
ជនសង្ស័យលួចដកប្រាក់ពីកុងធនាគារ និងសាររបស់ជនរងគ្រោះដែលបង្ហោះនៅលើហ្វេសប៊ុក។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងសហការស្រាវជ្រាវករណីបាត់លុយអស់ ១០ ម៉ឺនដុល្លារ ពីកុងធនាគារ ABA របស់ប្រជាពលរដ្ឋម្នាក់ដោយអះអាងថា នឹងចាត់វិធានការទៅតាមកម្រិតនៃការល្មើស និងកំហុសឆ្គងរបស់អ្នកពាក់ព័ន្ធដែលបណ្តាលឱ្យបទល្មើសនេះកើតឡើង។
កាលពីថ្ងៃទី ២ ខែមិថុនា មានគណនីហ្វេសប៊ុកឈ្មោះ Chhuy Bunleng និង Rany Beauty ដែលជាប្តីប្រពន្ធនឹងគ្នា បានបង្ហោះសារជាបន្តបន្ទាប់ ពីករណីដែលត្រូវបានជនមិនស្គាល់អត្ដសញ្ញាណដកលុយពីក្នុងធនាគារ ABA ជាបន្តបន្ទាប់ចំនួន ១០ ម៉ឺនដុល្ហារ ត្រឹមរយៈពេល៣ម៉ោង ក្រោយបន្លំខ្លួនទៅបើកស៊ីមកាតរបស់ជនរងគ្រោះនៅក្រុមហ៊ុន Metfone។
លោក លីវ សុផាណារិទ្ធ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែមិថុនាថា ក្រសួងកំពុងយកចិត្តទុកដាក់ស្រាវជ្រាវអំពីភាគីពាក់ព័ន្ធទាំងអស់ ហើយនឹងចាត់វិធានការទៅតាមកម្រិតនៃការល្មើស និងកំហុសឆ្គងរបស់អ្នកពាក់ព័ន្ធ។
យ៉ាងណាក្តីលោក មិនបានបញ្ជាក់អ្វីច្រើននោះទេ ដោយគ្រាន់តែអះអាងថា «(ខ្ញុំ) នឹងជូនដំណឹងនាពេលក្រោយ។ ខ្ញុំសុំទុកឱ្យក្រុមការងារជំនាញ មានសមត្ថកិច្ច ធ្វើការងារនេះសិន»។
លោក ឈុយ ប៊ុនឡេង ដែលជាប្តីស្ត្រីរងគ្រោះបានរៀបរាប់ថា៖ «ជាថ្ងៃដែលខ្ញុំពិបាកចិត្តបំផុត តាំងពីកើតមក ដែលកុងធនាគារ ABA ប្រពន្ធរបស់ខ្ញុំ ត្រូវចោរវេរចេញ ១០ ម៉ឺនដុល្លារ កាលពីថ្ងៃទី ៣១ ខែ ៥ ឆ្នាំ ២០២៣ ហើយបើក Sim Metfone បាន។ ខ្ញុំពិតជាពិបាកចិត្តណាស់ លេខទូរស័ព្ទ Metfone របស់ខ្ញុំនេះ ប្រពន្ធខ្ញុំជាអ្នកប្រើ ហើយក៏ប្រើសម្រាប់កុង ABA គាត់ដែរ» ។
លោកបានបន្តថា៖ «ផ្តើមចេញពី Metfone ហេតុអ្វីបានជាបើកស៊ីម Metfone បាន ដែលមិនមែនជាម្ចាស់ទៅបើក Sim Metfone បាន? ហើយបន្ទាប់មក មិនដឹងហេតុអ្វី បានអ្នកផ្សេងអាច Log in ABA App បាន ហើយបានវេរលុយចេញអស់ចំនួន ១០ ម៉ឺនដុល្លារពី Account ABA។ សូមបញ្ជាក់មិនដល់៣ម៉ោងអស់លុយ ១០ ម៉ឺនដុល្លារ។ ទឹកភ្នែកប្រពន្ធសម្លាញ់ហូរស្រក់ ពិតជាគួរឱ្យអាណិតណាស់។ ញើសឈាមដែលខំរកទាំងថ្ងៃទាំងយប់ ទាំងឈឺទាំងជា និងបូកលុយជំពាក់គេ ដើម្បីបង្វិលរកស៊ី»។
បច្ចុប្បន្ន ករណីបាត់លុយអស់ ១០ ម៉ឺនដុល្លារពីធនាគារ ABA កំពុងស្ថិតក្នុងការស្រាវជ្រាវរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ ខណៈជនរងគ្រោះទាំង ២ នាក់ប្តីប្រពន្ធ រំពឹងថា ថវិកាដែលបានបាត់បង់នឹងទទួលបានត្រឡប់មកវិញ ហើយជនសង្ស័យ នឹងត្រូវទទួលទោសតាមច្បាប់។
កាលពីថ្ងៃទី ១ មិថុនា ធនាគារ ABA បានចេញមុខបកស្រាយភ្លាមៗ ចំពោះករណីនេះ ដោយថា ករណីនេះ មិនពាក់ព័ន្ធនឹងប្រព័ន្ធធនាគាររបស់ខ្លួននោះទេ តែទោះយ៉ាងណាធនាគារ នឹងសហការជាមួយជនរងគ្រោះ និងសមត្ថកិច្ចជំនាញ ដើម្បីចាត់វិធានការស្រាវជ្រាវលើករណីនេះ ខណៈគិតមកដល់ពេលនេះ ក្រុមហ៊ុន Metfone មិនបានចេញការបកស្រាយណាមួយជាផ្លូវការនោះទេ ដោយគ្រាន់តែបង្ហាញមុខជនសង្ស័យក្នុងអំឡុងពេលចូលមកបន្លំខ្លួន ដើម្បីបើកស៊ីមទូរស័ព្ទរបស់ជនរងគ្រោះតែប៉ុណ្ណោះ។
លោក សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៤ ខែមិថុនាថា បទល្មើសនេះ នាយកដ្ឋានកំពុងស្ថិតក្នុងនីតិវិធីនៃការស៊ើបអង្កេត ដែលមាននីតិវិធីច្រើន ដូច្នេះ មិនអាចបកស្រាយក្នុងពេលនេះ បានទេ។
លោកបានបញ្ជាក់ថា៖ «ពួកខ្ញុំកំពុងស្រាវជ្រាវ។ មិនទាន់អាចបញ្ចេញព័ត៌មានអ្វីបានទេ។ ករណីនេះស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។ មាននីតិវិធីច្រើនដែលត្រូវបំពេញ សូមរង់ចាំសិន»៕