
ភ្នពេញៈ លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.) បានជួបពិភាក្សាការងារជាមួយនឹងប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក LI XIANG MING ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិនប្រចាំប្រទេសកម្ពុជានាថ្ងៃទី ៨ ខែមិថុនា ដើម្បីបង្កើនកិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងនៅថ្ងៃទី៩ខែមិថុនាថា ជំនួបពិភាក្សានេះធ្វើឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបតិ្តការទ្វេភាគីក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងណែនាំសមាសភាពមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនថ្មី ដែលត្រូវបានរដ្ឋាភិបាលចិន ចាត់តាំងមកបំពេញភារកិច្ចនៅប្រទេសកម្ពុជា ដើម្បីសហការតាមដាន ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀន ពាក់ព័ន្ធនឹងឧក្រិដ្ឋជនជាជនជាតិចិន។
លោកមាស វិរិទ្ធបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូភាគីមិត្តចិន ជាមួយនឹងការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធរវាងកម្ពុជា-ចិន ដែលជានិច្ចកាលភាគីចិនតែងតែជួយជ្រោមជ្រែងគាំទ្រដល់ប្រទេស និងប្រជាជនកម្ពុជា ទាំងស្មារតី សម្ភារ និងថវិកា។ ក្នុងនោះកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការងារមួយដែលត្រូវបានពង្រឹង និងលើកកម្ពស់ក្នុងក្របខ័ណ្ឌទ្វេភាគីកម្ពុជា-ចិន និងទទួលបានការជួយទំនុកបម្រុងទាំងបច្ចេកទេស សម្ភារ និងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជាប្រចាំពីសំណាក់ភាគីមិត្តចិន តាមរយៈគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀនចិន និងក្រសួងសន្តិសុខសាធារណៈចិន។
លោកមាស វិរិទ្ធបានបញ្ជាក់ថា៖«តាមរយៈកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធរវាងមន្ត្រីអនុវត្តច្បាប់កម្ពុជា-ចិន ជាពិសេស ការចាត់បញ្ជូនមន្ត្រីជំនាញផ្នែកតាមដាន ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនមកប្រចាំការនៅកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទទួលបានលទ្ធផលគួរជាទីមោទនៈ ដែលពួកខ្សែបណ្តាញឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែន និងឧក្រិដ្ឋជនជាជនជាតិចិន និងចិនតៃវ៉ានលាក់ខ្លួនលួចយកប្រទេសកម្ពុជាធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ត្រូវបានបង្ក្រាប និងចាប់ខ្លួនបានជាបន្តបន្ទាប់ទាំងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ»។
លោកLI XIANG MINGក្នុងឱកាសនោះក៏បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើរដែលកើតចេញពីកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធរបស់មន្ត្រីអនុវត្តច្បាប់គ្រឿងញៀនរវាងប្រទេសទាំង២ តាមរយៈការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍ និងនិន្នាការនៃការចរាចរជួញដូរ ការប្រើប្រាស់ និងការលួចលាក់កែច្នៃផលិត គ្រឿងញៀនខុសច្បាប់ជូនគ្នាទៅវិញទៅមកបានទាន់ពេលវេលា។ ជាពិសេស កិច្ចសហប្រតិបតិ្តការផ្លាស់ប្តូរព័ត៌មានអំពីបណ្តាញមុខសញ្ញាក្រុមឧក្រិដ្ឋជនគ្រឿងញៀនខុសច្បាប់ពាក់ព័ន្ធទាំងនៅក្នុងប្រទេសចិន និងនៅក្នុងប្រទេសកម្ពុជា។
លោកLI XIANG MING បានលើកឡើងថា ចិននឹងបន្តកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើរនេះជារៀងរហូត និងបន្តជួយគាំទ្រដល់ប្រទេសកម្ពុជាទាំងបច្ចេកទេស សម្ភារ និងថវិកា ជាពិសេស ការកសាងលើកកម្ពស់សមត្ថភាព ជំនាញដល់មន្ត្រីអនុវត្តច្បាប់គ្រឿងញៀនរបស់ប្រទេសកម្ពុជា៕