សៀមរាបៈ អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី និង​សហគមន៍​កំពង់​ភ្លុក ខេត្តសៀមរាប នឹង​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​បរិស្ថានរយៈ​ពេល ២​ ថ្ងៃ នៅ​ថ្ងៃទី ១៧​ និង ១៨ ខែមិថុនា ដើម្បី​អបអរសាទរ​រដូវ​ទឹក​ឡើង​ ហើយ​​ដើម​ឈើ​ចំនួន​ ១ ០០០ ​ដើម​ នឹងត្រូវ​ដាំ​ក្នុង​ឱកាស​នោះ​ផង​ដែរ។

ព្រឹ​ត្ត​ការណ៍​ទេសចរណ៍​បរិស្ថាន​ប្រចាំឆ្នាំ២០២៣គឺជា​ព្រឹ​ត្តិការណ៍​មួយ ​ដែល​ធ្វើឡើង​ដើម្បី​អបអរសាទរ​ទិវា​បរិស្ថាន​ជាតិនិង​បរិស្ថាន​ពិភព​លោក​៥មិថុនាឆ្នាំ២០២៣ក្រោម​ប្រធាន​បទស្តារ​ឡើងវិញ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេ​សាបនិង​ដើម្បី​អបអ​រសាទរ​ទិវា​មហាសមុទ្រ​ពិភពលោក៨មិថុនាឆ្នាំ២០២៣ក្នុង​រូប​ភាពជា​បុណ្យ​សមុទ្រ​ទឹកសាប​កម្ពុជាដោយ​យក​បឹង​ទន្លេ​សាប​ជា​និមិត្តរូប​នៃ​មហាសមុទ្រស្រប​ពេលរដូវទឹក​ឡើងក្នុង​តំបន់​ទន្លេសាប ក៏នឹង​មក​ដល់ក្នុង​ពេល​ឆាប់ៗ។

លោកស៊ាសុផលប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថាអង្គការ​មូលនិធិ​ទំពាំង​ស្នង​ប្ញ​ស្សី (NGO2) តែងតែ​បើក​យុទ្ធនាការ​ចលនា​សហគមន៍​បឹង​ទន្លេសាប​ឱ្យនាំគ្នា​ចូល​រួម​សម្អាត​បរិស្ថាន​ប្រមូល​សំណល់​ប្លា​ស្ទិ​ក​ទាំង​រដូវ​ទឹកសម្រកនិង​ទឹក​ដំឡើងដោយបាន​សហការគ្នា​យ៉ាង​ល្អជា​មួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់មាន​ទាំង​ក្រសួង-មន្ទីរ​បរិស្ថាន​ខេត្ត​ជា​ដើម។

លោកបាន​បន្តថា៖«ក្នុងនោះដែរ​យើង​តែងតែ​ប្រារព្ធ​ព្រឹត្តិការណ៍​ធំ​ចំនួន២ដង​ក្នុង​១ឆ្នាំគឺ​អបអរ​រដូវ​ទឹក​ឡើង​ក្នុង​ខែ​មិថុនា (ប្រធានបទ​ស្របតាម​ទិវា​បរិស្ថាន​ជាតិនិង​ពិភពលោក៥មិថុនា) នៅពេល​ទឹក​ទន្លេសាប​ចាប់ផ្ដើម​ហូរ​ចូល​ត្រឡប់​មកវិញ​និង​ម្ដងទៀត​ក្នុង​ខែវិច្ឆិកា​នៅពេល​ទឹក​ទន្លេសាប​ចាប់ផ្ដើម​ស្រក​ទៅវិញ (ប្រធានបទ​ស្របតាម​ទិវា​អនា​ម័យ​បរិស្ថាន​ជាតិ២៣​វិច្ឆិកា)»។

លោកស៊ាសុផល​បាន​សង្កត់ធ្ងន់​ថាសម្រាប់​អបអរសាទរ​រដូវ​ទឹក​ឡើង​ក្នុងឆ្នាំនេះព្រឹ​ត្តិ​ការណ៍​ទេសចរណ៍​បរិស្ថាន​ប្រចាំឆ្នាំ២០២៣នឹងមាន​កម្ម​វិធី​បែប​បរិស្ថានបែប​ប្រពៃណី​សាសនានិង​បែប​ទេសចរណ៍​កម្សាន្ត​សប្បាយ​រួមបញ្ចូល​គ្នា​ដោយ​រៀបចំឡើង​ដោយ​ប្រជា​សហ​គមន៍​ដោយ​ផ្ទាល់។

លោក​បញ្ជាក់​ថា៖«ដើម្បី​អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក៥មិថុនានិង​អបអរសាទរ​ទិវា​មហា​សមុទ្រ​ពិភពលោក​៨មិថុនាយើង​បាន​ដំឡើង​កូន​តុក្កតា​យក្ស​មាន​មច្ឆជា​តិនិង​សត្វ​ស្លាប​ចម្រុះ​គ្នា​ចំនួន១២០រូប​ត្រៀម​ដង្ហែ​ក្បួន​នៅក្នុង​សហគមន៍​កំពង់​ភ្លុកទៅកាន់​មាត់បឹង​ទន្លេសាប​នៅ​ល្ងាច​ថ្ងៃទី១៧មិថុនានិង​កម្មវិធី​ដាំ​កូនឈើ​១ ០០០​ដើមនិង​សកម្មភាព​សម្អាត​ប្លា​ស្ទិ​ក​មាត់បឹង​ទន្លេសា​បនៅ​ព្រឹក​ថ្ងៃទី១​៨មិថុនា »។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សីបាន​ឱ្យដឹងថាកម្មវិធី​បរិស្ថានដែលមាន​ក្នុង​ព្រឹ​ត្តិ​ការ​ណ៍​នោះគឺ​ការដាំ​កូនឈើ១ ០០០ដើម​តំណាងឱ្យ​ប្រជាជន​កំពង់​ភ្លុក១ ០០០គ្រួសារ ការ​សម្អាត​សំណល់​​ប្លា​ស្ទិ​ក​នៅ​តាម​មាត់បឹង​ទន្លេ​សាបនិង​យុទ្ធនាការ​គ្រួសារ​ស្អាតជា​គ្រួសារ​គំរូ​ក្នុង​សហគមន៍រួមទាំង​គម្រោង​កម្មវិធី​ប្រមូល​ប្លា​ស្ទិ​ក​តាម​ខ្នង​ផ្ទះ​ផង​ដែរ។

ចំណែក​កម្មវិធី​បែប​ប្រពៃណី​និង​សាសនាគឺមាន​ពិធីបុណ្យ​ឆ្លង​សាលាឆទាន​ស្ពាន​មាត់ទន្លេនិង​ពូន​ភ្នំខ្សាច់សូត្រមន្តរាប់​​បាត្រឆ្លង​និង​ពិធីបួង​សួង​ដឹង​គុណ​ទន្លេសាបខណៈ​កម្មវិធី​បែប​ទេសចរណ៍និង​កម្សាន្តគឺមាន​ការ​ហែ​តុក្កតា​យក្សល្បែង​ប្រជាប្រិយ​ការសម្តែង​ល្ខោនបា​សាក់កីឡា​អ្នក​ចម្បាំង​ទន្លេសាប​អុំទូកជិះ​កង់រត់ប្រណាំងបោះ​ជំរំត​ង់យុវជន​មេត្រី​បរិស្ថានរួមទាំង​ពិ​ព័រណ៍សហគមន៍​ទៀតផង។នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន។

កញ្ញា​មាំពីសីតំណាង​យុវជន​នៅក្នុង​សហគមន៍​កំពង់​ភ្លុកបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថានេះ​គឺជា​ព្រឹត្តិការណ៍​លើក​ទី១ដែល​​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​សហគមន៍​នេះ។​ព្រឹត្តិការណ៍​នេះនឹង​ចូលរួម​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត​ឱ្យមក​កម្សាន្ត​នៅក្នុង​សហគមន៍​កំពង់​ភ្លុក។

កញ្ញា​បញ្ជាក់​ថា៖ «សម្រាប់​ក្រុម​ខ្ញុំគឺ​បាន​បែងចែក​ទៅតាម​ក្រុមហើយ​ក្រុមការងារ​បាន​ណែនាំ​ក្នុងការ​យើង​រៀបចំ​ដំឡើង​តុក្កតា​យក្ស​ទៅតាម​ក្រុមនីមួយៗ។នៅក្នុង​ថ្ងៃ​កម្មវិធី​ខាងមុខគឺ​យើង​នឹងមាន​ការរៀបចំ​កម្មវិធី​បន្ថែម​ផ្សេងៗទៀត​ហើយ​ចំពោះ​ខ្ញុំនិងគ្រូៗនៅក្នុង​សាលា​របស់ខ្ញុំនិង​នៅក្នុង​សហគមន៍កូនសិស្សគឺ​ពិតជា​ទទួលបាន​ចំណេះ​ដឹង​ថ្មី​ក្នុង​ការរៀប​ចំ​កម្មវិធី​ដ៏​ធំ​នេះ»។

សហគមន៍​កំពង់​ភ្លុក​មាន​ប្រជា​សហគមន៍​ប្រមាណ១ ០០០​គ្រួសាររស់នៅក្នុង​ភូមិ​ចំនួន៣គឺ​ភូមិ​ត្នោត​កំបុតភូមិ​គោក​ក្តុលនិង​ភូមិ​ដីក្រហមស្ថិតក្នុង​ឃុំ​កំពង់​ភ្លុកស្រុក​ប្រាសាទបាគងខេត្តសៀមរាប។ភាគច្រើន​ប្រជាពលរដ្ឋ​ ​រស់នៅ​លើផ្ទះ​បណ្តែត​ទឹកនិង​ប្រក​បរបរ​នេសាទ។ ​

សហគមន៍​នេះ​មាន​ភាព​ទាក់ទាញ​ដល់​អ្នកទេសចរ​ដែល​អាច​ទស្សនា​ផ្ទះ​សង់ខ្ពស់ៗនៅលើ​ផ្ទៃ​ទឹកទស្សនា​ភូមិ​បណ្តែត​ទឹកអុំទូក​ទស្សនា​ក្នុងភូមិទស្សនា​ព្រៃ​លិច​ទឹកនិង​អាច​ទស្សនា​ផ្ទៃ​បឹង​ទន្លេសាប​ដ៏​ធំ​ល្វឹង​ល្វើយ​ជាមួយ​នឹង​ទិដ្ឋភាព​ថ្ងៃ​ហៀប​លិច​នៅលើ​ផ្ទៃ​បឹង។

លោក​ឃឹមហ្វី​ណង់​អភិបាលរង​ខេត្តសៀមរាបបាន​អំពាវនាវ​ដល់​សាធារណ​ជនឱ្យចូល​ទស្សនា​មើល​ប្រជា​សហគម​ន៍​​កំពង់​ភ្លុក​ដង្ហែ​សាកល្បង​ទីងមោង​កាន់​ដោយ​ដៃរូប​សត្វ​ស្លាប​ជិត​ផុត​ពូជ​និង​ត្រីកម្រៗធ្វើ​ពី​វល្លិ៍​រំពាក់ឫស្សីនិង​ក្រដា​សដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​នៅក្នុង​សហគមន៍និង​ការអភិរក្ស​ជីវចម្រុះ​នៅតាម​​ដង​បឹង​ទន្លេសាប។

លោកថាការ​ដង្ហែ​ទីងមោង​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ជាច្រើន​ទៀត​ដែល​សហគមន៍​កំពង់​ភ្លុក​គ្រោង​នឹង​រៀបចំ​ឡើង​នៅក្នុង​ព្រឹត្តិការណ៍​ទេសចរណ៍​បរិស្ថាន«បុណ្យ​ឆ្លង​សាលាឆទាន​ឆ្លងស្ពាន​មាត់ទន្លេ» នា​ថ្ងៃទី១៧-១៨ខែមិថុនា​ដើម្បី​អបអរ​សាទរ​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភព​លោក។

លោកបាន​បញ្ជាក់ថា៖«ពិតជា​គួរឱ្យ​ស្ងើច​សរសើរ​គំនិត​ច្នៃប្រឌិតនិង​សកម្មភាពដើម្បី​ប្រយោជន៍​រួម​របស់​បងប្អូន​សហ​គម​ន៍​កំពង់​ភ្លុក​ណាស់។ (ខ្ញុំ) ឃើញ​ហើយ​ធ្វើឱ្យ​មានសង្ឃឹម​យ៉ាងខ្លាំង​ចំពោះ​អនាគត​ដ៏​ស្រស់​ស្អាត​របស់​សហគ​ម​ន៍​មួយ​នេះ»។

លោក​នេត្រភ​ត្ត្រាអ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថានដែល​បាន​ទៅដល់​សហគមន៍​កំពង់​ភ្លុកបាន​និយាយ​​ថាប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់​ភ្លុកបាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​អនាម័យ​បរិស្ថាន​និង​ប្រព័ន្ធ​អេកូឡូស៊ី។

លោក​បន្ត​ថាពលរដ្ឋ​នៅក្នុង​ឃុំ​កំពង់​ភ្លុកបានរៀបចំ​ទុកដាក់និង​ញែក​សំរាម​ដែល​គាត់​បាន​ប្រើប្រាស់​បាន​យ៉ាង​ល្អនិង​មិន​បោះចោល​សំណល់​ប្លា​ស្ទិ​ក​ក្នុង​បរិស្ថាន​នៃ​បឹង​ទន្លេសាបដែល​នេះ​ជា​ការ​​ចូលរួម​ក្នុងការ​ការពារ​ថែរក្សា​ព្រៃ​លិច​ទឹក​ប្រព័ន្ធ​អេកូឡូ​ស៊ី​នៃ​បឹង​ទន្លេ​សាប។

លោក​បញ្ជាក់​​ថា៖«ខ្ញុំ​បាន​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ប្រជា​ពលរដ្ឋនិង​ប្អូន​ៗសិស្សានុសិស្ស​ដើម្បី​លើក​ទឹកចិត្ត​ពលរដ្ឋ​បន្ត​ប្រតិបត្តិ​មេត្រី​បរិស្ថាន។ ជាមួយ​គ្នានេះ​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​កំពង់​ភ្លុក​បានធ្វើ​ការកែច្នៃ​សំណ​ល់​​​ប្លា​ស្ទិ​ក​ជា​រូប​មច្ឆជាតិ​និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទដែល​តំណាងឱ្យ​ភាព​សម្បូរ​បែប​នៃ​ជីវចម្រុះ​​នៅ​បឹង​ទន្លេសាប​ដែលជា​ប្រភព​សន្តិសុខ​ស្បៀង​អាហារនិង​ចំណូល​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ក៏ដូចជា​ការគ្រប់​គ្រង​សំណល់​ប្លា​ស្ទិ​កនៅ​តំបន់​បឹង​ទន្លេ​សាប​ដែរ»៕