ភ្នំពេញៈ លោក សាម អុីន ដែលជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ទើប​ទទួលបាន​តំណែង​ជា​រដ្ឋ​លេ​ខាធិការ​ក្រសួងបរិស្ថាន បាន​លើក​រឿង​សំខាន់​ចំនួន ២ ទៅកាន់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការដាំ​ដើមឈើ​ឡើងវិញ និង​ការ​រក្សាទុក​ផ្ទៃ​បឹងមួយចំនួន​នៅ​រាជធានី​ភ្នំពេញ។

ការលើកឡើង​នេះ បាន​ធ្វើឡើងនៅពេលដែល​លោកសាម អុីន បាន​ចូលជួប​សម្ដែងការគួរសម និង​ថ្លែងអំណរគុណ ដោយផ្ទាល់​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​រសៀល​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ​រយៈពេល​ជាង២​ម៉ោង ហើយ​នេះ​ជា​លើកដំបូងហើយ​ដែល​លោក បាន​ជួប​ដោយផ្ទាល់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី បន្ទាប់ពី​លោក​ឈាន​ចូលមកកាន់គណ​បក្ស​ប្រជាជន។

ក្នុងឱកាស​នោះ លោក បានលើកឡើង​រឿងរ៉ាវ​ជាច្រើន ហើយ​រឿង​ដែល​សំខាន់​នោះ គឺ​ទាក់ទង​ទៅនឹង​វិស័យ​បរិស្ថាន អំពី​សារៈសំខាន់​នៃ​យុទ្ធនា​ការដាំ​ឈើ​ឡើងវិញ​តាម​ផ្ទះ តាមផ្លូវ​ក្នុងភូមិ តាម​សាលារៀន និង​វត្ត​អារាម​ឱ្យមាន​ពណ៌​បៃតង​ស្រស់ស្អាត និង​សារប្រយោជន៍​នៃ​ការ​រក្សាទុក​ផ្ទៃ​បឹងមួយចំនួន​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ជួយ​លើកស្ទួយ​សោភណភាព​ទីក្រុង និង​ផាសុកភាព​ប្រជាពលរដ្ឋ។ នេះ​បើតាម​ការអះអាង​របស់​លោក សាម អុីន នៅ​ថ្ងៃទី១៣ ខែមិថុនា​នេះ។

ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ទើប​ទទួលបាន​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក សាម អុីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាង​​ថា៖«ការដាំ​ឈើ​តាម​ផ្ទះ គឺ​សម្តេចនាយក​គាត់​លើកឡើងថា គួរ​ដាំ​ដើម​​ហូប​ផ្លែអ៊ី​ចឹ​ង​ទៅ នឹង​ជួយផ្តល់​ជា​ផ្លែឈើ​សម្រាប់​ហូប និង​ជា​ម្លប់។ (លោក) ក៏មាន​ការជជែក​ពិភាក្សា​បន្ថែមថា បើ​ដាំ​តាម​ផ្ទះ​ហើយ គួរ​ដាំ​តាមផ្លូវ​ក្នុងភូមិ តាម​សាលារៀន និង​វត្ត​អារាម ឱ្យមាន​ដើមឈើ​ដែល​ផ្តល់​ជា​ម្លប់​បៃ​តង ហើយឱ្យ​រុញ​សកម្ម​ភាព​ទាំងនេះឱ្យទៅជា​យុទ្ធនាការ​ថ្នាក់ជាតិ​តែម្តង»។

លោក ថ្លែងថា ​ដើម្បីឱ្យ​សកម្មភាព​នៃ​ការដាំ​ដើមឈើ​ឡើងវិញ​ទូទាំងប្រទេស បានលេចជារូបរាង និងទទួលបាន​ជោគជ័យ គឺ ដំបូង​ក្រសួង​កំពុង​រៀបចំ​សៀ​វភៅ​ផែន​ការ​សម្រាប់​ជំរុញ​ការផ្សព្វផ្សាយ ហើយ​ជាពិសេស​នោះ គឺ​ត្រូវការ​ជា​ចាំបាច់​ការ​ចូលរួម​ពី​សំណាក់​អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ​ដោយផ្ទាល់។

លោក បាន​បញ្ជាក់ថា៖«យើង​មិនទាន់​អនុវត្តបានភ្លាមៗទេ ព្រោះ​គម្រោង​យើង​ដែល​លើកឡើង​នេះ គឺត្រូវធ្វើ​ឡើងជា​ជំ​ហានៗ ទី១ យើង​ត្រូវ​ដាក់បញ្ចូល​ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងបរិស្ថាន (សៀវភៅ​ស) ដែល​ក្រសួង​កំពុង​ធ្វើ​សេចក្តីព្រាងក្នុងពេល​នេះ។ ទី២ យើង(ក្រសួងបរិស្ថាន) ក៏​កំពុងធ្វើការ​ផ្សព្វផ្សាយ ដើម្បី​ជំរុញ​ជា​គំរូ​ទៅកាន់​អាជ្ញាធរ​ដែន​​ដី ឱ្យគាត់យល់ដឹង​ពី​សារៈសំខាន់ និង​ចូលរួមជំរុញ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ពី​ការដាំ​ដើមឈើ​នេះ។ ខ្ញុំ​នឹង​ព្យាយាម​ធ្វើការ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​រុញ​រឿងនេះឱ្យបាន​លឿន»។

លោក សាម អុីន ថ្លែងថា តាម​គម្រោង និង​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេល​ជួបពិភាក្សា​អំពី​យុទ្ធនា​ការដាំ​ឈើ​ឡើងវិញ​តាម​ផ្ទះ តាមផ្លូវ​ក្នុងភូមិ តាម​សាលារៀន និង​វត្ត​អារាម​នេះ លោក​អាច​នឹង​ដាក់ឱ្យ​ដំណើរ​ការ​ក្នុងពេល​សមរម្យ​ណាមួយដែលជា​ទិវា​រុក្ខា ដើម្បី​ជំរុញ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​យក​ចិត្ត​ទុកដាក់​ពី​បញ្ហា​នេះ។

លោក សាម អុីន ថ្លែងថា ដើម្បី​រក្សា​បឹងមួយចំនួន ដូចជា បឹង​តា​មោក បឹងទំពុន និង​បឹង​ជើង​ឯក​ជាដើម។ លោក ចាត់ទុកថា​ ការរក្សា​ផ្ទៃ​បឹង​ទាំងនេះ នៅក្នុង​ក្រុង ហើយធ្វើការអភិវឌ្ឍជា​សួន​សាធារណៈ​ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ក្នុងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និងធម្មជាតិ។

លោក បាន​បញ្ជាក់ថា៖«ក្រោយ​លើកឡើង​ពី​បញ្ហា​នេះ លោក (ហ៊ុន សែន) បាន​ពន្យល់​មកវិញ​ថា បឹង​ទាំងនោះ គឺ​នឹងត្រូវ​រក្សាទុក​ខ្លះ និង​អាច​លុប​ខ្លះ ព្រោះ​តម្រូវ​ការអភិវឌ្ឍ​គឺ​ទាមទារ​ឱ្យមាន​ការ​លុប​ខ្លះ និង​មាន​ទុក​ផ្ទៃ​បឹង​ខ្លះសម្រាប់​រក្សា​ទឹក​ទុក និង​អាច​រៀបចំ​សួនច្បារ»។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា បាន​និយាយថា ការលើកឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​រវាង​មន្ត្រី​នៅក្រោម​ឱវាទ ទៅកាន់​ថ្នាក់ដឹកនាំ​ប្រទេស​បែបនេះ គឺជា​រឿង​ល្អ ដែលកន្លងមក រដ្ឋាភិបាល បាន​ធ្វើ​ដូចជា កម្មវិធី​បូកសរុប​ការងារ​ឆ្នាំ​ចាស់​បន្តទៅ​ឆ្នាំ​ថ្មី​ជាដើម។ ចំពោះ​ការរាយការណ៍​របស់លោក សាម អុីន ទៅកាន់​នាយករដ្ឋមន្ត្រី​ផ្ទាល់ដើម្បី​សុំ​ការគាំទ្រ និង​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​បែបនេះ ក៏​រឹត​តែមាន​សារៈសំខាន់ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ជា​អាទិភាព។

លោក បាន​បញ្ជាក់ថា៖«ករណី​លោក​បណ្ឌិត សាម អុីន លើក​សំណូ​ម​ពរ​ទៅ​សម្តេច​ហ៊ុន សែន ពីអ្វី​ដែលជា​បញ្ហា​អាទិ​ភាព​ដែល​លោក​យល់ឃើញ គឺជា​រឿង​មួយ​ល្អ ដើម្បី​បង្កើន​បរិយាកាស​នៃ​ការពិភាក្សាគ្នា ក៏ដូចជា​ការរាយការណ៍​ជូន​នូវ​អ្វីដែល​លោក សាម អុីន លោក​មើលឃើញ។ សម្រាប់​ខ្ញុំ រាល់​បញ្ហា​ប្រឈម​មួយចំនួន​ដែល​កើតឡើង​នៅ​សហគមន៍ ជាពិសេស​បញ្ហា​ដែល​លោក​សាម អុីន លើកឡើង​នេះ គឺជា​រឿង​ល្អ បើសិន​ជាមាន​ចំណុច​ចាប់ផ្តើម​ពី​ភាគី​រដ្ឋាភិបាល ហើយ​ស្វែងរក​ការគាំទ្រ​ពី​ដៃគូ​ពាក់ព័ន្ធ និង​សហគមន៍​ប្រជាពលរដ្ឋ​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ»៕