
លោក ឡុង ឌីម៉ង់ (កណ្តាល) ក្នុងកិច្ចប្រជុំនៅក្រសួងបរិស្ថានកាលពីថ្ងៃទី ៨ មិថុនា។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញៈ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានសំណូមពរលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិចារណាលើការធ្វើនិរាករណ៍គម្រោងវិនិយោគដែលទទួលបានគោលការណ៍អនុញ្ញាតឱ្យអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ តែមិនមានសកម្មភាព ដើម្បីយកទីតាំងដែលមានសក្តានុពលទាំងអស់ត្រឡប់មកវិញ ទុកជូនក្រុមហ៊ុន ឬវិនិយោគិនដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រកបដោយមេត្រីភាពបរិស្ថាន ក្នុងគោលដៅចូលរួមលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងធ្វើពិពិធកម្មវិនិយោគិននៅក្នុងខេត្ត។
យោងតាមរដ្ឋបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានសំណូមពរបែបនេះ ខណៈលោកបានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យតាមដាន និងវាយតម្លៃ លើការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់និងធម្មជាតិខ្នាតតូច ទំហំក្រោម ១០ ហិកតា ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្រោមអធិបតីភាពលោក សាយ សំអាល់ នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី ៨ មិថុនា។
កិច្ចប្រជុំនេះបានរៀបចំក្នុងគោលបំណងពិភាក្សាអំពីបញ្ហាប្រឈម និងប្រមូលធាតុចូលនានាចូលពីក្រុមហ៊ុន និងម្ចាស់គម្រោងដែលទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល តែមិនទាន់មានសកម្មភាពអភិវឌ្ឍ ឬការអភិវឌ្ឍមានភាពយឺតយ៉ាវ។
ថ្លែងទៅកាន់អ្នកចូលរួមកិច្ចប្រជុំ លោករដ្ឋមន្ត្រីបរិស្ថានបានគូសបញ្ជាក់ថា ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជន និងឧត្តមប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ ដែលតំបន់ការពារធម្មជាតិទាំងអស់ គឺជាសសរកន្លោងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។
លោក សាយ សំអាល់ លើកឡើងថា ការការពារ និងអភិរក្សធនធានធម្មជាតិ គឺបង្កើនជម្រើសមុខរបរឱ្យសហគមន៍មានឱកាសគិតគូរពីប្រភពចំណូលផ្សេង ក្រៅពីការពឹងផ្អែកលើធនធានធម្មជាតិ ដូចជាការចិញ្ចឹមសត្វ ដាំដុះដំណាំជុំវិញផ្ទះ ដើម្បីធានាបាននូវសន្តិសុខស្បៀងសម្រាប់គ្រួសារ និងសហគមន៍។ នេះបើយោងតាមក្រសួងបរិស្ថាន៕