
ស្ទឹងត្រែងៈ ក្រុមការងារទន្តពេទ្យស្ម័គ្រចិត្តសិង្ហបុរីនៅកម្ពុជា នឹងចុះធ្វើការពិនិត្យ និង ព្យាបាលជំងឺមាត់-ធ្មេញ ជូនដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និស្សិត និងសិស្សានុសិស្ស ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែមិថុនា នៅក្នុងបរិវេណទីធ្លានៃវិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថា ការពិនិត្យព្យាបាលដោយឥតគិតថ្លៃនេះធ្វើឡើងនៅវេលាម៉ោង ៨:០០នាទី ដល់ម៉ោង ១១:៣០ នាទីថ្ងៃត្រង់ និងពេលរសៀល ចាប់ពីម៉ោង ១៤:០០នាទី ដល់ ១៧:០០នាទី នៅក្នុងបរិវេណទីធ្លានៃវិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង ស្ថិតនៅក្រុង ស្ទឹងត្រែង។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ក្រុមការងារទន្តពេទ្យស្ម័គ្រចិត្តប្រទេសសិង្ហបុរីនៅកម្ពុជា នឹងចុះធ្វើការពិនិត្យ និង ព្យាបាលជំងឺ មាត់-ធ្មេញ ជូនដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និស្សិត និង សិស្សានុសិស្ស ដោយឥតគិតថ្លៃក្នុងស្មារតីមនុស្សធម៌ និង ការរួមចំណែកផ្តល់សេវាសុខភាពសាធារណៈជូនប្រជាជន»។
រដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើការអំពាវនាវ និង គោរពអញ្ជើញពុកម៉ែ អ៊ំមីងមា បងប្អូនប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្ស ដែលមានបំណងពិនិត្យ ព្យាបាលជំងឺ ឬ នាំសាច់ញាតិ បងប្អូនដែលមានជំងឺ មាត់-ធ្មេញ ទៅទទួលការពិនិត្យ ព្យាបាលនៅទីកន្លែង និងពេលវេលាកំណត់ខាងលើដោយក្តីសោមនស្សរីករាយ៕