែលទិញក៏ត្រូវតែមានការទទួលខុសត្រូវ ត្រូវតែសងគេ គ្រាន់តែគេកាត់បន្ថយមួយខែសង ៥០០ មកត្រឹមសង ៣០០ ដុល្លារ ប៉ុន្តែត្រូវបង់។ កុំអាងតែឮនាយករដ្ឋមន្ត្រីនិយាយអ៊ីចឹង មិនខ្ចីបង់ ក៏អត់បានដែរ អ៊ីចឹង!ថៅកែពិនិត្យមើល ថាអាចឱ្យត្រឡប់ទៅវិញខ្លះទេ ព្រោះនេះជាការយកលុយប្រាក់គេទទេតែម្តង អាហ្នឹងវាដូចជាហួសហេតុពេក»។
លោក ហ៊ុន សែន បានផ្តល់ជាយោបល់ថា៖ «ឧទាហរណ៍ថាត្រូវបង់ប្រាក់ ១ ខែ ៥០០ ដុល្លារ រយៈពេល ១៥ ឆ្នាំ ឥឡូវយើងអាចរៀបចំឥណទានឡើងវិញតាមរយៈអូសបន្លាយពេលឱ្យបង់ប្រាក់ ប្រមាណ ៣៥០ ដុល្លារ រយៈពេល ២០ ឆ្នាំវិញ ធ្វើបែបនេះបញ្ចៀសបាននូវការរឹបអូសភ្លាមៗដែលវាជារឿងឈឺចាប់មួយសម្រាប់អ្នកទិញអចលនទ្រព្យ»។
ឧទាហរណ៍ថា ផ្ទះនោះតម្លៃ ៧ ម៉ឺនដុល្លារ បង់ប្រាក់បាន ៥ ម៉ឺនដុល្លារហើយ ស្រាប់តែមិនបានបង់ក្នុងមួយរយៈកាល គេរឹបអូស អ៊ីចឹង ៥ ម៉ឺនដុល្លារ ក៏ត្រូវបាត់ ផ្ទះក៏អត់នៅ វាជាការឈឺចាប់មួយដែលរាជរដ្ឋាភិបាល ត្រូវតែមានការគាំពារទាំងសងខាង។ លោក ហ៊ុន សែន បញ្ជាក់បន្ថែម។
ជាមួយគ្នានេះ លោកបានស្នើឱ្យជំនួយការរបស់លោកដែលទទួលបន្ទុកលើកិច្ចការវិនិយោគ ពិនិត្យមើលតាមដានបុរីណាខ្លះដែលបន្តធ្វើសកម្មភាពរឹបអូស។ លោកថា៖ «ខ្ញុំចង់ឱ្យមានការបូកសរុបឱ្យខ្ញុំមួយ តើក្នុងរយៈពេលកន្លងទៅអ្នកដែលគេរឹបអូសផ្ទះមានប៉ុន្មាន ខ្ញុំចង់ដឹង ហើយបុរីណាខ្លះរឹបអូស ហើយដាក់បញ្ជីយកមកឱ្យខ្ញុំ ធ្វើកិច្ចការងារនេះជាក់លាក់»។
បន្ថែមពីនេះលោក ស្នើឱ្យក្រុមហ៊ុនអចលនទ្រព្យ ដូចជាលោក លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ធ្វើការលើរឿងនេះ ជាមួយនឹងសមាជិកសមាគម និងតាមបុរីនានា។ លោកថា៖ «កុំថាមិនបានបង់ខែនេះ រឹបអូសក្នុងខែនេះ ដែលខ្ញុំទទួលបានព័ត៌មានខ្លះពិតឬមិនពិត គឺខ្ញុំមិនទាន់រកការបញ្ជាក់ទេ ប៉ុន្តែបើធ្វើបែបនេះគឺខូចខាតធ្ងន់ សេដ្ឋកិច្ចកម្ពុជានឹងដើរដល់ដំណាក់កាលមួយគ្រោះថ្នាក់ ហើយអ្នកគ្រោះថ្នាក់គឺអ្នកបង់រំលោះដែលត្រូវបានគេរឹបអូស»។
នាពិធីនោះដែរលោកនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យមើលបញ្ហានេះ ហើយផ្តល់ការណែនាំបន្ថែម ជាមួយនឹងបញ្ហាកុងត្រារវាងម្ចាស់បុរី និងអ្នកដែលទិញផ្ទះ៕