ភ្នំពេញៈ ​ក្រុម​កា​ងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ​ម៉ា​នី ជាង​ ៥០០ ​នាក់ បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជាង​ ៥ ០០០ ​នាក់ ដោយ​ឥតគិតថ្លៃ កាលពី​ថ្ងៃទី​ ១១ ខែមិថុនា ឆ្នាំ​ ២០២៣។

លោក លេង ផា​លី រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត បានឱ្យដឹងថា ការចុះពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នេះ ក្រុមគ្រូពេទ្យ​បាន​អនុវត្ត​ជូន​ពលរដ្ឋ​ចំនួន​៥៧១៨​នាក់ ដែល​ការពិនិត្យ និង​ព្យាបាល​ជំងឺ​នេះ​ត្រូវបាន​ធ្វើឡើង ក្នុង​បរិវេណ​អនុវិទ្យាល័យ ហ៊ុន សែន ភ្នំ​ជាល​។​

លោក លេង ផា​លី បាន​បញ្ជាក់ថា​៖ «​រយៈពេល​១១​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១២ រហូតដល់ ថ្ងៃទី​១១ មិថុនា ឆ្នាំ​២០២៣​នេះ ក្រុមគ្រូពេទ្យ​ចំនួន​១២ ០៦៩​នាក់ បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ក្នុង​២៥​រាជធានី​-​ខេត្ត បាន​ចំនួន​១ ០៧៦​លើក រួចមកហើយ​»​។​

លោក​បាន​បន្តថា ក្នុងនោះ​ក្រុមគ្រូពេទ្យ​បាន​ព្យាបាល​ជំងឺ​បាន​ចំនួន​ជាង​១១,៧៧​លាន​នាក់ ដែល​ក្នុងចំណោម​នោះ មាន​ស្ត្រី​ជាង ៦ លាន​នាក់​ផងដែរ​។​

លោក លេង ផា​លី បាន​បន្តថា​៖ «​ការចុះពិនិត្យ​និង​ព្យាបាល​ជំងឺ និង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ជាមួយ​រាជរដ្ឋាភិបាល គឺជា​ស្មារតី​មនុស្សធម៌​សុទ្ធសាធ​ដែល​ស្តែង​ចេញពី​សេចក្តីស្រឡាញ់​ក្នុងនាម​ជា​ឈាមជ័រ​ខ្មែរ​ដូចគ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួមគ្នា​តែ​១​អនាគត​តែ​១ ពោលគឺ​ការព្យាបាល​មិន​ប្រកាន់​បក្ខពួក សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​»​។​

ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង ៤៦០០ នាក់ បាននិងកំពុង​ចុះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ដោយ​ឥតគិតថ្លៃ និង​ឥត​គិត​ថវិកា​ផងដែរ​ដោយបាន​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ ជាង ១០​លាន ដូ​ស ក្នុង​២៥​រាជធានី​-​ខេត្ត​។​

លោកស្រី ខេង សំ​វ៉ា​ដា រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ស្រុក​សំរោង​ទង បាន​ថ្លែង កោតសរសើរ​ដល់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​តែងតែមាន​សកម្មភាព​យ៉ាងសកម្ម​ចុះជួយ​ពិនិត្យ​ព្យាបាល និង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នេះ​។​

លោកស្រី​បាន​ថ្លែងថា​៖ «​សកម្មភាព​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា កម្ពុជា​បាននិងកំពុង​តែ​បោះជំហាន​ទៅមុខ​ជានិច្ច លើ​ការងារ​ផ្តល់​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដើម្បី​ពង្រឹង​ភាពស៊ាំ​ក្នុង​សហគមន៍ កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​១៩»​។

សូម​បញ្ជាក់ដែរថា ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ពិនិត្យ និង​ព្យាបាល​នេះ បើ​គិត​សេវា​ជា​មធ្យម ប្រជាពលរដ្ឋ​ក្នុង​ម្នាក់​ត្រូវ​ចំណាយ​ថវិកា​អស់ ៥០​ដុល្លារ ដែល​សរុប​ត្រូវ​ចំណាយ​ទាំងអស់​ប្រហែល​ជាង ៥៨៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕