រតនគិរីៈ មន្ត្រីឧទ្យានុរក្ស​ប្រចាំ​ស្នាក់ការ​អូរវាក់​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី បានជួប​ប្រទះ ដានជើង និងលាមកសត្វ​ដំរី​អាស៊ី​ចំនួន ៤ ក្បាល នៅម្ដុំ​ព្រៃចាស់ (ព្រៃស្រោង) ​នៃដែន​ជម្រកសត្វព្រៃ លំផាត់​ភូមិសាស្ត្រ ខេត្ត​មណ្ឌលគិរី ក្នុង​អំឡុង​ពេល​ល្បាតព្រៃ ហើយ​នេះ​គឺជាកំណត់ត្រា​លើក​ទីមួយ នៃ​សត្វដំរី នៅក្នុងដែន​ជម្រក​សត្វព្រៃ​លំផាត់ សម្រាប់​រយៈពេល ១០ ឆ្នាំចុងក្រោយ។

តាម​របាយការណ៍​ពី​ប្រជាពលរដ្ឋ​ រស់នៅក្នុង​ភូមិ​តូនកូនវ៉ា ពួកគាត់​បានជួប​ប្រទះ​សត្វដំរី​អាស៊ីខាងលើ​នេះ​នៅស្រែ​ក្បែរ​ភូមិ​របស់​គាត់ កាលពី​ថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០២៣ ផងដែរ។ តាមការសន្និដ្ឋាន​របស់​មន្ត្រី​ឧទ្យានុរក្ស​ខាងលើ ហ្វូងដំរី​នេះ ប្រហែល​ផ្លាស់​ទី​ពី​ដែន​ជម្រកសត្វព្រៃ​ដែលមាន​ភូមិសាស្ត្រ​ស្ថិតនៅ​ក្បែរៗ​នេះ ក្រុមការងារ​យើង​និងបន្ត​តាមដាន​និងស្វែងយល់ ពីការបំលាស់ទី​របស់​ពួក​វា។

ក្រោមការគាំទ្រ​ពីអង្គការ​ជីវិត​សត្វស្លាប​អន្តរ​ជាតិ ​និង USAID Morodok Baitang-មរតកបៃតង ដែន​ជម្រក សត្វព្រៃ​លំផាត់​គឺជាទីតាំង​ដែល​អង្គការ​ជីវិតធម្មជាតិ​នៅ​កម្ពុជា​ និងក្រសួង​បរិស្ថាន​កំពុង​ដំណើ​រការអនុវត្ត​គម្រោង​ឥណទាន​កាបូន​ ​ក្នុង​គោលបំណង​ការពារព្រៃឈើ សត្វព្រៃ​និងជីវ:ចម្រុះ​ព្រមទាំង​លើក​​កម្ពស់​ជីវភាព​របស់​សហគមន៍​មូលដ្ឋាន៕