​ភ្នំពេញៈ រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ឌីជីថល​រយៈពេល ​៥ ឆ្នាំ​ គឺ​ពី​ឆ្នាំ ​២០២៣ ​ដល់​ឆ្នាំ​ ២០២៧ ដើម្បី​គាំទ្រ​នូវ​គោ​លន​យោ​បាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ និង​សន្តិសុខ​ជាតិ​ឱ្យ​កាន់​តែមាន​សុវត្ថិភាព​ខ្ពស់ តម្លាភាព និង​ស័ក្តិសិទ្ធិ​ភាព តាមរយៈ​បច្ចេក​​វិទ្យា​ឌីជីថល ក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម ៤.០​។​

​ការដាក់ចេញ​ផែនការ​យុទ្ធ​សាស្ត្រ​បច្ចេកវិទ្យា​ឌីជីថល​នេះ ធ្វើឡើង​តាមរយៈ​ក្រសួង​មហា​ផ្ទៃ ដែល​បានប្រកាស​ដាក់ឱ្យ​ប្រើ​​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១៣ ខែ​មិថុនា ឆ្នាំ​ ២០២៣ ដែល​ក្រសួង​បញ្ជាក់ថា ដើម្បី​ទាញយក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ឌីជីថល ដែល​កំពុងមាន​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។​

​ប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សង្កត់ធ្ងន់​លើ​គោលបំណង​នៃ​ការ​ចងក្រង​ផែនការ​យុទ្ធសាស្ត្រ​នេះ គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​លើកកម្ពស់​ការ​ផ្តល់​សេវាសាធារណៈ និង​សន្តិសុខ​ជាតិ​ឱ្យ​កាន់​តែមាន​សុវត្ថិភាព​ខ្ពស់ តម្លាភាព និង​ស័ក្តិសិទ្ធិ​ភាព តាមរយៈ​បច្ចេក​វិទ្យា​ឌីជីថល​។​

​ផែនការ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ឌីជីថល​នេះ រួមមាន​ផ្នែក​សំខាន់ៗ​ចំនួន ​៦ ដែល​ក្នុងនោះ​មាន​៖ យុទ្ធសាស្ត្រ​បណ្តុះបណ្តាល​ធន​​ធាន​មនុស្ស និង​បញ្ជ្រាប​ចំណេះ​ដឹង​, យុទ្ធសាស្ត្រ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ​, យុទ្ធសាស្ត្រ​ពង្រឹង​សន្តិ​សុខ និង​ទប់ស្កាត់​បទល្មើស​បច្ចេក​វិទ្យា (Cyber security and Cybercrime), យុទ្ធ​សាស្ត្រ​ស្រាវជ្រាវ អភិវឌ្ឍន៍ និង​នវានុវត្តន៍​បច្ចេកវិទ្យា​,​យុទ្ធ​សា​ស្ត្រ​ពង្រឹងគុណភាព​ការងារ និង​ការផ្តល់​សេវាសាធារណៈ និង​ចុងក្រោយ យុទ្ធសាស្ត្រ​អភិបាល​​កិច្ច​បច្ចេកវិទ្យា​។​

​ជុំវិញ​បញ្ហា​នេះ លោក សេក​ សុជាតិ អ្នក​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ​ព្រម​ទាំង​ជា​អ្នកជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា​បង្ហាញ​ការគាំទ្រ​លើ​ការ​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល រយៈពេល ​៥ ​ឆ្នាំនេះ​។

​លោក​និយាយថា ផែន​ការ​នេះ​ធ្វើឡើង ដើម្បី​ដើរ​ឱ្យទាន់​សភាពការណ៍​សក​ល និង​ពិសេស​ដើម្បី​ឱ្យមាន​ក្បួនច្បាប់​គ្រប់គ្រង​អ្នកប្រើប្រាស់​ឌីជីថល ក្នុងន័យ​រក្សា​សន្តិសុខ​ជាតិ​សណ្តាប់ធ្នាប់​សង្គម និង​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ក្នុង​វិស័យនេះ​ឱ្យមាន​សមត្ថភាព​ស្របតាម​តម្រូវការ​សង្គម​។

​លោក​ថា កម្ពុជា​ដល់ពេល​ដែល​ប​ង្កើ​ន​សមត្ថភាព​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​ហើយ ខណៈ​ទំនោរ​សកល​កំពុង​ខិតជិត​គ្នា ជាពិសេស​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល​។ លោក​សង្កត់ធ្ងន់ថា​៖ «​បើសិនជា​យើង​មើល​ពី​ប្រយោជន៍​របស់​ឌីជីថល វា​ជួយ​សង្គមជាតិ​យើង​បាន​ច្រើនណាស់ តាមរយៈ​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​ប្រជាពលរដ្ឋ ដែល​ឌីជីថល អាចជួយ​ឱ្យ​ពួក​​គាត់​ចេះ​ទាញយក​មកប្រើប្រាស់​ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​»​។​

​ដើម្បី​ពង្រឹង​ផែនការ​នេះ​លោក​ចង់ឱ្យ​រដ្ឋាភិបាល​ប​ង្កើ​ត​ច្បាប់​ដើម្បី​គ្រប់គ្រង​បច្ចេកវិទ្យា​ឱ្យបាន​ច្បាស់​លាស់ និង​តាមដាន​ការអនុវត្ត​ច្បាប់​នេះ និង​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា ទៅលើ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ឱ្យបាន​គ្រប់គ្រាន់​ពិសេស​ផ្នែក​សន្តិ​សុខ​បច្ចេកវិទ្យា (Cybersecurity) ជាមួយ​អក្ខរកម្ម​ឌីជីថល​សម្រាប់​ប្រជាជន​ទូទៅ​។​

​សម្រាប់​លោក ឈុត ប៊ុន​ថង ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក៏បាន​លើកឡើង​ដែរ​ថា ការ​ចងក្រង​ផែន​ការ​យុទ្ធសាស្ត្រ​ស្តីពី​ប​ចេ្ច​ក​វិទ្យា​ឌីជីថល​សម្រាប់​កម្ពុជា​គឺជា​រឿង​ចាំបាច់ និង​សមស្រប​បំផុត នៅក្នុង​បរិបទ​ពិភពលោក​កំពុង​ប្រើ​ប្រាស់​ឌីជីថល​យ៉ាងសកម្ម​ទាំង​ក្នុង​វិស័យ​រដ្ឋបាល ជំនួញ ហិរញ្ញវត្ថុ អភិបាល​កម្ម និង​វិស័យ​ផ្សេងៗ​ទៀត ជាពិសេស​មាន​ទាំង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ផង​។​

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា កម្រិតយល់ដឹង​ផ្នែក​ឌីជីថល​នៅ​កម្ពុជា មិន​អន់​ប៉ុន្មាន​ទេ ប៉ុន្តែ​ចំនួន​មនុស្ស​ដែល​យល់ដឹង​ពី​បច្ចេកវិទ្យា​ឌីជីថល​មិនទាន់​សូវ​មាន​ច្រើន​។ ដូច្នេះ ធ្វើ​យ៉ាងម៉េច យើង​ត្រូវ​បង្កើន​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​យើង​ឱ្យ​ច្រើន​ក្នុង​ផ្នែក​នេះ​»​។​

​លោក​បាន​បន្ថែមថា គេ​ត្រូវ​វិនិយោគ​លើ​ការលើកកម្ពស់​ការយល់​ដឹង​ផ្នែក​ឌីជីថល​ទាំង​ក្នុង​ស្ថាប័នរដ្ឋ ឯកជន និង​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ដើម្បីឱ្យ​ផ្នែក​ពាក់ព័ន្ធ​អាចធ្វើ​កិច្ចសហការ​នឹង​គ្នា​បានល្អ​លើ​ផ្នែក​ឌីជីថល​។ ក្រៅពី​នោះគេ​ត្រូវ​បង្កើន​សមត្ថ​ភាព​ធនធានមនុស្ស ជាមួយ​ធន​ធាន​សម្ភារ​ដោយហេតុ​បច្ចេកវិទ្យា​ឌីជីថល​ទាមទារ​ត្រូវមាន​ឧបករណ៍ប្រើប្រាស់​ទំនើប​ដើម្បី​ដំណើរការ សេវា​អ៊ីន​ធឺ​ណិ​ត​ល្អ គ្របដណ្តប់​គ្រប់​ខេត្ត​-​ក្រុង​។​

​សូមជម្រាបថា រដ្ឋាភិបាល​ធ្លាប់​បានចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ ពាក់ព័ន្ធ​មួយចំនួន​រួចមកហើយ​តួយ៉ាង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ​ក្រប​ខ័​ណ្ឌ​គោលនយោបាយ​សេដ្ឋ​កិច្ច និង​សង្គម​ឌីជីថល ២០២១-២០៣៥ ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល​ ២០២១-២០៣០ និង​គោល​នយោបាយ​ជាតិ​ស្តីពី​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០៕