ក្រសួង​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​គមនាគមន៍ ​និងព័ត៌មាន​នៃសាធារណរដ្ឋ​កូរ៉េ បានបង្ហាញ​ពី​គោលបំណង​ក្នុងការជំរុញ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​កូរ៉េ និង​កម្ពុជា ដើម្បី​ជួយជំរុញ​ដល់ការគាំទ្រ​ធុរកិច្ច និងអភិវឌ្ឍន៍​វិស័យ​ឌីជីថល​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។

ការបង្ហើបពី​គោលបំណង​របស់​ភាគី​កូរ៉េ បានធ្វើ​នៅក្នុង​ជំនួប​រវាង​លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ (ក.ប.ទ.) និងលោក Kim Jongkap អគ្គ​នាយកមជ្ឈមណ្ឌល​គាំទ្រ​ធុរកិច្ច​ថ្មី​ឌីជីថល (Born2Global) នៃ​ក្រសួង​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាន​នៃសាធារណរដ្ឋ​កូរ៉េ (MSIT) ជួប​សម្ដែង​ការគួរសម និងពិភាក្សា​ការងារ កាលពី​ថ្ងៃទី ៨ខែមិថុនា ឆ្នាំ ២០២៣។ នេះបើយោងតាម​ការចុះផ្សាយ​របស់​ក្រសួងប្រៃសណីយ៍​​និងទូរគមនាគមន៍ នៅថ្ងៃ​ទី ១០ខែមិថុនា​នេះ។

ប្រភពខាង​លើ​បានឱ្យដឹង​ថា ក្នុងជំនួប​នោះ លោក Kim Jongkap បានថ្លែង​អំណរ​គុណលោក​រដ្ឋមន្ត្រី​ដែលបាន​អនុញ្ញាត​ឱ្យ​ក្រុមការងារ​មជ្ឈមណ្ឌល Born2Global ស្វែងយល់​កាន់តែ​ច្បាស់​អំពី​សន្ទុះ​រីកចម្រើន​នៃធុរកិច្ច​ថ្មី​ឌីជីថល​នៅ​កម្ពុជា និងបានលើក​ឡើង​អំពីគោលបំណង​ក្នុងការជំរុញ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​កូរ៉េ​និង​ធុរកិច្ច​ថ្មីនិងក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា។

ជាមួយគ្នានោះ​លោក ជា វ៉ាន់ដេត បានជម្រាប​ជូនភ្ញៀវ​អំពី​ការងារ និងសមិទ្ធផល​សំខាន់ៗដែល​ក្រសួង​សម្រេចបាន ការលើក​កម្ពស់​ការចាប់​យក​បច្ចេកវិទ្យា​តាមរយៈ​ដាក់​ចេញ​នូវគំនិត​ផ្តួចផ្តើម​ជាច្រើន ការបង្កើត​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍ ការដាក់ចេញ​កម្មវិធីប្រកួតប្រជែង​ពានរង្វាន់​ឌីជីថល​កម្ពុជា​ប្រចាំ​ឆ្នាំ​ជាដើម។

លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត ក៏បានថ្លែង​អំណរគុណ​ចំពោះ​ស្មារតី​សហការ​របស់​ភាគី​កូរ៉េ និងរំពឹង​ថា​កិច្ចសហការ​រវាង​ស្ថាប័ន​ទាំងពីរ​នឹងជួយជំរុញ​ដល់ការគាំទ្រ​ធុរកិច្ច និងអភិវឌ្ឍ​វិស័យឌីជីថល​នៅក្នុង​ព្រះរាជា​ណាច​ក្រកម្ពុជា៕