លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសជាថ្មីមិនអត់ឱនឱ្យបុគ្គលទាំងឡាយណាក្នុងន័យនយោបាយដែលមានទំនាក់ទំនងជាមួយ លោក សម រង្ស៊ី ដែលលោកតែងហៅថា ចោរក្បត់ជាតិបីជំនាន់ និងប្រកាសលើកលែងទោសឱ្យទាំងអស់ចំពោះបុគ្គលណា ដែលផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
ការព្រមានជាថ្មីនេះ ខណៈអ្នកតាមដាននយោបាយសង្កេតឃើញថា លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស បន្តធ្វើនយោបាយរិះគន់រដ្ឋាភិបាលបែបញុះញង់ និងអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មមកលើកម្ពុជា ដែលរារាំងដល់សេដ្ឋកិច្ច និងអភិវឌ្ឍន៍នៅកម្ពុជា។
នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី១០ ខែមិថុនា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ជាថ្មីថា អ្នកដែលមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ដែលលោកហៅថាជនក្បត់ជាតិ ៣ ជំនាន់នោះ ត្រូវដកខ្លួនចេញ ហើយបើសិនជាគណបក្សនយោបាយវិញនោះ អាចនឹងត្រូវឈានដល់ការរំលាយ ដោយមិនទុកនោះទេ។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីក៏បានប្រកាសថា នឹងលើកលែងទោសឱ្យសមាជិកក្រុមប្រឆាំងទាំងឡាយណា ទាំងនៅកម្ពុជា និងក្រៅប្រទេសដែលសម្រេចចាកចេញពី លោក សម រង្ស៊ី។
ស្របពេលជាមួយគ្នានេះលោក ហ៊ុន សែន ក៏បានព្រមានលោក ស សាឡុងដេត ដែលលោកគិតថាកំពុងមានទំនាក់ទំនងជាមួយ លោក សម រង្ស៊ី ឱ្យមានការប្រុងប្រយ័ត្នខ្លួន បន្ទាប់ពីបុគ្គលរូបនេះបានបើកកិច្ចប្រជុំជាមួយមន្ត្រីបក្ស
ភ្លើងទៀននៅខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌទួលគោកនៅថ្ងៃទី៣ មិថុនា ២០២៣ ដោយបានរិះគន់លើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពាក់ព័ន្ធទៅនឹងមិនយកថ្លៃសំបុត្រ មិនយកថ្លៃស្នាក់នៅនិងអាហារ ព្រមទាំងមិនយកថ្លៃលើសិទ្ធិផ្សាយ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖«ខ្លឹមសារអាក្រក់បំផុត តែខ្ញុំចាត់ទុកថាវាជាសិទ្ធិរបស់លោកឯងក្នុងការពន្យល់ទៅកាន់អង្គប្រជុំតាមវិធីបោកប្រាស់ បើមានលើកក្រោយបែបនេះទៀតខ្ញុំចាត់ទុកថា ជាការញុះញង់»។
ក្រោយការព្រមានធ្ងន់ៗទៅលើលោក ស សាឡុងដេត លោក ហ៊ុន សែន ក៏បានប្រាប់ទៅសមត្ថកិច្ចឱ្យការពារ លោក ស សាឡុងដេត ដោយបារម្ភមានជនទី៣ ទៅប្រព្រឹត្តហិង្សា ហើយបែរជាទម្លាក់កំហុសមកបក្សប្រជាជនកម្ពុជាវិញ។
លោក យង់ ពៅ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអគ្គលេខាធិការរាជបណ្ឌិត្យសភានៅថ្ងៃទី១០ ខែមិថុនានេះ ឱ្យដឹងថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដោយសារបុគ្គលរូបនេះ តែងតែធ្វើនយោបាយនៅក្រៅស្រុក មិនស្ថិតនៅក្នុងលម្ហប្រជាជាតិខ្មែរនោះទេ ហើយតែងតែធ្វើតែនយោបាយប្រឆាំងជាមួយនឹងផលប្រយោជន៍របស់កម្ពុជា។
លោកមានប្រសាសន៍ថា៖«គាត់(សម រង្ស៊ី) ប្រឆាំង ហើយតែងតែអំពាវនាវទៅដល់សហគមន៍អន្តរជាតិ ឱ្យដាក់ពិន័យ ដាក់ទណ្ឌកម្មមកលើកម្ពុជាទៅលើចំណុចនេះ ឬចំណុចនោះ និងរារាំងដល់សេដ្ឋកិច្ចជាដើម ។
ការនេះ មិនមែនជារឿងល្អនោះទេគឺជាខុសឆ្គងចំពោះជាតិ បើយើងធ្វើនយោបាយតតាំងជាមួយបក្ស និងបក្ស យើងមិនអាចធ្វើបែបហ្នឹងទេ»។
បើតាម លោក យង់ ពៅ ការធ្វើនយោបាយរបស់លោកមេដឹកនាំបក្សប្រឆាំងនោះ បានជះឥទ្ធិពលអាក្រក់ដល់អ្នកគាំទ្ររបស់ខ្លួន ខណៈលោកបន្ថែមថា បើអ្នកគាំទ្រទាំងនោះ បានផ្តាច់ខ្លួនពីបុគ្គលរូបនេះ ហើយទៅចូលរួមជីវភាពជាមួយគណបក្សផ្សេង គឺជារឿងល្អ ៕