ភ្នំពេញៈ អង្គប្រជុំ​ព្រឹទ្ធសភា​នៅ​ថ្ងៃទី ​១៣ ខែមិថុនា ឆ្នាំ​ ២០២៣ បាន​ពិនិត្យ​និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​ទៅលើ​សេចក្តីព្រាង ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ហើយ​បានអនុម័ត​ឥត​កែប្រែ​ក្នុង​សំឡេង​ចំនួន​ ៦០ ​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។

​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត​សម័យប្រជុំ​លើក​ទី១០ នីតិ​កាល​ទី​៤ ក្រោម​ការដឹកនាំ​របស់​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា​ដែល​អង្គ​ប្រជុំ​មាន​វត្ដ​មាន​សមាជិក​ព្រឹទ្ធសភា​ចំនួន​ ៦០ ​រូប​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ព្រឹទ្ធសភា​កម្ពុជា Senate of Cambodia នៅ​ថ្ងៃទី​ ១៣ ខែមិថុនា​។

​សេចក្តីព្រាង​ក្រម​នេះ តាក់តែងឡើង​មាន​គោលបំណង ដើម្បី​ប្រមូលផ្តុំ​សំយោគ​បញ្ចូល​គ្នា​នូវ​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន​ពាក់ព័ន្ធ​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ​ដោយ​ធ្វើ​សមាហរណកម្ម សុខ​​ដុម​នីយកម្ម និង​ទំនើបកម្ម​ឱ្យមាន​ភាពជាក់ស្តែង​និយម​សង្គតិភាព វិសាលភាព ទូលំទូលាយ​គ្រប់​ជ្រុងជ្រោយ និង​ភាពស៊ីចង្វាក់​ប្រទាក់ក្រឡា​គ្នា ដើម្បី​ក្លាយជា​បទ​ប្បញ្ញត្តិ​គោល ដែល​កំណត់​ពី​ដែន​សមត្ថកិច្ច​នៃ​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ សំដៅ​សម្រួល​ដល់​ការអនុវត្ត​មុខងារ និង​តួនាទី ភារកិច្ច​រៀងៗ​ខ្លួន ក្នុង​ស្មារតី​ឯកភាព​ជាតិ​ស្របទៅនឹង​បរិបទ​រីកចម្រើន​នៃ​សង្គម​កម្ពុ​ជាថ្មី​។ នេះ​បើតាម​ការផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​ថ្ងៃទី​ ១៣ ខែមិថុនា​។

​ប្រភព​ដដែល​បញ្ជាក់ថា សេចក្តីព្រាង​ក្រម​នេះ​មានគុណ​ប្រយោជន៍​ជាច្រើន​ដូចជា​៖ ជួយ​ពង្រឹង និង​ធ្វើឱ្យ​ប្រសើរឡើង​បន្ថែមទៀត​លើ​ការគ្រប់គ្រង​បរិស្ថាន កិច្ច​គាំពារ អភិរក្ស និង​ការ​ស្តារឡើងវិញ​នូវ​ធនធានធម្មជាតិ ជីវចម្រុះ មុខ​ងារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ការរស់នៅ​ប្រកបដោយ​ចីរភាព​។ ច្បាប់​នេះ​ក៏មាន​ប្រយោជន៍​ដល់​ការកំណត់​ទិសដៅ​រួម​ជា​យុទ្ធសាស្ត្រ សម្រាប់​កិច្ច​គាំពារ​បរិស្ថាន និង​ការអភិរក្ស​ធនធានធម្មជាតិ​ដល់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ដែលមាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ​។

​ក្រសួងបរិស្ថាន​បញ្ជាក់​ថា​៖ «​ក្រម​នេះ​មាន​ប្រយោជន៍​ដល់​ការពង្រីក​លទ្ធភាព​យ៉ាង​ទូលំទូលាយ​ដល់​ក្រសួង ស្ថាប័ន និង​មជ្ឈដ្ឋាន​ទាំងអស់​ក្នុងការ​ចូលរួម​កាន់តែ​ប្រសើរ​ជាង​មុន​នៅក្នុង​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង និង​ការអភិរក្ស​ធនធានធម្មជាតិ និង​ជីវ​ចម្រុះ​តាមរយៈ​ការបង្កើត និង​ការគោរព​នូវ​ទំនាក់ទំនង​នៃ​មុខងារ​របស់​ក្រសួង ស្ថាប័ន​និង​មជ្ឈដ្ឋាន​សង្គម​ទាំងអស់​»​។​

​បន្ថែម​លើ​នេះ​ក្រម​នេះ​ក៏​បង្កើន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃ​ការអនុវត្ត​បេសកកម្ម​គ្រប់គ្រង ការពារ អភិរក្ស និង​ស្តារឡើងវិញ​នូវ​ធនធានធម្មជាតិ ជីវចម្រុះ បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌ សំដៅ​ធានាបាន​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ការចូលរួម​ថែរក្សា​នូវ​ភាពរុងរឿង​សម្រាប់​ពលរដ្ឋ​កម្ពុជា​គ្រប់​ជំនាន់​ផងដែរ​។ ជាមួយគ្នា​នោះ ក្រម​បរិស្ថាន​នេះ​នឹង​ផ្តល់​ជា​យន្ត​ការជំរុញ និង​លើកកម្ពស់​ការយល់ដឹង និង​ការ​ស្រាវជ្រាវ​អំពី​បរិស្ថាន​ដល់​គ្រប់​មជ្ឈដ្ឋាន​សង្គម​ទាំងអស់​តាមរយៈ​ការអប់រំ ការផ្សព្វផ្សាយ និង​ការបណ្តុះបណ្តាល​ទាំង​យន្តការ​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​។​

​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​សរសេរ​ថា​៖ «​ក្រម​នេះ​ដើរតួ​ជា​បទ​ប្បញ្ញត្តិ​គោល​មួយ​ដ៏​រឹងមាំ​សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់ ជាពិសេស​មន្ត្រី​ដែលមាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​បរិ​ស្ថាន និង​ធនធានធម្មជាតិ ព្រមទាំង​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​ក្រសួង ស្ថាប័ន ឬ​អង្គ​ភាព​ពាក់ព័ន្ធ​ទាំងអស់​»​។​

​សេចក្តីព្រាងច្បាប់​នេះ​តាក់តែងឡើង​មាន​ ១២ គន្ថី និង​ ៨៦៥​ មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន​ ៩៨​ សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​កាលពី​ថ្ងៃទី ​៣០ ខែឧសភា ឆ្នាំ​ ២០២៣ នា​សម័យ ប្រជុំ​រដ្ឋសភា​លើក​ទី ​៩ នីតិកាល​ទី​ ៦​។

​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​ត្រូវដាក់​ឆ្លង​បញ្ចប់​នៅ​ព្រឹទ្ធសភា​កម្ពុជា​នៅ​ថ្ងៃទី​ ១៣ ខែមិថុនា ឆ្នាំ ​២០២៣ ដែល​តាមរយៈ​ក្រម​បរិស្ថាន​នេះ​គឺ​តម្រូវឱ្យមាន​ការបង្កើត​ជា​សហគមន៍​ដើម្បីឱ្យ​ប្រជាពលរដ្ឋ រៀនធ្វើការ​ងារ​ជាមួយគ្នា រៀន​ចុះសម្រុង​គ្នា​ដើម្បី​បងប្អូន​ក្នុង​សហគមន៍​អាច​ពិភាក្សាគ្នា​ឯកភាព​ដកហូតយក​ធ​ន​ធាន​ពី​ក្នុងព្រៃ​ប្រើប្រាស់​ និង​ការពារ​ធនធានធម្មជាតិ​ដើម្បី​បង្កើន​ជីវភាព​ប្រជា​សហគមន៍​ត្រឹមត្រូវ​ស្របតាម​ច្បាប់​។ នេះ​បើតាម​ការ​ថ្លែង​របស់លោក​សាយ សំ​អាល់ តាមរយៈ​វីដេអូ​ខ្លី​ដែល​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​បរិ​ស្ថាន​នៅ​ថ្ងៃទី​ ១០ ខែមិថុនា​។

​លោក​បាន​បន្តថា តាមរយៈ​ច្បាប់ក្រម​បរិស្ថាន​នេះ ក៏មាន​ការបើក​ទូលាយ​ឱ្យមាន​ការចិញ្ចឹម​សត្វព្រៃ​ដូចជា​ប្រើស​ឬ​ឈ្លូស​ជាដើម ក្នុង​សហគមន៍​បាន​ផងដែរ​។​លោក​ថា តំបន់​ការពារ​ជា​សសរកន្លោង​ទ្រទ្រង់​ជីវភាព​របស់​បងប្អូន​ប្រជា​សហគមន៍ ហេតុនេះ​ទើបត្រូវ​រៀបចំ​ឱ្យមាន​សហគមន៍​។​

​លោក​បាន​ថ្លែងថា​៖ «​ច្បាប់​ចង្អុល​ទៅ​អ៊ីចឹង ព្រោះតែ​យើង​ចង់ឱ្យ​បងប្អូន​គ្រប់គ្រង​តំបន់​ហ្នឹង​ខ្លួនឯង ប៉ុន្តែ​ទន្ទឹម​ហ្នឹង​បងប្អូន​ត្រូវមាន​ជា​រចនាសម្ព័ន្ធ​ជា​សហ​គម​ន៍​ដែល​ទទួល​សម្បទា​ផ្នែក​ច្បាប់​ទទួលស្គាល់​ដោយ​ក្រសួងបរិស្ថាន​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​ស្របច្បាប់​»៕