ភ្នំពេញៈ ទីភ្នាក់ងារ​ជាតិ​មុខ​​របរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ រួម​នឹង​សហ​​ភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​ពិព័រណ៍​ការងារ និង​មគ្គុទេសក៍​អាជីព ចំនួន​ ២ ​ថ្ងៃ ដែល​ពិព័រណ៍​នេះ​នឹង​ផ្តល់ឱកាស​ការងារ​សរុប​ប្រមាណ ៤ ៥០០​ កន្លែង មកពី​ក្រុមហ៊ុន​ធំៗ​ចំនួន ២៥​ ក្រុមហ៊ុន​។​

​យោងតាម​ទីភ្នាក់ងារ​ជាតិ​​មុខរបរ និង​ការងារ (NEA) បានឱ្យដឹងថា «​ពិព័រណ៍​ការងារ និង​មគ្គុទេសក៍​អាជីព​» ដែលមាន​ការគាំទ្រ​ពី​អង្គការ​អន្តរ​ជាតិ​ខាង​ការងារ (ILO ) បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​ ១៣ និង​បញ្ចប់​នៅ​ថ្ងៃទី ​១៤ ខែមិថុនា ឆ្នាំ ​២០២៣ នៅ​មជ្ឈមណ្ឌល​ម៉ា​នី នៃ​អគារ KAMPUS ជិត​ស្ពាន​អាកាស​ក្បាលថ្នល់ ចាប់​ពី​ម៉ោង ៨​ ព្រឹក ដល់​ ៥​ ល្ងាច​។​

​ក្នុង​ពិធី​បើក​ពិព័រណ៍​នេះ លោកស្រី ឌី ចង្កុលណី អនុ​ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បាន​លើកឡើងថា ពិព័រណ៍​ការងារ និង​មគ្គុទេសក៍​អាជីព​នេះ​ជា​ផ្នែក​មួយ​នៃ​យន្ត​ការផ្ដល់សេវា​ការងារ​របស់​រាជ​​រដ្ឋាភិបាល ដែល​ផ្ដល់​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA)​។

​លោកស្រី​ថ្លែងថា​៖ «​នេះ​គឺជា​ឆ្នាំ​ទី ​២ នៃ​ការរៀបចំ​ពិព័រណ៍​ការងារ និង​មគ្គុទេសក៍​អាជីព ដែល​ព្រឹត្តិការណ៍​នេះ នឹង​បង្កើត​បរិយាកាស​ប្រកបដោយ​ភាព​សកម្ម និង​ភាពឆ្លើយតប​ទាន់ពេលវេលា សំដៅ​ពង្រីក​វិសាលភាព​ការងារ និង​ការ​ស្រូបយក​កម្លាំង​ពលកម្ម​ដែលមាន​សក្តានុពល និង​ជំនាញ​គ្រប់​ប្រភេទ​ចូលទៅក្នុង​ឱកាស​ការងា​រ​ទំនេរ​គ្រប់​វិស័យ​»​។​

​លោកស្រី ឌី ចង្កុលណី បាន​បន្ថែមថា គោលបំណង​សំខាន់បំផុត​នៃ​ពិព័រណ៍​ការងារ​នេះ គឺ​ការ​បង្កើតជា​វេទិកា​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយផ្ទាល់​នៅ​មួយកន្លែង ដើម្បី​ស្វែងយល់​ពី​តម្រូវការ​ការងារ ការជ្រើសរើស​កម្លាំង​ពលកម្ម និង​ការដាក់​ពាក្យស្នើសុំ​ការងារ​។​

​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លោក លីវ យូ​តុង បានលើកឡើង​ដោយបាន​ចាត់ទុក​ពិព័រណ៍​ការងារ និង​មគ្គុទេសក៍​អាជីព​នេះ គឺជា​ឱកាស​ដ៏​ល្អប្រសើរ​សម្រាប់​អ្នកស្វែងរក​ការងារ​ធ្វើ ជាពិសេស​យុវជន​។

​លោក​ថ្លែងថា​៖ «​ការងារ និង​អាជីព គឺជា​សមាសធាតុ​ដ៏​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់រូប ហើយក៏​ជា​រឿង​ដ៏​សំខាន់​ដែល​អង្គការ ILO កំពុង​យកចិត្តទុកដាក់ និង​គាំទ្រ​យ៉ាងខ្លាំង​ផងដែរ​»​។​

​លោក សុំ មនោ​រម្យ ប្រធាន​លេខាធិការដ្ឋាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា រាជ​ធានី​ភ្នំពេញថ្លែងថា ទីផ្សារ​ការ​ងារ​កម្ពុជា​បច្ចុប្បន្នកំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ជាច្រើន​ជាក់​​ស្តែង​ក្នុង​រយៈពេល ២ ​ថ្ងៃនេះ ឱកាស​ការងារ​មាន​រហូតដល់ ៤ ៥០០ ​កន្លែង ត្រូវ​បានរៀបចំ​សម្រាប់​ផ្តល់​ដល់​យុវជន​។

​លោក​ថា​៖ «​យុវជន ត្រូវ​ខិត​ខំ​សិក្សា​រៀនសូត្រ​ក្រេប​យក ចំណេះ​ជំនាញ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ចាប់យក​ឱកាស​ការងារ​ដែលមាន​ច្រើន​សម្បូរ​បែបនេះ​»​។​

​សូម​បញ្ជាក់ដែរថា ក្រុមហ៊ុន​ធំៗ​ចំនួន ២៥ ដែល​ចូលរួម​ក្នុង​ពិព័រណ៍​ការងារ និង​មគ្គុទេសក៍​អាជីព​នេះ មកពី​វិស័យ​សំខាន់ៗ​ដូចជា ធនាគារ និង​ធានា​រ៉ាប់រង លក់ដុំ និង​លក់រាយ ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​អេឡិចត្រូនិក ផលិត​ទុយោ​ផលិត​ចំណី​សត្វ បណ្តុះបណ្តាល និង​សេវាកម្ម​ផ្សេងៗ​។​

​សូម​រំឭកថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បានចាប់ផ្ដើម​រៀបចំ​ពិព័រណ៍​ការងារ​ថ្នាក់ជាតិ​ធំជាងគេ​លើក​ទី​១ នៅ​រាជ​ធា​​នី​ភ្នំពេញ​ក្នុង​ឆ្នាំ​ ២០១១ និង​បន្ត​រៀបចំ​ជា​រៀងរាល់ឆ្នាំ​រហូតដល់​ប​ច្ចុ​ប្បន្ន ដែល​សម្រាប់​ឆ្នាំ​ ២០២៣ ​នេះ នឹង​គ្រោង​រៀបចំ នៅ​ថ្ងៃទី​ ១០-១១ ខែ​វិ​ចិ្ឆ​កា នៅ​កោះ​ពេជ្រ​៕