​ភ្នំពេញៈ មូលនិធិ​គន្ធបុប្ផា​​កម្ពុជាបានប្រកាសថា ត្រឹម​រយៈពេល​ ២​ សប្តាហ៍ យុទ្ធនា​​ការ “១ ​ម៉ឺន​រៀល ១ ​ម៉ឺន​នាក់​” សម្រាប់​កុមារ​កម្ពុជាទទួល​​បាន​ថវិកា​បរិច្ចាគ​ជិត ​២ ​លាន​ដុល្លារ ​ពី​សប្បុរសជន​ជាង ​២០ ​ម៉ឺន​នាក់ ដែល​ការបរិច្ចាគ​នេះ​គិត​រួមទាំង​ការបរិច្ចាគ​តាម​ប្រព័ន្ធ​ធនាគារ និង​ដោយផ្ទាល់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​កាលពី​ថ្ងៃទី​ ២៩ ខែឧសភា មូលនិធិ​គន្ធបុប្ផា​កម្ពុជា បានប្រកាស​បើក​យុទ្ធនាការ ​“១ ​ម៉ឺន​រៀល ១ ​ម៉ឺន​នាក់​” សម្រាប់​កុមារ​កម្ពុជា​រយៈពេល​ ៣០​ ថ្ងៃ ដោយ​ចាប់ដំណើរការ​ពីថ្ងៃ​ទី ​១ ដល់​ថ្ងៃទី ​៣០ ខែមិថុនា ឆ្នាំ ​២០២៣ ដើម្បី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ​ ១​ មិថុនា​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បានប្រកាស​នៅ​ថ្ងៃទី ​១៤ ខែមិថុនា​ថា បន្ទាប់ពី​បាន​បើក​យុទ្ធនា​​ការ​បាន​រយៈពេល ​២ ​សប្ដាហ៍​មក យុទ្ធនាការ “១​ ម៉ឺន​រៀល​ ១​ ម៉ឺន​នាក់​” ​សម្រាប់​កុមារ​កម្ពុជា ទទួលបាន​ថវិកា​បរិច្ចាគ​ចំនួន​ជិត ២ ​លាន​ដុល្លារ​អាមេរិក ពី​សប្បុរសជន​ជាង​ ២០​ ម៉ឺន​នាក់​។ មូលនិធិ​គន្ធបុប្ផា​កម្ពុជាបាន​អះអាងថា ថវិកា​ទាំងនោះ គឺ​គិត​រួមទាំង​ការបរិច្ចាគ​តាម​ប្រ​ព័ន្ធ​ធនាគារ និង​ដោយផ្ទាល់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជាបាន​បញ្ជាក់ថា​៖ «​សូម​លើកទឹកចិត្ត​សប្បុរសជន​នានា បន្ត​រួមគ្នា​​ជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្នុង​ស្មារតី “​ខ្មែរ​ជួយ​ខ្មែរ​” ដើម្បី​នាំមក​នូវ​ភាព​ញញឹម​របស់​កុមារ​ដែលជា​អនាគត​ដ៏​ភ្លឺ​ស្វាង​របស់​កម្ពុជា ទោះបីជា​នៅពេល​យុទ្ធនាការ “១​ ម៉ឺន​រៀល​ ១​ ម៉ឺន​នាក់​” ​សម្រាប់​កុមារ​កម្ពុជា នឹងត្រូវ​បញ្ចប់​នៅ​ដំណាច់ខែ​​មិថុនា ឆ្នាំ ​២០២៣ ខាងមុខនេះ​ក៏ដោយ​»​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា គឺជា​ស្ថាប័ន​ជាតិ​មួយ​ដែលមាន​តួ​​នាទី​ក្នុងការ​កៀរគរ​ការបរិច្ចាគ ពី​សប្បុរសជន ដើម្បី​រួមគ្នា​រក្សា​និរន្តរភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង ​៥ ​ទីតាំង ខណៈ​ចំណាយ​ជា​មធ្យម​ប្រចាំ​សប្ដាហ៍​អស់​ប្រមាណ ​៨៤​ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ឬ​ស្មើនឹង​ជាង​ ៤០​ លាន​ដុល្លារ ​ក្នុង ​១ ​ឆ្នាំៗ​ឯណោះ​។

​លោក ច​ន ណា​រិ​ទ្ធ អនុ​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ​គន្ធ​​បុប្ផា​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៤ ខែមិថុនា​ថា មូលនិធិ​គន្ធបុប្ផាពិត​ជាមាន​មោទនភាព និង​មាន​អារម្មណ៍​សប្បាយរីករាយ ពេលដែល​ឃើញ​ពលរដ្ឋ​កម្ពុជា មាន​សមានចិត្ត​រួមគ្នា​ជា​ធ្លុង​មួយ​ក្នុង​ស្មារតី “​ខ្មែរ​ជួយ​ខ្មែរ​” ដើម្បី​បន្ត​និរន្តរភាព​នៃ​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង ​៥ ​ទីតាំង​។

​លោក​បាន​បញ្ជាក់ថា នៅពេល​ប្រទេសជាតិ​មាន​សុខ​​សន្តិភាព​ពេញលេញ ប្រាក់​​ចំណូល​មានការ​កើនឡើង ពលរដ្ឋ​កម្ពុជា​មានទឹក​ចិត្តសប្បុរស​កាន់តែខ្លាំង​ក្នុងការ​​ជួយ​គ្នា​ក្នុង​គ្រា​លំបាក ទោះ​តិចក្តី ច្រើនក្តី តាមរយៈ​ការ​​ចូលរួម​បរិច្ចាគ​ក្នុង​យុទ្ធនាការ​សប្បុរសធម៌​នានា ជាពិសេស​ក្នុង​បុព្វហេតុ​រួមគ្នា​ជួយសង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា​។

​លោក​បាន​បញ្ជាក់ថា​៖ «​ឆ្នាំនេះ​មាន​សម្ទុះ​នៃ​ការចូលរួម​លើសពី​ឆ្នាំមុន​ខ្លាំង ទាំង​ទិ​ដ្ឋ​​ភាព​ថវិកា និង​ចំនួន​សប្បុរស​​ជន ដែល​ការចូលរួម​ច្រើន​បែបនេះ ក៏​ព្រោះតែ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ទាំង​អស់នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​យក​បទពិសោធន៍​នៃ​ការរៀបចំ​យុទ្ធនាការ​នេះ​កាលពី​ឆ្នាំ​ ២០២២ ជា​មេរៀន ជា​ធាតុ​ចូលក្នុង​ការ​កែលម្អ​ចំណុច​ខ្វះខាត​។ ព្រម​​ទាំង​បាន​បង្កើត​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ថ្មីៗ ជាពិសេស​ការ​​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នានា រួម​ជាមួយនឹង​ការចូលរួម​ផ្សព្វផ្សាយ​យ៉ាង​ផុសផុល​ពី​ក្រសួង​​ស្ថាប័ន គ្រឹះស្ថាន​ឯក​​ជន ធនាគារ​ដៃគូ សប្បុរសជន​នានា និង​ជាពិសេស​សារព័ត៌​​មាននៅ​ទូទាំងប្រទេស​ចូលរួម​យ៉ាងច្រើន​កុះករ​»​។

​លោក ច​ន ណា​រិ​ទ្ធ បាន​អះអាងថា ក្នុងឆ្នាំនេះ សប្បុរស​ជន​មិន​ត្រឹមតែ​បាន​ចូលរួម​បរិច្ចាគ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ចូលរួម​ផ្សព្វផ្សាយ​បន្ត​ដល់​មិត្តភក្ដិ បងប្អូន និង​សាធារណ​ជន​បន្ថែម​ទៀតផង​។

​លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងនាម​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​ក្នុងនាម​អាណាព្យាបាល​​កុមារ​នៅ​កម្ពុជា ខ្ញុំ​សូម​សម្ដែង​អរគុណ​ជូន​សប្បុរសជន​ទាំង​​អស់​ដែល​តែងតែ​ចូលរួម​រក្សា​និរន្តរភាព​នៃ​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក្នុងការ​​បន្ត​បេសកកម្ម​ពិនិត្យ និង​ព្យាបាល​ទារក និង​កុមារ​នៅ​កម្ពុជា ប្រកបដោយ​គុណភាព ឥតគិតថ្លៃ និង​មិន​មានការ​រើស​​អើ​ង​»​។​

​មូលនិធិ​គន្ធ​បុ​ប្ជា​កម្ពុជា ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៨ ហើយ​ជា​មូលនិធិ ​១ ក្នុងចំណោម​មូលនិធិ​ចំនួន​ ២ គឺ​មូលនិធិ Beat Richner ប្រទេស​ស្វ៊ី​ស ដើម្បី​រួមគ្នា​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង ​៥ ហើយ​ក្នុង​ឆ្នាំ ​២០២២ កន្លងមកនេះ មូលនិធិ​គន្ធ​បុ​ប្ជា​កម្ពុជា បានទទួល​ថវិកា​ពី​សប្បុរសជន​ពី​គ្រប់ទិសទី​ប្រមាណ​ ១៨ លាន​ដុល្លារ​ប៉ុណ្ណោះ​។

​របាយការណ៍​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា ប្រចាំ​ខែឧសភា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា ក្រុម​គ្រូ​ពេទ្យ​បាន​ពិនិត្យ​ព្យាបាល​កុមារ​ឈឺ​ចំនួន ៦១ ៩១​ នាក់ នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​កុមារ​ជំងឺ​ធ្ងន់ៗ​ចំនួន ​១១ ៤០៣ នាក់ ដោយ​ដាក់ឱ្យ​សម្រាក​ព្យា​បាល​នៅក្នុង​មន្ទីរពេទ្យ ហើយ​ក្នុងនោះ​កុមារ​មាន​ជំងឺ​គ្រុន​ឈាមមាន​ចំនួន ២៧៥ ​នាក់ និង​កុមារ​ដែល​ទទួល​បានកា​រ​វះកាត់​មាន​ចំនួន​ ២ ៣០០ ​នាក់​។ សម្រាប់​ការព្យាបាល​នៅ​ផ្នែក​សម្ភព​វិញ គឺមាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ ៩ ១៨៩ នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៣ ខណៈ​ក្រុមគ្រូពេទ្យ បាន​សម្រាលកូន​ដល់​ស្ត្រី​មាន​ផ្ទៃ​​ពោះ​ចំនួន ១ ៦៥១ ​នាក់​។​

​កញ្ញា ណ​យ ធានី ពលរដ្ឋ​ម្នាក់​ដែល​បាន​បរិច្ចាគ​ថវិកា​សម្រាប់​យុទ្ធនាការ​នេះ​ថ្លែងថា ថវិកា​នេះ​អាចជួយ​សម្រួល​ទៅដល់​ការ​ចំណាយ​នានា​របស់​មន្ទីរពេទ្យ​ឱ្យ​បន្ដសកម្មភាព​នេះ​បានយូរ​ជួយ​កុមារ​កម្ពុជា​៕