ភ្នំពេញៈ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​ ៥ ​បានស្នើ និង​អំពាវនាវ​ដល់​កង​ទ័ព​ទាំងអស់​ត្រូវ​បន្ត​កិច្ច​សហ​​ការ​ជាមួយនឹង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​ប្រជា​ពលរដ្ឋ​នៅតាម​តំបន់​នីមួយៗ​ដោយ​ពង្រឹង​សាមគ្គីភាព​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា​នូវ​រាល់​និន្នាការ​ដែល​សំដៅ​បង្កចលាចល និង​បង្ក​អស្ថិរភាព​សង្គម​។​

​ការលើកឡើង​ដូចនេះ ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធ​​ផល​នានា​នៅ​បញ្ជាការដ្ឋាន​កង​ពល​តូច​លេខ​ ៧០ នា​ថ្ងៃទី​ ១២ ខែមិថុនា ឆ្នាំ​ ២០២៣ ដោយ​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការទប់ស្កាត់​នេះ​ជា​កិច្ចការ​ទទួលខុសត្រូវ​មួយ​របស់​កង​យោធពលខេមរភូមិន្ទ ពិសេស​កងពល​តូ​ចលេ​ខ​ ៧០​។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ស្នើ​ដល់​មេបញ្ជាការ មេបញ្ជាការ​រង និង​ពលទាហាន​នៃ​កងពល​តូច​លេខ ​៧០ ត្រូវ​បន្ត​អនុវត្ត​កិច្ចសហការ​ដ៏​ល្អប្រសើរ ជា​មួយ​នឹង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ រួម​ជាមួយនឹង​បងប្អូន​ប្រជាជន​នៅតាម​តំបន់​នីមួយៗ ក្នុង​គោលដៅ​ពង្រឹង​សាមគ្គី​ជាតិ ទប់ស្កាត់​ឱ្យបាន​នូវ​និ​ន្នា​ការបង្ក​អរិភាព​ជាតិ​សាសន៍ សាសនា ការទប់ស្កាត់​ឱ្យទាន់​ពេលវេលា​នូវ​រាល់​និន្នាការ សំដៅ​បង្កចលាចល និង​បង្ក​អស្ថិរភាព​សង្គម​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​ថ្លែង ដោយ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​មេបញ្ជាការ មេបញ្ជាការរង និង​ពលទាហាន នៃ​កងពលតូច​លេខ​ ៧០ នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ខិតខំ​ប្រឹងប្រែង ធ្វើ​ពលិកម្ម​ប្រកបដោយ​វីរភាព​ក្លាហាន ក្នុងការ​បំពេញភារកិច្ច​ការពារ បូរណភាព​ទឹកដី ថែរក្សា​សុខសន្តិភាព សុវត្ថិភាព និង​សណ្តាប់ធ្នាប់​បានល្អ​ប្រសើរ​ជូន​សង្គមជាតិ និង​ប្រជាជន​ទាំងមូល​។

​លោកក៏បាន​លើកឡើង​ដែរ​ថា ក្នុង​រយៈពេល ២៩ ​ឆ្នាំ កង​ពល​តូច​លេខ ​៧០ បាន​កសាង​អគារ​រាប់រយ​ខ្នង កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​នានា កសាង​សា​លា​ហ្វឹកហ្វឺន ការបំពាក់​សម្ភារ​កង​ទ័ព​បាន​ពេញលេញ លើក​កម្ពស់​ជីវភាព និង​សុខភាព​កង​ទ័ព​បាន​យ៉ាង​ល្អប្រសើរ​។

​លោក​បាន​បញ្ជាក់ថា ភាព​រីកចម្រើន​លូតលាស់​ជា​លំដាប់​នៃ​កងទ័ព​កម្ពុជា បាន​ផ្ដើមចេញពី​ឆន្ទៈ និង​កម្លាំង​មហា​សាមគ្គី​របស់រ​ណ​សិ​រ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បាន​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ ប៉ុល ពត ថ្ងៃ​ ៧​ មករា ១៩៧៩​។

​លោក ហ៊ុន សែន ថ្លែងថា​៖ «​ថ្ងៃ​ ៧​ មករា ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការកសាង​ឡើងវិញ​នូវ​រាល់​សមិទ្ធផល គ្រប់បែបយ៉ាង​របស់​ប្រជាជន និង​សង្គម​កម្ពុជា រួមទាំង​អាយុជីវិត សិទ្ធិ​សេរីភាព​ប្រពៃណី​ទំនៀមទម្លាប់ ជំនឿ​សាសនា លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដូច​សមិទ្ធផល​ដែល​យើងទាំងអស់គ្នា​កំពុង​ឃើញ​នាពេលនេះ​»​។​

កងទ័ពក្នុងពិធីសម្ពោធសមិទ្ធផលកងពលតូចលេខ ៧០។ រូបថត SPM

​នាឱកាស​នោះដែរ លោក ​ម៉ៅ សុផាន់ មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេ​បញ្ជា​ការ​កងពលតូច​លេខ ​៧០​ ថ្លែង​ក្នុង​ពិធី​នោះដែរ​ថា កងទ័ព​នៃ​កងពលតូច​លេខ​ ៧០ ​ចាប់តាំងពី​ថ្ងៃ​បង្កើតបាន​ជម្នះ​រាល់​ឧបសគ្គ​នានា​ ដើម្បី​សម្រេចបាន​បទ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន សែន​, រដ្ឋ​មន្ត្រី​ការពារជាតិ និង​អគ្គ​បញ្ជា​​ការ និង​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​ដោយ​សម្រេចបាន​ការងារ​ជាច្រើន​។​

​លោក​បាន​បន្តថា ដើម្បី​តបស្នង​គុណ​នូវ​គុណូបការៈ​ដ៏​ធំធេង របស់លោក​នាយក​​រដ្ឋមន្ត្រី​ហ៊ុន សែន លោក​បានធ្វើការ​ប្តេជ្ញាចិត្ត​ដោយ​បន្ត​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​សុខសន្តិភាព អធិប​តេ​យ្យ​ភាព បូរណភាព​ទឹកដី ឱ្យ​ស្ថិតស្ថេរ​រឹងមាំ​ជា​អមតៈ​។​

​លោក ម៉ៅ សុផាន់ បាន​បញ្ជាក់ថា​៖ «​ប្តេជ្ញា​វាយកម្ទេច​រាល់​ការប៉ុនប៉ង ឃុបឃិត​បំផ្លាញ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​វាយបំបាក់​រាល់​ឧបាយកល​ចង់​បង្កើតឱ្យមាន​បដិវត្តន៍​ពណ៌​នៅលើ​មាតុភូមិ​កម្ពុជា និង​ប្រឆាំង​ដាច់​ខាត​នូវ​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​»​។​

​អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា​លោក យង់ ពៅ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​១២ ខែមិថុនា ដែរ​ថា ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន ជា​រឿង​ចាំបាច់​សម្រាប់​ដំណាក់កាល​នៃ​កម្ពុជា​កំពុងតែ​រៀបចំ​ឆ្ពោះទៅ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាល​ទី៧ ​នៅពេល​ខាងមុខ​។​

​លោក​អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជាបាន​ថ្លែង​ទៀតថា ក្នុង​កាលៈទេសៈ​នេះ​មាន​អ្នកនយោបាយ និង​សកម្មជន​ក្រុមប្រឆាំង​មួយចំនួន​នៅតែ​បំផុស​បញ្ហានយោបាយ​មិន​ពិត​មួយចំនួន​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភាន់ច្រឡំ ដូច្នេះ​កង​កម្លាំងប្រដាប់អាវុធ​ក៏ដូចជា​អាជ្ញាធរ​ដែនដី​ត្រូវមាន​ការចាំបាច់​ទប់​ស្កាត់​ការ​ចលាចល​នេះ​។​

​លោក យង់ ពៅ បាន​ថ្លែងថា​៖ «​កម្ពុជា​ទើបតែ​ទទួលបាន​សន្តិភាព​មិន​ជា​យូរ​ប៉ុន្មាន​ទេ ហើយ​យើង​មានលទ្ធភាព​ក្នុងការ​អភិវឌ្ឍ ក៏ប៉ុន្តែ​បើ​មាន​ភាព​ចលាចល​បង្ក​អសន្តិសុខ​ដល់​សង្គម​នោះ អ្វីដែល​បាន​កសាងឡើង​នេះ​នឹងត្រូវ​បំផ្លាញ​មួយ​​រំពេច​ជាមិនខាន​»​។​

​អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជាថ្លែងថា ក្នុងន័យនេះ​រាជរដ្ឋាភិបាល​ត្រូវតែមាន​កាតព្វកិច្ច​ក្នុងការ​ការពារ​សមិទ្ធ​​ផល​ដែល​បាន​កសាង និង​បន្ត​កសាង​ពិសេស​ការពារ​សុខ​សុវត្ថិភាព និង​សន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ទាំងមូល​៕