ព្រះវិហា​រៈ លោក គង់ ពុទ្ធិ​ការ អគ្គ​នាយក​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​បាន​ឱ្យដឹង​ថា អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​នឹង​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​ខេត្ត​នេះ​ ដើម្បី​ចុះ​អនុវត្ត​និង​ចាត់​វិធាន​ការ​បង្ក្រាប​ប​ទ​ល្មើស​ទន្ទ្រាន​កាន់​កាប់​ដីធ្លី​ដោយ​ខុស​ច្បាប់នៅ​ក្នុង​ដែន​អភិរក្ស ​(​តំបន់ ​២) របស់​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ នៅ​សប្តាហ៍​ទី​៣ ក្នុង​ខែមិ​ថុនា​នេះ​។

​ថ្លែង​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១១ ​ខែមិថុនា លោក​គង់ ពុទ្ធិការ​ បាន​ឱ្យ​ដឹង​ថា កន្លង​មក​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​បាន​ប្រជុំ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​ដើម្បី​ពិនិត្យ​និង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ដែល​កើត​ឡើង​នៅក្នុង​តំបន់​អភិរក្ស​របស់​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​។ ក្នុង​នោះ​ស្មារតី​អង្គ​ប្រជុំ​បាន​ឯក​ភាព​គ្នា​ឱ្យ​អាជ្ញា​ធរ​នេះ​រាយ​ការណ៍​ជូន​ទៅ​អភិបាល​ខេត្ត​ដើម្បី​ស្នើសុំ​ការ​គាំទ្រ ពិសេស​ព្រះរាជ​អាជ្ញា ក្នុង​ការ​ចូលរួម​សកម្ម​ភាព​ចុះបង្ក្រាប​រួម​គ្នា​។

​លោក​បាន​បន្ត​ថា តាម​រយៈ​ការ​ប្រជុំ​ជា​មួយ​គណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត​ អាជ្ញា​ធរ​ជាតិ​ព្រះវិហារ​បាន​រាយ​ការណ៍​ជូន​លោក​អភិ​បាល​ខេត្ត​ព្រះ​វិហារ​ហើយ ​ហើយ​ជា​លទ្ធ​ផល​គណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត​បាន​គាំទ្រ​​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នេះ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ការ​ការពារ​និង​ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ​នៅក្នុង​តំបន់​ការ​ពារ​របស់​អាជ្ញា​ធរ​ជាតិ​ព្រះវិហារ​នេះ គឺ​ខាង​ខេត្ត​គាត់​គាំទ្រ​ពេញ​ទំហឹង​ហើយ​។​អ៊ីចឹ​ង​យើង​បាន​ឯក​ភាព​គ្នាថា ​យើង​នឹង​ចុះ​អនុវត្ត​ជា​មួយ​គ្នា​នៅ​សប្តាហ៍​ក្រោយ​នេះ​។​យើង​មាន​ក្រុម​ការ​ងារ​១​ដោយ​មាន​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ និង​អាជ្ញា​ធរ​ខេត្ត​ព្រះ​ហារ​ចូល​រួម​»​។

​លោក​គង់ ពុទ្ធិការ​ បានឱ្យ​ដឹងថា​ ទំហំ​ផ្ទៃដី​ជាក់ស្តែ​ង​​ដែល​រង​ការកា​ប់​រានទ​ន្ទ្រាន​នៅ​តំបន់​២ក្នុង​ដែន​របស់​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ មិន​ដឹង​ច្បាស់​ទេ ​ប៉ុន្តែ​ជាក់ស្តែង​មាន​ប្រជាជន​១​ក្រុម​មាន​គ្នា​ប្រមាណ១​០នាក់​បាន​ចូល​ទៅ​ទន្ទ្រាន​កាប់ឆ្ការ​និង​ដា​ដុះ​ដំណាំ​ផ្សេងៗ នៅ​តំបន់​នោះ​។ កន្លង​មក​កម្លាំង​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​ បាន​ចុះទៅ​ណែនាំ​ម្តង​ជា​២​ដង​ហើយ ​ប៉ុន្តែ​ពួក​គេ​មិន​ស្តាប់​និង​មិនធ្វើ​តាម​ឡើយ​ ហេតុ​នេះ​ទើប​តម្រូវ​ឱ្យ​មាន​វិធាន​ការ​ថ្មី​នេះ​ឡើង​។

​លោក​ថ្លែង​ថា​៖«​យើង​ទៅ​លើក​នេះ​មាន​ទាំង​អ្នក​ច្បាប់​ខាង​ព្រះ​រាជ​អាជ្ញា​ អ្នក​អនុវត្ត​ច្បាប់​យើង​មាន​មន្ត្រី​នគ​របាល​យុត្តិធ​ម៌​របស់​ខេត្ត​ចុះទៅ​ជា​មួយ​គ្នា​។​យើង​នឹង​ព្យា​យាម​ពន្យល់​ឱ្យ​គាត់​យល់ ​ប្រសិនបើ​ជា​និយាយ​មិនអាច​យល់​គ្នា​បាន​យើង​នឹង​អនុវត្ត​វិធាន​ការ​ច្បាប់​»​។

​អគ្គ​នាយក​អាជ្ញាធ​រ​ជាតិ​ព្រះវិហារ​បញ្ជាក់​បន្ថែម​ថា ការ​អនុវត្ត​វិធានការ​ច្បាប់​មិន​អាច​ធ្វើទៅ​ទាំង​ស្រុង​ចំពោះ​ពលរដ្ឋ​ទាំង​អស់​ដែល​បាន​ចូល​ទន្ទ្រាន​នោះ​ទេ​​។​ក្រុម​ការងារ​នឹង​សង្កេត​ពិនិត្យ​ស្រាវ​ជ្រាវ​ឱ្យបាន​ច្បាស់ ​ហើយ​អនុវត្ត​តែ​ចំពោះ​មេខ្លោ​ង​ប៉ុន្មាន​នាក់​ដែល​ដឹក​នាំ​ក្នុង​សកម្ម​ភាព​នោះ​តែ​ប៉ុណ្ណោះ​។

​លោក​ថ្លែង​ថា​៖«​យើង​ព្យា​យាម​ធ្វើ​ម៉េច​ឱ្យទាន់​ពេល​គាត់​នៅ​គ្នា​តិច ​កុំឱ្យ​ពួក​គាត់​បង្កគ្នា​មក​កាន់​តែច្រើន​ ព្រោះ​ពេល​គ្នា​គាត់​កាន់​តែ​ច្រើន​យើង​ក៏​ពិបាក​ដោះ​ស្រាយ​ដែរ​។​យើង​មិន​ចង់ឱ្យ​មានការ​ប្រឈម​ជាមួយ​ពួក​គាត់​ទេ យើង​ចង់​ធ្វើការ​អ្វី​ដែល​ជា​ភារ​កិច្ច​របស់​យើង​ក្នុង​នាម​អង្គ​ភាព​១​ដែល​ទទួល​បន្ទុក​ពី​រាជ​រដ្ឋាភិ​បាល​មក​ការ​ពារ​តំបន់​ហ្នឹង​»​។

​លោក ​ប្រាក់ ភី មេឃុំ​​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិ​ហារ បាន​ឱ្យ​ដឹង​ថា ​អាជ្ញា​ធរ​មូល​ដ្ឋាន និង​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារកាល​ពី​ថ្ងៃទី​២៦​ ខែមេសា​ ធ្លាប់​បាន​ចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​សែន​ជ័យ ​អំពី​ព្រះរា​ជក្រឹត្យ​នៃ​ការ​កំណត់​តំបន់​អភិ​រក្ស​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ និង​ច្បាប់​ស្តីពី​ការ​ការ​ពារ​តំបន់​បេតិក​ភណ្ឌ​ដែល​បានចែង​ដោយ​ព្រះរាជ​ក្រឹត្យ​និង​ការ​បង្កើត​អនុ​ក្រឹត្យ​ក្នុង​ការ​បែង​ចែក​តំបន់​ដែល​អាច​អភិវឌ្ឍ​ព្រម​ជា​មួយ​តំបន់​ដែល​ត្រូវ​ការពារ​ដាច់​ខាត​ពីការ​រុករាន​ដីធ្លីក៏​ដូច​ជា​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​។

​លោក​បាន​បញ្ជាក់​ថា យ៉ាង​ណាក៏ដោ​យ ម​កទ​ល់ពេល​នេះ​សកម្ម​ភាព​ទន្ទ្រាន​កាប់​ឆ្ការ​ព្រៃដាំ​ដំណាំ​ផ្សេង​នៅតែ​បន្ត​កើត​មាន​ ទោះបី​អាជ្ញា​ធរ​បាន​ណែ​នាំ​យ៉ាង​ណា​ក៏​ដោយ​៕