​តាកែវៈ ការធ្វើ​កសិកម្ម​ដំណាំ​ស្រូវ​ឬ​ដំណាំ​បន្លែ​ផ្សេងៗ​មាន​កសិករ​ខ្លះ​ទទួលបាន​ជោគជ័យ​ហើយ​កសិករ​ខ្លះ​ក៏​មិនសូវ​ទទួលបាន​ជោគជ័យ​។ ប៉ុន្តែ​បុរស​កសិករ​ ១ ​រូប​បាន​ធ្វើស្រែ​លើ​ផ្ទៃដី​ជាង​ ៦​ ហិកតា ហើយ​ក្នុង ​១ ​ឆ្នាំ​ធ្វើបាន​រហូត​ ៣ ​ដង ដែល​ការ​​ប្រមូល​ផល​ម្ដងៗ​ចំណេញ​បាន​ប្រាក់​ចន្លោះ​ពី ​១២ ​ទៅ ១៥​ លាន​រៀល​។ ដោយសារ​ជោគជ័យ​ក្នុង​ការងារ​កសិកម្ម​នេះ លោក​ក៏​ធ្លាប់​ត្រូវបាន​ក្រសួងកសិកម្ម​ជ្រើសរើស​ជា​កសិករ​ឆ្នើម​ជាប់​ចំណាត់ថ្នាក់​លេខ​ ២ ​នៅ​ទូទាំងប្រទេស​ទៀតផង​។​

«​ការធ្វើ​កសិកម្ម​ គឺ​យើង​ត្រូវ​សង្កេតមើល​ទីផ្សារ ហើយ​យើង​ដឹង​ពី​តម្រូវការ​របស់​យើង​។​បន្ទាប់ពី​ស្វែងយល់​យើង​យកមក​ច្នៃ​តាម​ភាពជាក់ស្តែង​ថា តើ​ស្រូវ​ដែល​យើង​ដាំ​កំពុង​ខ្វះ​អី ហើយ​វា​ត្រូវការ​អី​ខ្លះ​បន្ថែមទៀត​»​។​ នេះ​ជាការ​លើកឡើង​របស់លោក គង់ វ៉ុ​ង អាយុ​ ៥៦ ​ឆ្នាំ រស់នៅ​ភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

​លោក ​គង់ វ៉ុ​ង បាន​រៀបរាប់​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ជា​រៀង​​រាល់​ឆ្នាំ​លោក​ធ្វើស្រែ​លើ​ផ្ទៃដី​ជាង ​៦ ​ហិកតា​ជា​ពូជស្រូវ ​[OM]54.51 ដែលជា​ប្រភេទ​ស្រូវ​មាន​ដើម​ទាប ហើយ​ក្នុង​ ១ ​ឆ្នាំៗ​លោក​ធ្វើ​ស្រូវ​បាន​ ៣ ​ដង ដោយ​ក្នុង​ដី​ ១ ​ហិកតា​បាន​ផល​ពី​ ៥​ តោន​កន្លះ​ទៅ​ ៦​ តោន​និង​លក់បាន​ប្រាក់ចំណូល​ប្រមាណ ៣៦​ លាន​រៀល (​ទាំង​ ៦ ​ហិកតា​)​ ហើយ​ទទួលបាន​ប្រាក់ចំណេញ​ម្ដងៗ​ចន្លោះ​ពី​ ១២​ ទៅ​ ១៥​ លាន​រៀល ដោយសារ​ឆ្នាំនេះ​តម្លៃ​ស្រូវ​លក់បាន​ថ្លៃ​គួរសម​ [​ចន្លោះ​ពី​ ៧៥០​ ទៅ ​១ ០០០​ រៀល​/​គីឡូ​] ហើយ​បើ​គិត​ពេញ​ ១ ​ឆ្នាំ​វិញ លោក​លក់បាន​ចំណូល ​១០៨ ​លាន​រៀល ឯ​ប្រាក់ចំណេញ​ក៏​កើន​ទៅតាម​នោះដែរ​។ ក្រៅពី​របរ​ធ្វើស្រែ​លោក​ក៏​ធ្វើ​កសិកម្ម​ដាំ​បន្លែ​លើ​ផ្ទៃដី ​១ ​ហិកតា​កន្លះ​ផងដែរ​។​

​លោក​បាន​បន្តថា ដោយសារតែ​ដំណាំ​របស់លោក​ត្រូវ​ប្រមូល​ផល​អស់ ដូច្នេះ​បច្ចុប្បន្ននេះ​លោក​កំពុង​ភ្ជួរ​រាស់​ដី​ ១ ​ហិកតា​នៅ​ទីតាំង​ដដែល ​[​ដាំ​លើក​ទី​២]​ ដើម្បី​ដាំ​បន្លែ​ជាថ្មី​ម្ដងទៀត​។​ចំពោះ​បន្លែ​ដែល​លោក​ដាំ​ជា​ប្រភេទ​បន្លែ​សុវត្ថិភាព​មាន​ស្ពៃ​ចម្រុះ បន្លែ​ត្រសក់ សណ្តែកកួរ ក្នុងនោះ​ដំណាំ​ត្រសក់​លោក​ដាំ​ច្រើនជាងគេ ហើយ​មាន​ថ្ងៃ​ខ្លះ​លោក​អាច​ប្រមូល​ផល​បាន​រហូត​ ៣ តោន​។​

​លោក​បាន​ប្រាប់ថា ការធ្វើ​កសិកម្ម​នេះ​ក៏​វា​អាស្រ័យ​លើ​តំបន់​ដែលមាន​ប្រភពទឹក​គ្រប់​គ្រាន់​ដែរ រីឯ​នៅ​តំបន់​ដីស្រែ​ចម្ការ​របស់លោក​ក៏មាន​បឹង អូរ មាន​ព្រែក ជា​ប្រភពទឹក​ដែរ តែបើ​ពេលណា​ខ្វះ​ទឹក​លោក​បាន​ប្រើ​ទឹក​អណ្តូង​ដើម្បី​ទាញយក​ទឹក​ស្រោចស្រព​ដំណាំ​និង​ស្រូវ​របស់លោក​បន្ថែម​។​

​ដោយសារ​ធ្លាប់មាន​បទពិសោធន៍​ក្នុង​ការធ្វើ​កសិកម្ម​ផង​នោះ​លោក គង់ វ៉ុ​ង បាន​ពន្យល់ថា ការដាំ​ដំណាំ​ឬ​ការ​ធ្វើស្រែ​គឺ​កសិករ​តែងតែ​ប្រាថ្នា​ចង់បាន​ផល​ត្រឡប់មកវិញ​ពី​របរ​របស់ខ្លួន​សូម្បីតែ​លោក​ក៏​ដូចគ្នា​ដែរ​។​ហេតុ​ដូច្នេះហើយ​ដើម្បី​រំពឹង​នឹង​ទទួលបាន​ផល​គាប់ចិត្ត​គឺ​លោក​ត្រូវ​មើល​ស្ថានភាព​ទីផ្សារ ហើយ​គិត​អំពី​តម្រូវការ​របស់លោក​ប​ន្ទា​ប់​មក​យកមក​ច្នៃ​តាម​ភាព​ជាក់ស្តែង​និង​ត្រូវ​សង្កេត​មើលថា តើ​ស្រូវ​ដែល​លោក​កំពុង​ដាំ​ដុះ​នោះ​នៅ​ខ្វះ​អ្វី ហើយ​ក្នុង​ដំ​​ណាក់​កាល​ហ្នឹង​ស្រូវ​វា​ត្រូវការ​អី​? ព្រោះថា​ដំណាំ​ស្រូវ​វា​មិន​មែន​ត្រូវការ​ជី​ដដែលៗ​ទេ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​អ្នក​ដាំ​យើង​ដឹង​ច្បាស់​ថា ដំណាក់​កាលណា​វា​ត្រូវការ​ជី​ប្រភេទ​អ្វី​?​ហើយ​ពេលខ្លះ​យើង​ប្រើ​ជី​នោះ​ធ្វើឱ្យ​ស្រូវ​មាន​បញ្ហា​ក៏ត្រូវ​កាត់បន្ថយ​ជី​ឬ​ផ្លាស់ប្តូរ​ប្រភេទ​ជី ឬ​ដាក់​ជី​អ្វី​ដើម្បីឱ្យ​ស្រូវ​យើង​រឹងមាំ​»​។​

​លោក​បានឱ្យដឹងថា ការធ្វើ​ស្រែ​និង​ចម្ការ​របស់លោក​មិនដែល​ជួប​បញ្ហា​ខាតដើម​ឬក៏​ដាំ​មិន​បានទេ ផ្ទុយទៅវិញ​មានតែ​ចំណេញ​។ សម្រាប់​បច្ចេកទេស​នៃ​ការធ្វើ​កសិកម្ម​គឺ​លោក​បាន​សិក្សា​រៀនសូត្រ​ពី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តតាកែវ​រួម​នឹង​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​អង្គការ​ផ្សេងៗ​ដែល​ធ្វើការ​លើ​វិស័យ​កសិកម្ម​។​ដោយសារតែ​លោក​ធ្វើស្រែ​ចម្ការ​តាម​ស្តងដា​បច្ចេកទេស​កសិក​ម្ម​នេះហើយ​ទើប​អតីតរដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក វេ​ង សា​​ខុន ធ្លាប់​ចុះ​ទស្សនកិច្ច​នៅ​ចម្ការ​ដំណាំ និង​ពិនិត្យមើល​ស្រូវ​របស់លោក​ចំនួន​ ២​ ដង​ដែរ​។​

​លោក​បញ្ជាក់ថា បន្ទាប់មក​នៅក្នុង​អំឡុង​ឆ្នាំ​ ២០១៨ ខាង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បានជ្រើសរើស​លោក​ឱ្យ​ជាប់​ចំណាត់ថ្នាក់​លេខ​ ២ ជា​កសិករ​គំរូ​ផ្នែក​ដាំ​ដំណាំ​បន្លែ ហើយ​ត្រូវធ្វើ​បទ​បង្ហាញ​ជាក់ស្តែង​ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​។ ចំណែក​អ្នក​ជាប់​លេខ ​១ ​គឺ​បុរស​កសិករ​ម្នាក់​នៅ​ខេត្តបាត់ដំបង​។​

​ម្យ៉ាងវិញទៀត ដោយសារ​លោក​មានបទពិសោធន​បែបនេះហើយ ទើប​អង្គការ​វ៉ុល​វី​ហ្សុ​ន​អញ្ជើញលោក​ទៅធ្វើ​បទ​បង្ហាញ​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ធ្លាប់​ទៅធ្វើ​បទ​បង្ហាញ​នៅ​សាលា​បណ្តុះបណ្តាល​មិត្តភាព​កម្ពុជា​-កូរ៉េ​ជាដើម​។​

​ដោយសារ​ធ្លាប់ជា​កសិករ​ឆ្នើម​ផង​នោះ លោក គង់ វ៉ុ​ង មានបំណង​ឱ្យ​កសិករ​កុំ​ធ្វើ​កសិកម្ម​ដើម្បី​តែ​ប្រា​ក់មួយ​មុខ​គឺ​ត្រូវ​យកចិត្តទុកដាក់​លើ​ជោគជ័យ​នៃ​ការផលិត​ជាមុនសិន​។ ប៉ុន្តែ​បើ​ដាំ​ដុះ​គិតតែ​ជ្រួលជ្រើម​មិន​នឹង​នរ​ចិត្ត នោះ​នឹង​ធ្វើឱ្យ​ការងារ​របស់គាត់​អាច​ខូច​។​សម្រាប់​ទីផ្សារសេរី​បើ​កសិករ​មិន​ខ្នះខ្នែង​ប្រឹងរក​ដោយ​ខ្លួនឯង ចាំ​រំពឹង​តែ​គេ​រក​ទីផ្សារ​ឱ្យ​ក៏​ទៅ​មិន​រួច​ដែរ​។​

​ពាក់ព័ន្ធ​នឹង​ជោគជ័យ​លើ​ផ្នែក​កសិកម្ម​របស់ លោក គង់​ វ៉ុ​ង នេះ លោកស្រី​ប៊ុន គឹម​លាង មេឃុំ​ចំប៉ា ក្នុងស្រុក​ព្រៃកប្បាស​បានឱ្យដឹងថា កសិករ​រូបនេះ​គឺជា​ជន​គំរូ​ម្នាក់ ដែល​ឧស្សាហ៍​ព្យាយាម​ក្នុង​របរ​កសិកម្ម ជា​ពិសេស​ដំណាំ​ស្រូវ ហើយ​គាត់​តែងតែ​ដើរ​បង្ហាត់បង្រៀន​ដល់​កសិករ​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​នោះ​ផងដែរ​។​

​លោកស្រី​ថា​៖ «​មាន​កសិករ​ផ្សេងទៀត​ក៏​គេ​ធ្វើ​ដែរ តែ​ខ្ញុំ​ដឹងថា​គាត់​លេចធ្លោ​ឈានមុខ​គេ​ដោយ​សារ​គាត់​ធ្វើស្រែ​បាន​ច្រើន​»​។​

​ពាក់ព័ន្ធ​នឹង​លោក​ គង់ វ៉ុ​ង ដែលជា​កសិករ​មាន​ស្នាដៃ​ឆ្នើម​នេះ ភ្នំពេញ ​ប៉ុស្ដិ៍​ មិនអាច​សុំ​ការ​​បញ្ជាក់បន្ថែម​ពី​លោក ញ៉ិ​ប​ ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តតាកែវ​បានទេ​។ ក៏ប៉ុន្តែ​បើតាម​បណ្ណ​សរសើរ​របស់​ក្រសួងកសិកម្ម​ដែលមាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​ ២០១៨ ដោយ​លោក ទី​សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​នេះ បានសរសេរថា លោក គង់ វ៉ុ​ង កសិករ​នៅ​ភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ទទួលបាន​ចំណាត់ថ្នាក់​លេខ ​២​។​

​នៅក្នុង​បណ្ណ​សរសើរ​ដដែល​នោះ​បញ្ជាក់ថា​៖ «​មាន​ស្នាដៃ​ឆ្នើម​ក្នុងការ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ថ្មី​ក្នុង​ផលិតកម្ម​បន្លែ​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​វេទិកា​កសិករ​ឆ្នើម​នៅ​ទីស្តីការ​​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​»៕