ភ្នំពេញៈ ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​ដើម្បី​ដំណើរការ​​អនុវត្ត​គម្រោង​ផ្លូវ​នាវាចរណ៍​ «​ព្រែកជីក​ហ្វូណន​តេ​ជោ​»​ ក្នុងការ​ពិនិត្យ​និង​ផ្តល់យោបល់​អំពី​នីតិវិធី ក្របខ័ណ្ឌ​គតិយុត្ត និង​វាយតម្លៃ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវ​សមុទ្រ​របស់​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​សេចក្តីសម្រេច​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​ ៧ ខែមិថុនា ឆ្នាំ​ ២០២៣ មាន ៧ ​ប្រការ និង​មាន​មន្ត្រី​ពាក់ព័ន្ធ​សរុប​ចំនួន ៣៧ រូប ដោយ​ក្នុងនោះ​មាន​ប្រធាន ​១ ​រូប អនុប្រធាន ​២ ​រូប សមាជិក​អចិ​ន្រៃ្ត​យ៍ ​១ ​រូប ក្រៅពីនេះ​គឺជា​សមាជិក​នៃ​គណៈកម្មការ​។​

​សមាសភាព​ក្នុងគណៈ​កម្ម​ការ​នេះ​ក៏មាន​ចូលរួម​ពី​អភិ​បាល​ខេត្ត​និង​អភិបាលរង​ខេត្ត​ពាក់ព័ន្ធ​រួមមាន ខេត្តកណ្តាល តាកែវ កំពត និង​ខេត្ត កែប ជាដើម ព្រមទាំង​មន្ត្រី​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​គណៈកម្មការ​នេះ​មាន​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជា​ប្រធាន​, លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយនឹង​លោក វ​ង្ស៊ី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខា​​ធិ​ការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អនុប្រធាន​។​

​គណៈកម្មការ​អន្តរក្រសួង​នេះ មាន​តួនាទី និង​ភារកិច្ច​ក្នុងការ​​ពិនិត្យ និង​ផ្តល់យោបល់​អំពី​នីតិវិធី ក្របខ័ណ្ឌ​គតិយុត្ត និង​វាយតម្លៃ​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​ស្នើ​ទម្រង់​នៃ​ការវិនិយោគ​លើ​គម្រោង​ផ្លូវ​នាវាចរណ៍ «​ព្រែកជីក​ហ្វូណន​តេ​ជោ​» ដែល​ត​ភ្ជាប់​ពី​ព្រែក​តាកែវ​នៃ​ដៃទន្លេ​មេគង្គ​ទៅ​សមុទ្រ​ខេត្ត​កែប​។​

​ក្នុង​សេចក្តីសម្រេច​បានបញ្ជាក់​ថា​៖ «​ជំរុញ​ដំណើរការ​អនុវត្ត​គម្រោង​ផ្លូវ​នាវាចរណ៍​ព្រែកជីក​ហ្វូណន​តេ​ជោ ឱ្យបាន​សម្រេច​ជា​ស្ថាពរ ដើម្បី​រួមចំណែក​ព​ន្លឿ​ន​ការអភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវ​សមុទ្រ​របស់​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ធ្វើឱ្យ​ថ្លៃ​ដឹកជញ្ជូន​ចុះ​ទាប និង​ធានា​ចីរភាព​នៃ​កំណើន​សេដ្ឋ​កិច្ច​ជាតិ និង​ធ្វើ​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​»​។​

​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៣​ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា នេះ​ជា​គម្រោង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដែល​វា​នឹង​ប្តូរ​មុខមាត់ ក៏ដូចជា​ប្ដូរ​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​​ទឹក​ទៅ​សមុទ្រ​ដើម្បី​កាត់បន្ថយ​ចម្ងាយ​នៃ​ការដឹកជញ្ជូន​កាត់បន្ថយ​តម្លៃ និង​កាត់បន្ថយ​នីតិវិធី​។​

​បើតាម​លោក ស៊ុន ចាន់ថុល ការសិក្សា​នេះ​បានធ្វើ​អស់​រយៈ​​ពេល​ ២ ​ឆ្នាំ​មកហើយ​ជាមួយ​អគ្គ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក​សមុទ្រ និង​កំពង់ផែ ជាមួយនឹង​ក្រុមហ៊ុន​និង​មិនមាន​បញ្ហា​អ្វី​នោះឡើយ​ដែល​ការសិក្សា​មកទល់ពេលនេះ ជិត​ចប់សព្វគ្រប់​ ១០០ ​ភាគរយ​ផងដែរ​។​

​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា​លោក ជា ចាន់​ដា​រ៉ា លើកឡើងថា គម្រោង​ជីក​ព្រែក​បើកផ្លូវ​នាវាចរណ៍​ត​ភ្ជាប់​ពី​ទន្លេបាសាក់ ទៅ​កំពង់ផែ​សមុទ្រ​ក្នុង​ខេត្តកំពត នឹង​ក្លាយជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ដែល​ចូល​​រួមចំណែក​លើកកម្ពស់​សមត្ថ​​ភាព​នៃ​វិស័យ​ឡូ​ជី​ស្ទិ​ក​កម្ពុជា​។

​លោក​បាន​ថ្លែងថា​៖ «​នៅពេល​គម្រោង​នេះ​ដាក់ឱ្យ​ប្រើ​ប្រាស់​វា​នឹង​ក្លាយជា​ចំណែក​ដ៏​សំខាន់​ដែល​ចូលរួម​លើកកម្ពស់​សមត្ថភាព​នាំចេញ​ទំនិញ​កម្ពុជា​ទៅ​ក្រៅប្រទេស​។ ជាធម្មតា​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក តែងមាន​តម្លៃ​ទាប​ជាង​ការដឹកជញ្ជូន​តាមផ្លូវ​គោក​អាកាស ហើយ​បរិមាណ​ទំនិញ​ដឹក​តាម​ផ្លូវទឹក​ក៏បាន​ច្រើន និង​មិន​បង្ក​ការខូចខាត​ដល់​ផ្លូវ​​ថ្នល់ និង​ការកកស្ទះ​ចរាចរណ៍​ផងដែរ​»​។​

​ផ្អែក​តាម​សេចក្តីសម្រេច​នេះដែរ គណៈកម្មការ​អន្តរក្រសួង​នេះ​អាច​អញ្ជើញ​តំណាង​ពី​ក្រ​សួង ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​អ្នកជំនាញ​ដទៃទៀត​ឱ្យចូល​រួម​ដើម្បី​ពិនិត្យ​និង​ផ្តល់យោបល់​ក្នុងករណី​ចាំបាច់​,​ មាន​សិទ្ធិ​បង្កើត​លេខាធិការដ្ឋាន​បច្ចេកទេស​មួយ​ដើម្បី​ជួយ​គណៈកម្មការ​អន្តរក្រសួង​នេះ​មាន​សិទ្ធិ​បង្កើត​អនុគណៈកម្មការ​មួយចំនួន​តាម​ការចាំបាច់​។

​បើតាម​សេចក្តីសម្រេច​ដដែល​គណៈ​កម្ម​ការ​អន្តរក្រសួង​អាច​ប្រើប្រាស់​ត្រា​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក្នុងការ​អនុវត្ត​ភារកិច្ច​របស់ខ្លួន ហើយ​សាមីក្រសួង​ដែល​ពាក់ព័ន្ធ​ត្រូវ​ទទួលបន្ទុក​អនុវត្ត​សេចក្ដីសម្រេច​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​។​

​សូមជម្រាបថា គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ១៩ ខែឧសភា ឆ្នាំ​ ២០២៣ បានអនុម័ត​ទទួល​គម្រោង​ផ្លូវ​នាវាចរណ៍​« ​ព្រែកជីក​ហ្វូណន​តេ​ជោ​»​ ដើម្បី​រៀបចំ​គម្រោង​​វិនិយោគ​នេះ​ឱ្យបាន​លម្អិត​ស៊ី​​ជម្រៅ​លើ​គ្រប់​ទិដ្ឋភាព​៕