លោក ហ៊ុន ម៉ាណែត បេក្ខភាព​អនាគត​នាយករដ្ឋមន្រ្តី និងជាអគ្គ​មេបញ្ជាការ​រង​នៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក បានលើក​ឡើង​ថា មូលហេតុ​ដែលនាំឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP)ទទួលបាន​ភាពជោគជ័យ និងការគាំទ្រ​ពី​ប្រជាពលរដ្ឋ ​ដោយសារ​បក្សក្តាប់ជាប់​បញ្ហា​ប្រឈម និងកែសម្រួល​ចំណុច​ខ្វះខាត​ជាប់​ជាប្រចាំ។ នេះបើ​តាម លោក ហ៊ុន ម៉ាណែត បានបង្ហោះ​សារ​នៅលើ​គណនីហ្វេសប៊ុក នៅថ្ងៃ​ទី១០ ខែមិថុនានេះ។

លោក ហ៊ុន ម៉ាណែត សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជន​កម្ពុជា និងជាប្រធាន​យុវជន​គណបក្ស​ថ្នាក់​កណ្តាល បានថ្លែង​បែប​នេះ ក្នុង​ពិធីសំណេះសំណាល​ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ាណែត បានលើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ភាពជោគជ័យ និងការគាំទ្រ​ពី​ប្រជាពលរដ្ឋ គឺដោយសារ​គណបក្ស​សកម្មការងារ ក្តាប់ជាប់​បញ្ហាប្រឈម កែសម្រួល​ចំណុច​ខ្វះខាត​ជាប់​ជាប្រចាំ និងអាចបំពេញ​សេចក្តី​ត្រូវការ​របស់​ប្រជាជន​កាន់តែល្អ​ប្រសើរ រួមទាំង​ការលើកស្ទួយ​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ។

លោកថា​៖«ឈរលើ​ភាពជោគជ័យ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បានបន្ត​ខិតខំ​គ្រប់បែប​យ៉ាង ដើម្បី​ទទួលបាន​នូវ​សមានចិត្ត​ពីសមាជិក​បក្ស​ទាំងរូប​កាយ និងបេះដូង​ស្រឡាញ់​គាំទ្រ​ពិតស្មោះត្រង់ ព្រមជាមួយនឹង​ការយល់ដឹង​ច្បាស់លាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ទីបង្អែក​យ៉ាងសំខាន់​ដើម្បី​ផ្ញើ​ជោគវាសនា និងជាក្តី​សង្ឃឹម​ដ៏ត្រចះត្រចង់​សម្រាប់​អនាគតទាំង​សម្រាប់​ខ្លួនឯង និងកូនចៅ​ជំនាន់​ក្រោយៗ​ទៀត»។

លោកគូស​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា បានបង្ហាញ​នូវ​សមត្ថភាព និងគុណ​សម្បត្តិ​ពិតប្រាកដ ទើប​អាច​ទទួលបាន​នូវទំនុក​ចិត្តពី​ប្រជាពលរដ្ឋ ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។

លោកថា​៖‍«ហើយបន្ត​ទៅមុខ គណបក្ស​មាន​ចក្ខុវិស័យ និងកម្មវិធី​នយោបាយ​ច្បាស់លាស់​ក្នុងការបន្ត​ថែរក្សា​សុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និងការអភិវឌ្ឍ​ជាតិ​លើ​គ្រប់វិស័យ សំដៅ​កាត់បន្ថយ​ភាពក្រីក្រ និងលើក​កម្ពស់​កំណើន​ជីវភាពរបស់​ប្រជាជន និងសេដ្ឋកិច្ច​ជាតិ ជាពិសេស គឺផែនការ​សម្រាប់​ឆ្នាំ២០៥០ ក្នុងការប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូលខ្ពស់»។

ដើម្បី​អាច​ធានា​បាននូវ​ការអនុវត្ត​គោលនយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព សកម្មជន​យុវជន​បក្ស គឺកាតាលីករ និងប្រតិបត្តិករ​យ៉ាងសំខាន់​នៅក្នុងការ​ចូលរួម​ក្នុង​គ្រប់កិច្ចការ​ទាំងអស់ និងគ្រប់​កម្រិត​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ សំដៅ​ប្រែក្លាយ​រាល់​ចក្ខុវិស័យ និងគោលនយោបាយ​របស់​បក្ស ឱ្យ​មាន​លទ្ធផល​ផ្លែផ្កា​ជាក់ស្តែង​សម្រាប់​ជាតិ និងប្រជាជន។ ​នេះបើតាម​លោក​បញ្ជាក់បន្ថែម។

ពាក់ព័ន្ធនឹង​ការលើក​ឡើង​នេះ លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា សង្កេតឃើញ​ថា​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មានភាពរឹងមាំ ជាពិសេស​ការដឹកនាំរបស់​រដ្ឋាភិបាល​នៃគណបក្ស​នេះ​បានដាក់ចេញ​នូវ​គោលនយោបាយ​ត្រឹមត្រូវ ប្រទេស​ជាតិរីកចម្រើន ទើបធ្វើ​ឱ្យ​មានការគាំទ្រ​ពី​ប្រជាពលរដ្ឋ៕