ភ្នំពេញៈ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ផ្តល់វគ្គបណ្តុះបណ្តាលនាវាសន្តិភាពមេគង្គ-ឡានឆាង នៅលើកប៉ាល់ដោយធ្វើដំណើរតាមដងទន្លេមេគង្គ ១ សប្តាហ៍ ដល់អ្នកសិក្សាស្រាវជ្រាវ អ្នកតាក់តែងគោលនយោបាយ និងមន្ត្រីរាជការមកពីកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់សំដៅធានាឱ្យបាននូវសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។

វគ្គបណ្តុះបណ្តាលនេះត្រូវបានប្រកាសបើកកាលពីថ្ងៃទី ៣ ខែមិថុនា ដែលមានវត្តមានមន្ត្រីមកពីវិទ្យាស្ថាន AVI ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងមន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា។ វគ្គនេះត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី ៩ ខែមិថុនា ដោយមានវត្តមានតំណាងរាស្ត្រចូលរួមផងដែរ។

AVI បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ១២ ខែមិថុនាថា វគ្គបណ្តុះបណ្តាលនេះ បានធ្វើដំណើរឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងក្រចេះ ដើម្បីឱ្យសិក្ខាកាមបានប្រាស្រ័យទាក់ទងគ្នា និងស្វែងយល់ពីសហគមន៍ និងវប្បធម៌ខ្មែរ។

AVI បញ្ជាក់ថា៖ «កម្មវិធីបណ្តុះបណ្តាលលើនាវានេះ គឺជាផ្នែកមួយ នៃគម្រោងនាវានៃសន្តិភាពមេគង្គ-ឡានឆាង ដែលអនុវត្ត ដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាន ឆាងឆ្នាំ២០២២ ក្នុងគោលដៅលើកកម្ពស់កិច្ចសន្ទនាគោលនយោបាយ ការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងចំណោមយុវជននៅក្នុងតំបន់មេគង្គ ដើម្បីធានាឱ្យបាននូវសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ គម្រោងនាវានៃសន្តិភាពមេគង្គ-ឡានឆាង មានសកម្មភាពធំៗ ២ គឺកម្មវិធីបណ្តុះបណ្តាល និងការបោះផ្សាយសៀវភៅ»។

កម្មវិធីនាវានេះរួមមានវគ្គបណ្តុះបណ្តាល ការចែករំលែកអំពីវប្បធម៌ ទស្សនកិច្ច សកម្មភាពកសាងក្រុម និងការពង្រីកបណ្តាញយុវជន និងផ្តោតលើប្រធានបទ ការកសាងសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាពសហគមន៍ជោគវាសនារួម ការគ្រប់គ្រងទឹក និងសន្តិសុខទឹក-ថាមពល-និងអាហារ។

AVI បញ្ជាក់ថា៖«សិក្ខាកាម ក៏មានឱកាសស្វែងយល់ពីវប្បធម៌ខ្មែរ តាមរយៈទស្សនកិច្ចទៅកាន់រមណីយដ្ឋាន ទេសចរណ៍ និងប្រវត្តិសាស្ត្រនៅខេត្តកំពង់ចាម និងខេត្តក្រចេះដូចជា ប្រាសាទនគរបាជ័យ វត្តភ្នំប្រុស អន្លង់ផ្សោត និងវត្តហាន់ជ័យ»។ សិក្ខាកាមបានកោតសរសើរអំពីបទពិសោធន៍ដែលពួកគាត់ទទួលបានពីកម្មវិធីនេះ ដូចជា ការផ្លាស់ប្តូរចំណេះដឹង ការស្វែងយល់ពីវប្បធម៌ និងការពង្រីកបណ្តាញយុវជនក្នុងតំបន់អាស៊ាន»។

ប្រតិភូនៃកម្មវិធីនាវាក៏បានជួបជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម និងបានធ្វើទស្សនកិច្ចទៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) និងសាកលវិទ្យាល័យវេស្ទីន ដើម្បីសន្ទនានិងចែករំលែកបទពិសោធន៍ជាមួយនិស្សិតខ្មែរ។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយមានសមាជិកសរុប ៦ប្រទេស រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដោយបានផ្តោតសំខាន់លើសសរស្តម្ភ ៣ និងមានវិស័យអាទិភាពចំនួន ៥។

កាលពីខែមិថុនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ-មេគង្គ-ឡានឆាងឆ្នាំ ២០២២ ដែលមានថវិកាប្រមាណជាង ៤ លានដុល្លារអាមេរិក ដោយមានគម្រោងថ្មីចំនួន ១៣ បន្ថែមទៀត ដើម្បីរួមចំណែកបន្ថែមទៀតក្នុងការដោះស្រាយតម្រូវការអភិវឌ្ឍន៍នៅកម្ពុជា។

លោក សុខ សូកេន រដ្ឋលេខាធិការ ក្រសួងការបរទេស បានថ្លែងក្នុងសិក្ខាសាលាមួយកាលពីខែមិថុនា ឆ្នាំ២០២២ ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានបន្តដើរតួនាទីឈានមុខ និងបានពង្រឹងនូវជំនឿចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីនិយម។ វាបានបង្ហាញពី «ភាពជាអ្នកជិតខាងល្អ និងមិត្តភាពដែលមិនអាចកាត់ថ្លៃបាន ដូចពាក្យចាស់ពោលថា ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕