ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បានប្រកាស​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ ស្តីពី​ការបោះឆ្នោត​ដោយ​តម្រូវឱ្យ​បេក្ខជន​ឈរឈ្មោះ​ឱ្យគេ​បោះ​​ឆ្នោត​ត្រូវ​ទៅ​បោះឆ្នោត​លើក​ទី​១ ​ដើម្បី​ឆ្លើយតប​ទៅនឹង​​ក្រុមប្រឆាំង នៅក្រៅ​ប្រទេស​ដែល​ធ្វើ​យុទ្ធនាការ WiFi ដោយបាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មិន​ឱ្យទៅ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៧​ ដែល​នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ ២០២៣​។​

​លោក​បាន​ថ្លែង​ដូចនេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជិត ២ ​ម៉ឺន​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ញនា​ថ្ងៃ​ ១៣ ខែមិថុនា​ ដោយ​លោក​ក៏បាន​ជំ​រុញឱ្យ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង និង​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ ធ្វើការ​ងារ​នេះ​ឱ្យបាន​លឿន និង​ដាក់ចូល​រដ្ឋសភា ដើម្បី​ធ្វើការ​អនុម័ត​ឆាប់ៗ​។​

​សូម​បញ្ជាក់ដែរថា យុទ្ធនាការ WiFi ដែល​ត្រូវ​បានរៀបចំ​ដោយ លោក រី គា សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅក្រៅ​ប្រទេស ដែល​បាន​ដាក់ចេញ​នូវ​ពាក្យស្លោក​ថ្មី​ថា «​ខ្ញុំ​មិន​ទៅ​បោះឆ្នោត​ជា​សិទ្ធិ​របស់ខ្ញុំ​។​បើ​នៅតែ​បង្ខំ ខ្ញុំ​នឹង​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​» ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ​១១ ខែមិថុនា​។​

​ជាការ​ឆ្លើយតប​នឹង​យុទ្ធនាការ​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់ថា ៖ «​អ៊ីចឹង​! ខ្ញុំ​សុំ​ស្នើឱ្យ​លោក​ឯង កុំ​ដកថយ​ឱ្យសោះ លោក​ឯង​ត្រូវតែ​បន្ត​។ ពេលដែល​យើង​ចាប់ផ្តើម​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​នាពេលខាងមុខ ត្រូវធ្វើ​ការកែទម្រង់​នៃ​សិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត ដោយ​យើង​យកតាម​បែប​របស់​ប្រទេស​ថៃ ដែលមាន​គណបក្សនយោបាយ​មួយ​បាន​បាត់បង់​តំណាងរាស្ត្រ ១៨ រូប ដោយសារ​តំណាងរាស្ត្រ​នោះ មិនបាន​ទៅ​បោះឆ្នោត​លើក​ទី​ ១»​។

​លោក​បន្តថា ៖ «​បើ​អ្នកឯង​មិនបាន​បោះឆ្នោត​ថ្ងៃ​ ២៣​ ខែកក្កដា ឆ្នាំ ​២០២៣ អ្នកឯង​គ្មាន​សិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត សម្រាប់​តំណែង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ តំណែង​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​-​ខណ្ឌ​-​ក្រុង​-​ខេត្ត​រាជ​-​ធានី សម្រាប់​តំណែង​សមាជិក​ព្រឹទ្ធសភា និង​តំណែង​សមាជិក​រដ្ឋសភា នៅ​ឆ្នាំ​ ២០២៨​។ អ៊ីចឹង​ខ្ញុំ​វ៉ៃ​ឱ្យ​អ្នកឯង​ឱ្យ​ចប់​រឿង ដោយសារ​អ្នកឯង​ចេះតែ​កេះ​ខ្នង​ខ្ញុំ ចេះតែ​ចាក់​ខ្ញុំ​»​។​

​បើតាម​លោកនាយក​រដ្ឋមន្ត្រី រាជរដ្ឋាភិបាលនឹងធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ ៣៥ ​និង​ ៣៦ ​ស្តីពី​ការបោះឆ្នោត​ដោយ​មិនបាន​ដកហូត​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ឬ​មនុ​ស្សណា​ទាំងអស់​សម្រាប់​ការបោះឆ្នោត ប៉ុន្តែ​តម្រូវឱ្យ​អ្នក​ដែល​ឈរឈ្មោះ​ឱ្យគេ​បោះ​​ឆ្នោត ត្រូវតែ​បាន​បោះឆ្នោត​លើក​ទី ១​។

​លោក​សង្កត់ធ្ងន់ថា​៖ «​កុំ​ភ្លេច​ណា សភា បើទោះបី​កំពុង​យុទ្ធនាការ​បោះឆ្នោត​ក៏​សភា​អាច​បើកប្រជុំ​បានដែរ ប៉ុន្តែ​យើង​ចង់​ធ្វើឱ្យបាន​មុន​យុទ្ធនា​ការបោះឆ្នោត​ចាប់ផ្តើម​ដើម្បី​ទះកំផ្លៀង​អ្នកឯង​ឱ្យ​កប់​នៅ​កៀនជញ្ជាំង​។ អ៊ីចឹង​! អ្នកឯង​អត់​បាន​ឈរឈ្មោះ​មួយជីវិត​។ ប្រាប់​លោក​ឯង​ឱ្យដឹង​»​។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​លោក ហេង សំរិន​ប្រធានរដ្ឋសភា ជួយ​ព​ន្លឿ​ន​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​នេះ​ឱ្យបាន​លឿន​ផងដែរ​។​

​តាមរយៈ​សារ​សំឡេង​ពិសេស​នៅ​ព្រលប់​ថ្ងៃទី​ ១២ ខែមិថុនា លោកនាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ដែរ​ថា រាជរដ្ឋាភិបាល​បាន​ប្រកាន់ខ្ជាប់​នូវ​សិទ្ធិ​ពលរដ្ឋ ចំពោះ​ការចូលរួម​ឬ​មិន​ចូលរួម សម្រាប់​ការបោះឆ្នោត​ដោយ​ពួកគេ​អាច​ទៅ​បោះឆ្នោត​ឬ​មិនអាច​ធ្វើការ​បោះឆ្នោត​បាន​នោះ​គឺជា​សិទ្ធិ​ជ្រើសរើស​របស់​ប្រជាជន​។

​លោក ហ៊ុន សែន បញ្ជាក់ថា ៖ «​អ្នក​ដែល​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​ត្រូវមាន​ការទទួលខុសត្រូវ ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម​ប្រជា​ធិ​តេ​យ្យ​ដោយ​ចាប់ផ្តើម​ពី​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​សិទ្ធិ​បោះឆ្នោត​ក្នុងន័យនេះ អ្នក​ដែល​មិនបាន​បោះឆ្នោត​ដោយ​គ្មាន​មូលហេតុ​សមរម្យ តាមផ្លូវ​ច្បាប់​ត្រូវបាន​ចាត់ទុកថា បាត់បង់​លក្ខខណ្ឌ​ការ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត ប៉ុន្តែ​អ្នក​ទាំងនោះ​នៅតែមាន​សិទ្ធិ​ទៅ​បោះឆ្នោត​ក្នុងនាម​ជា​ពលរដ្ឋ​ដដែល ដោយ​មិន​ប៉ះពាល់​អ្វី​នោះទេ​»​។​

​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត និក​ហ្វិ​ក លោក​សំ គ​ន្ធា​មី បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៣ ខែមិថុនា​ថា ការធ្វើ​វិ​សោធ​ន​កម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ស្តីពី​ការបោះឆ្នោត ដែល​កំណត់​បេក្ខជន​ឈរឈ្មោះ​ឱ្យគេ​បោះ​ឆ្នោត ត្រូវ​ទៅ​បោះឆ្នោត​គឺជា​រឿង​ល្អ​ហើយក៏​មិនមែន​មាន​វិសាលភាព​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ដែរ​។ លោក​ថ្លែងថា​៖ «​ការធ្វើ​វិសោធន​កម្មនេះ មើលទៅ​វា​សមរម្យ ហើយក៏​វា​ជា​រឿង​ល្អ​ដែរ​»​។​

​ចំពោះ​ការអំពាវនាវ​ពី​សំណាក់​ក្រុមប្រឆាំង​មិនឱ្យ​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត នៅពេល​ខាងមុខនេះ លោក​សំ គ​ន្ធា​មី​បាន​បញ្ជាក់ថា​វា​ជា​រឿង​ខុសច្បាប់​ខុស​បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត តែ​ទោះជា​យ៉ាងណា​ការចេញ​ទៅ​បោះឆ្នោត​ឬ​មិន​ទៅ​បោះឆ្នោត​គឺជា​សិទ្ធិ​របស់​ពួកគេ រីឯ​ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​នេះ​សំដៅ​ដល់​ការបិទ​សិទ្ធិ​បេ​ក្ខ​ជន​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​ប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ថ្លែង​នៅ​ថ្ងៃទី ១៣ ​ខែមិថុនា​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) គឺជា​ស្ថាប័ន​អនុ​វត្ត​ច្បាប់ បើ​រដ្ឋសភា​អនុម័ត​យ៉ាងណា គ​.​ជ​.​ប នឹង​អនុវត្ត​ទៅតាម​នោះ​មិនមាន​អ្វី​ទាស់ខុស​អ្វី​នោះទេ​។ លោក​បាន​បន្តថា រីឯ​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​នានា គឺជា​សិទ្ធិ​របស់​រាជរដ្ឋាភិបាល ដែល​ស្ថាប័ន គ​.​ជ​.​ប អនុវត្ត​ច្បាប់​ដែលមាន​ជា​ធរមាន​ក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​៕