
កិច្ចក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ រូបថត ក្រុមការងារទឹកស្អាត
ភ្នំពេញៈ ក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ បានបើកកិច្ចប្រជុំលើកទី១៧ នៃអនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាពរបស់ខ្លួនសម្រាប់ដាក់ចេញជាសកម្មភាពអាទិភាពក្នុងការអនុវត្តចាប់ពីខែកក្កដា ឆ្នាំ ២០២៣ ដល់ខែធ្នូ ឆ្នាំ ២០២៤។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសណ្ឋាគារ HYATT រាជធានីភ្នំពេញ បន្ទាប់ពីសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពីសេវាផ្កត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលគិតគូរដល់អាហារូបត្ថម្ភត្រូវបានផ្សព្វផ្សាយកាលពីខែឧសភា ដើម្បីក្រុមការងារ បានជួបពិគ្រោះយោបល់លើសកម្មភាពអនុវត្តជាអាទិភាពផងដែរ។
លោក ជា សំណាង ប្រធានអនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ បានថ្លែងថា កិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីធ្វើបច្ចុប្បន្នភាពវឌ្ឍនភាព លទ្ធផល និងកំណត់សកម្មភាពអាទិភាពរបស់ W&N SWG ដើម្បីអនុវត្តក្នុងឆ្នាំបន្ទាប់ក្នុងការបន្តសកម្មភាពគាំទ្រ និងជំរុញលើការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភនៅកម្ពុជា។
លោក បានបញ្ជាក់ថា៖«សកម្មភាពអាទិភាពបន្តសម្រាប់ W&N SWG នឹងផ្តើមចាប់ពីខែកក្កដា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំ២០២៤ ដោយផ្តោតគោលនយោបាយ បទប្បញ្ញត្តិ និងក្របខ័ណ្ឌយុទ្ធសាស្ត្រ។ យើងក៏ផ្តោតលើការសម្របសម្រួល ការតស៊ូមតិ និងការកសាងសមត្ថភាព ការរៀនសូត្រ និងការចែករំលែកផងដែរ»។
លោក ហេង ចាន់ថុន តំណាងអង្គការវឌ្ឍនភាព(WP) ដែលជាអង្កការដៃគូក្នុងការអនុវត្តគម្រោងនេះ បានរៀបរាប់ថា បច្ចុប្បន្ន អង្គការវឌ្ឍនភាព(WP) កំពុងប្រតិបត្តិគម្រោងក្នុងខេត្ត ក្រចេះ ព្រៃវែង ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តបន្ទាយមានជ័យ និងមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ សម្រាប់ផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០២២-២០២៦) គឺធ្វើយ៉ាងណាផ្តោតលើការអប់រំដើម្បីជីវិតប្រសើរឡើង ផ្តោតលើសហគមន៍គាំទ្រអាហារូបត្ថម្ភ។
លោក បញ្ជាក់ថា៖«ផែនការយុទ្ធសាស្ត្រនេះ ក៏ផ្តោតើលើអភិបាលកិច្ចល្អ និងគណនេយ្យភាពសង្គម ការបង្កើនប្រាក់ចំណូល និងការចិញ្ចឹមជីវិត រួមទាំងស្ត្រីក្នុងភាពជាសហគ្រិនផងដែរ ដោយធ្វើយ៉ាងណាធានាថា គ្រួសារដែលមានកុមារអាយុក្រោម០ ឆ្នាំដល់ក្រោម៥ឆ្នាំ ទទួលបានការអប់រំ សន្តិសុខស្បៀង អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ»។
លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិ បាននិយាយថា ការជួបជជែកគ្នានេះ គឺការងារមួយដែលសំខាន់សម្រាប់ក្រុមការងារមកពីស្ថាប័នរដ្ឋាភិបាល និងអង្កការសង្គមស៊ីវិល ដើម្បីរួមគ្នាធ្វើយ៉ាងណាដាក់ចេញសកម្មភាពចាំបាច់លើកការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យ ដោយគិតគូរពីអាហារូបត្ថម្ភ ឱ្យស្របតាមគោលការណ៍ប្រតិបត្តិថ្នាក់ជាតិ។
លោក បានបញ្ជាក់ថា៖«កិច្ចប្រជុំនេះ គឺយើងមិនត្រឹមតែពិនិត្យមើលពីលទ្ធផលនោះទេ ជាពិសេសគឺពិនិត្យមើលទៅលើសកម្មភាព ដែលត្រូវធ្វើបន្ត នៅពេលដែលគោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពីទឹកស្អាន និងអនាម័យ ដែលត្រូវគិតគូរពីអាហារូបត្ថម្ភនេះ បានដាក់ឱ្យប្រើប្រាស់។ យើងត្រូវតែធ្វើឱ្យសម្រេចតាមផែនការនៅក្នុងក្រុមការងាររបស់យើង»។
តាមគោលការណ៍ប្រតិបត្តិថ្នាក់ជាតិ ដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីខែឧសភា បានបង្ហាញពីគន្លឹះណែនាំចំនួន៥ដោយទី១ផ្តោតលើការកំណត់តំបន់ភូមិសាស្ត្រគោលដៅសម្រាប់អន្តរាគមន៍បញ្ចូលគ្នានៃសេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ដោយផ្អែកលើតម្រូវការសហគមន៍ តាមរយៈការវាយតម្លៃអត្រាគ្របដណ្តប់ ប្រភេទហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ សមភាពនៃការទទួលបានសេវា និងអត្រាប្រេវ៉ាឡង់កង្វះអាហារូបត្ថម្ភកុមារ។
ចំណុចទី២ ផ្តោតលើការកំណត់សេវាដែលមានការផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ និងបង្កើតតម្រូវការដើម្បីទទួលបានលទ្ធភាពស្មើគ្នា។នៅក្នុងដំណាក់កាលរៀបចំផែនការ អ្នកអនុវត្តត្រូវវាយតម្លៃអត្រាគ្របដណ្តប់និងកំណត់អ្នកផ្តល់សេវាដែលមានស្រាប់សម្រាប់សេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ។
ចំណុចទី៣ ផ្តោតលើការផ្លាស់ប្តូរឥរិយាបថ និងជំនឿប្រកបដោយនិរន្តរភាព និងជះឥទ្ធិពលលើវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ដែលផ្តោតលើយេនឌ័រ និងយុវជន។ ចំណែកទី៤ ផ្តោតលើការពង្រឹងគណនេយ្យភាព និងជំរុញការចូលរួមពីវិស័យឯកជននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរួមទាំងការអភិវឌ្ឍសមត្ថភាពរបស់ក្រសួងពាក់ព័ន្ធថ្នាក់ក្រោមជាតិ និងសមាជិកក្រុមប្រឹក្សាឃុំ។
ចំណុចទី៥ គឺផ្តោតចម្បងលើកុមារ ជាពិសេសផ្តោតលើកិច្ចអន្តរាគមន៍១ ០០០ថ្ងៃដំបូងនៃជីវិត។ កិច្ចអន្តរាគមន៍ត្រូវផ្តោតការយកចិត្តទុកដាក់និងបញ្ជ្រាបរាល់សកម្មភាពដែលគិតគូរកុមារជាចម្បងក្នុងគោលបំណងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់អាហារូបត្ថម្ភកុមារ ចាប់ពីដំណាក់កាលដំបូងនៃជីវិតរហូតដល់កុមារអាយុ៥ឆ្នាំ៕