ភ្នំពេញៈ ក្នុងរយៈពេល ១ សប្តាហ៍ មន្ត្រី ក.ប.ប. បានរកឃើញ ដកហូត និងដុតកម្ទេចចោលនូវផលិតផលសាច់បង្កកខូចគុណភាព មិនមានអនុលោមភាពប្រមាណ ៦ តោនក្នុងខេត្តកណ្តាល និង ខេត្តបន្ទាយមានជ័យ។
យោងតាម ក.ប.ប បានឱ្យដឹងថា អនុវត្តតាមតួនាទី និង ភារកិច្ចរបស់ខ្លួនក្នុងនាមជាមន្ត្រីអធិការកិច្ចម្ហូបអាហារ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមិថុនា នេះ មន្ត្រីនៃសាខា ក.ប.ប. ខេត្តកណ្តាល និង ខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និង ដោយទទួលបានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានប្រើយុទ្ធសាស្ត្រឃ្លាំមើល និង ឃាត់ស្ទាក់មធ្យោបាយដឹកជញ្ជូននូវផលិតផលសាច់បង្កកដែលរួមមានស្លាបមាន់ចំនួន ១ ៥០០គីឡូក្រាម ប្រហិតសាច់មាន់ សាច់/គ្រឿងក្នុងជ្រូក ត្រីសាបាក់ និងគ្រឿងសមុទ្រចំនួន ៤ ៤៤១គីឡូក្រាម សរុបចំនួន ៥៩៤១គីឡូក្រាម ដែលចរាចរចូលមកក្នុងប្រទេសកម្ពុជាតាមច្រកនានាក្នុងខេត្តទាំងពីរខាងលើ។
ក្រោយការត្រួតពិនិត្យ និង ធ្វើតេស្តលើសំណាកគំរូសាច់បង្កកទាំងនោះ មន្ត្រីជំនាញនៃសាខា ក.ប.ប. ទាំង ២ បានពិនិត្យឃើញថា ផលិតផលសាច់បង្កកទាំងនោះ សុទ្ធតែពុំមានគុណភាពស្របតាមបទដ្ឋានបច្ចេកទេស ដោយសារការរក្សាទុកពុំបានត្រឹមត្រូវ មានក្លិនស្អុយ មានបាក់តេរី និងពុំមានឯកសារនាំចូលទំនិញ ជាពិសេស វិញ្ញាបនបត្រអនាម័យ និង ភូត្តគាមអនាម័យនោះទេ ដែលជាចុងក្រោយមន្ត្រីជំនាញ ក.ប.ប. និង អាជ្ញាធរពាក់ព័ន្ធបានឯកភាពដុតកម្ទេចចោលនូវផលិតផលសាច់បង្កកទាំងនោះនៅតាមទីតាំងដែលបានកំណត់រៀងខ្លួន៕