​ភ្នំពេញៈ សេចក្តីព្រាងច្បាប់​ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រា​នុ​កូ​ល​ដ្ឋា​ន និង​អត្តសញ្ញាណ​កម្ម​ត្រូវបាន​រដ្ឋសភា​អនុម័ត នៅ​ថ្ងៃទី ​១២ ខែមិថុនា ឆ្នាំ ​២០២៣ ដោយមាន​សំឡេងគាំទ្រ​ជា​ឯក​​ច្ឆ​ន្ទ ១០០​ លើ ​១០០​ សំឡេង​។ សេចក្តីព្រាងច្បាប់​នេះ នឹង​អាច​ធានាឱ្យមាន​វិធាន និង​នីតិវិធី​ច្បាស់លាស់ ទាក់ទង​ការចុះបញ្ជី​អត្រានុកូលដ្ឋាន ការចុះបញ្ជី​អត្តសញ្ញាណ​បុគ្គល ការចុះបញ្ជី​ស្នាក់​​នៅ ដើម្បី​ពង្រឹង​បន្ថែមទៀត នូវ​កិច្ចការពារ​សិទ្ធិ និង​ការលើកកម្ពស់​គុណភាព​នៃ​ការ​​ផ្តល់​សេវា​គ្រប់​ប្រភេទ​ជូន​ប្រជាពលរដ្ឋ​។​

​លោ​ក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​តំណាង​រដ្ឋា​​ភិ​បាល​ដែល​បាន​ចូលរួម​ក្នុងសម័យ​ប្រជុំ​លើក​ទី៩ នីតិកាល​ទី​៦​ នេះ បាន​ថ្លែងថា សេចក្តីព្រាងច្បាប់​នេះ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ទៅនឹង​ការរស់នៅ​ជាប្រចាំ​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ពិសេស​ទាក់ទង​នឹង​ការចុះបញ្ជី​កំណើត​ដែល​បាននិងកំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ននេះ​ស្ទើរតែ​ទាំងអស់​គឺមាន​ត្រឹម​កម្រិត​អនុក្រឹត្យ​សម្រាប់​ប្រើប្រាស់​ប៉ុណ្ណោះ​។

​កន្លងមក មានតែ​បទ​ប្បញ្ញត្តិ​ដែល​ទាក់ទង​នឹង​អត្រា​នុ​កូ​ល​ដ្ឋា​ន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្ត​សញ្ញាណ​កម្ម តែប៉ុណ្ណោះ ហើយ​បទ​ប្ប​ញ្ញត្តិ​នៅក្នុង​អនុក្រឹត្យ​ទាំងនោះ​ដែរ កន្លង​មក​ក៏បាន​ធ្វើការ​កែសម្រួល​ជាច្រើនលើក​ច្រើនសា ដែលមាន​ភាព​រប៉ាត់រប៉ាយ អាច​នឹងមាន​ការភាន់ច្រឡំ​ពី​អ្នកប្រើប្រាស់ ហើយក៏​អាច​បង្ក​ផលវិបាក​សម្រាប់​មន្ត្រី​អនុវត្តន៍​ច្បាប់​ផងដែរ​។

លោក ស ខេង មាន​ប្រសា​សន៍​ថា​៖ «​មិនតែប៉ុណ្ណោះ​បទ​ប្បញ្ញត្តិ​ដែល​មានចែង​នៅក្នុង​អនុក្រឹត្យ​ទាំងនោះ​មិនទាន់​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ គឺ​នៅមាន​ចំណុច​ខ្វះចន្លោះ​ជាច្រើន​ដោយ​បញ្ញត្តិ​ខ្លះ​ចែង​ពុំទាន់​បានច្បាស់លាស់ ហើយ​ចំណុច​ខ្លះទៀត​ដែលជា​តម្រូវ​ការចាំបាច់​មិនទាន់​មានចែង​នៅឡើយ​ដែរ​ដែល​ពុំទាន់​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៃ​ការរីកចម្រើន​ក្នុងសង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​ទេ​»​។​

​លោក​បន្ថែមថា សេចក្តីព្រាងច្បាប់​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត ដែល​រៀបចំឡើង​មិន​ត្រឹមតែ​អាចឆ្លើយតប ក្នុងសង្គម​ព្រមទាំង​បានរៀបចំ​ដោយ​ព្យាករ​ទុកជាមុន​រួចជាស្រេច​ទាក់ទង​នឹង​ការបន្ត​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា តម្លាភាព​ក្នុង​ការផ្តល់សេវា និង​បានរៀបចំ​បទ​ប្បញ្ញត្តិ​ដែលមាន​លក្ខណៈ​ទំនើបកម្ម​ស្របតាម​ការរីកចម្រើន​នៅក្នុង​ការដោះស្រាយ​បញ្ហា​ដែល​បាន​ជួបប្រទះ​ក្នុងពេល​អនុវត្ត​ជាក់ស្ដែង​កន្លងមក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធានាបាន​នូវ​ឌីជីថល​នា​ថ្ងៃ​អនាគត​ផងដែរ​។​

​ជាមួយគ្នា​នោះដែរ លោក កែប ជុតិមា ប្រធាន​គណៈកម្មការ​ទី​៤​ នៃ​រដ្ឋសភា បាន​លើកឡើងថា សេចក្តីព្រាងច្បាប់​នេះ​រៀបចំឡើង​ដោយមាន​ភាពស៊ីចង្វាក់ និង​ឆ្លើយ​​ឆ្លង​គ្នា​ជាមួយ​ច្បាប់​ផ្សេងៗ ដូចជា ក្រមរដ្ឋប្បវេណី ច្បាប់​ស្តីពី​នីតិវិធី​បណ្តឹង ទាក់ទង​នឹង​ឋានៈ​បុគ្គល និង​ច្បាប់​ស្ដីពី​នីតិវិធី​នៃ​រឿងក្តី​រដ្ឋប្បវេណី​ដែល​មិនមែនជា​បណ្តឹង​ជាដើម​។

​លោក​ថា​៖ ​​«​សេចក្តីព្រាង​ច្បាប់​ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រា​នុ​កូ​ល​ដ្ឋា​ន និង​អត្តសញ្ញាណ​កម្ម ត្រូវបាន​ពិនិត្យ​ពិភាក្សា និង​កែសម្រួល​ជា​បន្តបន្ទាប់​យ៉ាង​ល្អិតល្អន់ និង​ស៊ីជម្រៅ​ដោយ​ឈរលើ​មូលដ្ឋាន​ធាតុ​ចូល​សំខាន់ៗ​ដែល​ទទួល​បាន​តាមរយៈ​ការប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​ជំនាញ និង​កម្រិត​នយោបាយ​ជា​មួយ​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ ហើយ​ជា​ចុង​​ក្រោយ ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈ​រដ្ឋមន្ត្រី នៅ​ថ្ងៃទី​ ១៩ ខែឧសភា ឆ្នាំ​ ២០២៣ ដើម្បី​បញ្ជូន​ទៅសុំ​ការពិនិត្យ និង​អនុ​ម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដែល​រួមមាន ​១២ ​ជំពូក និង ​១៨២ មាត្រា​»​។​

​បើតាម​សេចក្តីព្រាងច្បាប់​នេះ វា​មាន​វិសាលភាព​អនុវត្តន៍​ចំពោះ​ជន​គ្រប់រូប​ដែល​រស់នៅ​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​បរទេស​ផងដែរ​។​

​លោក យ៉ង់ គិ​ម​អេង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP)​ ថ្លែងថា ការរៀបចំ​សេចក្តីព្រាង​ច្បាប់​ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​​កម្មនេះ គឺជា​រឿង​ល្អ បើសិនជា​វា​ធ្វើឡើង​សម្រាប់​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែល​មិនមែនជា​ការបន្ថែម​បន្ទុក​ដល់​ពលរដ្ឋ​។

​លោក គិ​ម​អេង បញ្ជាក់ថា​៖ «​ថ្វីដ្បិតតែ​ខ្ញុំ មិនទាន់បាន​មើល​លម្អិត​ពី​សេចក្តីព្រាង​ច្បាប់​នេះ​នៅឡើយ ប៉ុន្តែ​ខ្ញុំ​យល់ថា ជាការ​ល្អ បើសិន​ច្បាប់​នេះ ធ្វើឡើង​សម្រាប់​សម្រួល​ដល់​ពលរ​ដ្ឋ​មិនមែនជា​បន្ទុក​សម្រាប់​ព​ល​រដ្ឋ​។ មានន័យថា ពលរដ្ឋ​ងាយ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ឬ​ឯកសារ​អត្រា​អនុ​កូ​ល​ដ្ឋា​ន​នានា នោះ​ច្បាប់​បានរៀបចំ​មកនេះ​មាន​ប្រយោជន៍​»​។

​លោក​បានផ្តល់​យោបល់​ថា គួរតែ​មានការ​ផ្តល់ព័ត៌មាន​ដល់​ពលរដ្ឋ ដែល​គ្រប់​អាយុ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​នេះ ឱ្យបាន​ទៀងទាត់ ស្នើឱ្យ​មាន​បទ​ប្បញ្ញត្តិ ដាក់ទោស​ទណ្ឌ​ដល់​មន្ត្រី​ណា ដែល​អនុវត្ត​ការងារ​មានការ​យឺតយ៉ាវ មិន​យកចិត្តទុកដាក់​នឹង​ការងារ គឺ​កាន់តែ​ល្អ ដើម្បី​អាចឱ្យ​មន្ត្រី​ទាំងនោះ​មាន​ភាព​រាង​ចាល និង​កាត់បន្ថយ​បញ្ហា​ដែល​កើតមាន​នាពេល​កន្លងមក​៕