ភ្នំពេញៈ អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា ដែលជា​ស្ថាប័ន​ធ្វើ​លទ្ធកម្ម​ឈានមុខ​គេ​នៃ​យន្តការ​ផ្គត់ផ្គង់​បរិក្ខារ​ប្រយុទ្ធ និង​ព្យា​បាល​ជំងឺ​កូ​វីដ​ ១៩ (ACTA)​ បានផ្តល់​ឧបករណ៍​វេជ្ជសាស្ត្រ​សម្រាប់​ការព្យាបាល​ដោយ​អុក​ស៊ី​ហ្ស៊ែ​ន ដល់​ក្រសួង​សុខា​​ភិ​បាល​កម្ពុជា ដែលមាន​តម្លៃ រហូតដល់​ ៧ លាន​ដុ​លា្ល​រអា​​មេ​រិ​ក​។​

​ពិធី​ប្រគល់​ទទួល​ឧបករណ៍​វេជ្ជសាស្ត្រ​ទាំងនេះ ត្រូវបាន​ប្រារព្ធ​ធ្វើ​ទ្បើង​នៅ​ទី ​១២ ខែ​មិថុនា ឆ្នាំ​ ២០២៣ នា​ឃ្លាំង​ស្តុក​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក ដោយមាន​ការចូល​រួម​ពី​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សុខាភិបាល លោក វី​ល ផាក​ស៍ តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា និង​មន្ត្រី​នានា​មកពី​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួង​សុខាភិបាល​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ដែរថា អំណោយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យូ​នី​​សេ​ហ្វ ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខា​ភិ​បាល​របស់​កម្ពុជា សម្រាប់​ការ​​ថែទាំ​សុខភាព​បឋម​ប្រកបដោយ​សមភាព ក្រោយ​ដំណាក់កាល​នៃ​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ បង្កដោយ​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩​។​

​លោក វី​ល ផាក​ស៍ ថ្លែងថា ក្នុង​អំ​ទ្បុ​ង​នៃ​ការរីក​រាតត្បាត​កូ​វីដ​ ១៩ លោក​ឃើញថា ការ​ទទួលបាន​ឧបករណ៍​អុក​ស៊ី​ហ្ស៊ែ​នមាន​ភាពមិន​ស្មើគ្នា​នៅក្នុង​សកលលោក ដែល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បណ្តា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​។

​លោក​ថ្លែងថា​៖ «​យើង​មាន​មោទនភាព​ក្នុងការ​ដើរតួនាទី​ជា​ផ្នែក​មួយ​នៅក្នុង​សកលលោក ដើម្បី​ដោះស្រាយ​គម្លាត​សមភាព​នេះ ស្របពេល​ដែល​យើង​កំពុង​លើកកម្ពស់​សមត្ថភាពរ​បស់​កម្ពុជា លើ​វិធានការ​សង្គ្រោះ​ជីវិត​សម្រាប់​កុមារ និង​គ្រួសារ​ពួកគេ​»​។

​លោក​ថ្លែងថា ផ្នែក​មួយ​នៃ​ការ​ស្តារ​ទ្បើង​វិញ​ពី​ជំងឺ​រាតត្បាត អង្គការ​យូ​នី​សេ​ហ្វ នៅតែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការគាំទ្រ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ធានា​គុណ​ភាព និង​ការទទួលបាន​ដោយ​សមភាព​នៃ​សេវា​សុខភាព ការ​កាត់បន្ថយ​បន្ថែមទៀត​មរណ​​ភាព​មាតា និង​ទារក ដើម្បី​អាចឱ្យ​កុមារ​គ្រប់រូប​មាន​សុខ​ភាពល្អ និង​ឱកាស​ប្រសើរ​ជាង​មុន​ក្នុង​ការសម្រេច​សក្តានុពល​របស់ខ្លួន​។

​បើតាម​អង្គការ​យូ​នី​សេ​ហ្វ​ដដែលបាន​បញ្ជាក់ថា ចាប់​តាំង​ពី​មានការ​រាតត្បាត​ដំបូង​នៃ​ជំងឺ​​កូ​វីដ យូ​នី​សេ​ហ្វ​បានផ្តល់​ឱ្យ​កម្ពុជា​នូវ​អំណោយ​គិត​ជា​ទឹកប្រាក់​ជាង​ ៤៤ លាន​ដុល្លារ​អាមេរិក ដោយ​រួមមាន​ឧបករណ៍​វេជ្ជ​សាស្ត្រ និង​ទូ​ប្រព័ន្ធ​ត្រជាក់​ខ្លាំង​វ៉ាក់សាំង​កូ​វីដ និង​ឱសថ ដោយមាន​ការគាំទ្រ​ពី​ដៃគូ​មួយចំនួន​ដូចជា ទីភ្នាក់ងារ​សហរដ្ឋ​អា​មេ​រិ​ក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) រាជរដ្ឋាភិបាល​ជប៉ុន អូស្ត្រាលី និង​សាធារណរដ្ឋ​ឆែក​។​

​លោកស្រី យក់ សម្បត្តិ ថ្លែងថា ការគាំទ្រ​ដ៏​មានតម្លៃ​របស់​យូ​នី​សេ​ហ្វ ក្នុងការ​ឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាព​នឹង​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩ និង​ធានា​នូវ​ការបន្ត​ផ្តល់​សេវា​សុខភាព​សំខាន់ៗ​សម្រាប់​ស្ត្រី និង​កុមារ ដូចជា​ការផ្តល់​ថ្នាំ​បង្ការ​ជាប្រចាំ និង​សេវា​ថែទាំ​សុខភាព​មាតា និង​ទារក​ជាដើម​។

​លោកស្រីថ្លែងថា​៖ «​ភាពជា​ដៃគូ របស់​យើង​ជាមួយ​យូ​នី​សេ​ហ្វ បាន​ជួយ​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ហើយ​អំណោយ​ឧ​បក​រណ៍​វេជ្ជសាស្ត្រ​អុក​ស៊ី​ហ្ស៊ែ​ន ថ្ងៃ​​នេះ គឺជា​ជំហាន​មួយ​ក្នុង​ការធ្វើ​ទំនើបកម្ម​សម្ភារ​បរិក្ខា​រវេ​ជ្ជ​សាស្ត្រ និង​ប្រព័ន្ធ​តាមដាន ដែល​អាចជួយ​កាត់បន្ថយ​អត្រា​មរណភាព​មាតា ទារក និង​កុមារ​»​។

​ឧបករណ៍​បង្កើន​កម្រិត អុក​ស៊ី​ហ្ស៊ែ​ន ម៉ូនីទ័រ​សម្រាប់​អ្នកជំងឺ ឧបករណ៍​ពិនិត្យ​កម្រិតអុក​ស៊ី​ហ្ស៊ែ​ន ក្នុង​ឈាម ឧបករណ៍​បញ្ចូលអុក​ស៊ី​ហ្ស៊ែ​ន​ក្នុង​សួត និង​ឧបករណ៍​សម្រាប់​ព្យាបាល​អុក​ស៊ី​ហ្ស៊ែ​នដទៃទៀត​។ ឧបករណ៍​ទាំងនេះ​នឹងត្រូវ​បែងចែក​ទៅកាន់​មណ្ឌល​សុខា​ភិ​បាល​ចំនួន ១៣១ ​កន្លែង​៕