កែបៈ ក្រសួងបរិស្ថាន​បានលើកឡើង​ពី​សក្តានុពល​ខ្ពស់​សម្រាប់​ការអភិរក្ស​ជីវចម្រុះ នៃ​ឧទ្យាន​ជាតិ​កែប ដែលជា​បេះដូង​នៃ​ទី​ក្រុងកែប លាតសន្ធឹង​បត់បែន​ទៅតាម​ជួរ​ភ្នំ​។​

​ឧទ្យាន​ជាតិ​កែប ត្រូវបាន​បង្កើតឡើង​តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី ​១ ខែវិច្ឆិកា ឆ្នាំ​ ១៩៩៣ ឡាយព្រះហស្តលេខា​ដោយ​ព្រះបាទ​ន​រោ​ត្ដម សីហនុ ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប មាន​ផ្ទៃដី​ទំហំ ៥ ០០០​ ហិកតា​។

​បើតាម​ក្រសួងបរិស្ថាន ឧទ្យាន​ជាតិ​ដ៏​តូច​ច្រឡឹង​មួយ​នេះ មាន​ព្រំប្រទល់​ស្ថិតនៅ​ចម្ងាយ​តែ ប្រមាណ ៥០០​ម៉ែត្រ ពី​សាលា​ក្រុងកែប ឬក៏ ៣០០-៥០០ ​ម៉ែត្រ ពី​ឆ្នេរកែប និង​ផ្សារ​ក្តាម​តែប៉ុណ្ណោះ​។

​ឧទ្យាន​ជាតិ​កែប​នេះ​ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​កែប ដែលជា​ស្នូល ឬ​ជា​បេះដូង​នៃ​ខេត្ត​កែប ហើយ​ឧទ្យាន​នេះ លាតសន្ធឹង​បត់បែន​ទៅតាម​ជួរ​ភ្នំ​កែប​ទាំងឡាយ ដែល​អមដោយ​ដងផ្លូវ និង​ភូមិឋាន​ប្រជាជន​រស់នៅ​ស្ទើរតែ​ព័ទ្ធជុំវិញ​ទីនោះ​តែម្តង​។​

​ថ្វី​ដ្បិត​ឧទ្យាន​ជាតិ​កែប មាន​ផ្ទៃដី​តូច​ក៏ពិតមែន ប៉ុន្តែ​ឧទ្យាន​ជាតិ​កែប ក៏មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​ផងដែរ ដោយ​ឧទ្យាន​ជាតិ​នេះ​គ្របដណ្តប់​ដោយ​ព្រៃឈើ​ធម្មជាតិ ចម្រុះ​ប្រភេទ រួមទាំង​វត្ត​មាននៃ​ពពួក​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទាំង ពពួកសត្វ​ស្លាប ថនិកសត្វ ល្មូ​ន និង​ពពួក​ឧរង្គសត្វ​ផងដែរ​៕