​កោះកុងៈ ​ប្រជាពលរដ្ឋ ​៣២៧ ​គ្រួសារ ក្រៅពី​របរ​ធ្វើស្រែ​បាន​​និង​កំពុង​ចិញ្ចឹមជីវិត​ដោយ​ការរក​អនុផល​ព្រៃឈើ​ និង​បម្រើសេវា​កម្ម​អេកូ​ទេសចរណ៍​តាម​​បែប​ធម្មជាតិ​ពី​សហគមន៍​តំបន់​​ការពារ​ធម្មជាតិ​ភ្នំ​ទ័ព​ជាង ដែល​ស្ថិតក្នុង​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង ខណៈ​នៅ​ទូទាំងប្រទេស​សហគមន៍​តំបន់ការពារធម្មជាតិ​មាន​ចំនួន​ ១៩០​។​

ដូច​អ្វីដែល​លោក​ ឡុង ម៉េ​ត ជា​ប្រជា​សហគមន៍​បាន​និយាយថា​៖ «​ខ្ញុំ​មាន​ក្តីសប្បាយ​រីករាយ​ព្រោះ​ខ្ញុំ​បានទទួល​អនុផល​ព្រៃ​​ឈើ​សម្រាប់​លក់​ផ្គត់ផ្គង់​ជីវភាព​​គ្រួសារ​។ ក្រសួងបរិស្ថាន​និង​អង្គការ​នានា​គាត់​ជួយ​គាំទ្រ​ប្រជា​សហគមន៍​ហើយ​បង្រៀន​ឱ្យ​ចេះ​ដកហូត​អនុផល​ព្រៃឈើ​ឱ្យមាន​ចីរភាព​[​យូរអង្វែង​]​បែបនេះ​ខ្ញុំ​ត្រេកអ​រណាស់​»​។

​បុរស​វ័យ ​៤៤ ​ឆ្នាំ រូបនេះ បានឱ្យដឹងថា បច្ចុប្បន្ន​លោក​មាន​លំនៅ​ក្នុងភូមិ​ព្រះអង្គ​កែវ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្ត​កោះ​​កុង​និង​មានកូន​ចំនួន ​៤ ​នាក់ ​ក្នុង​​បន្ទុក​។ ដោយសារតែ​ការរក​អនុផល​ព្រៃឈើ​ក្នុង​សហគមន៍​ និង​លក់បាន​លុយ ទើប​លោក​អាចមាន​លទ្ធភាព​បញ្ជូន​កូនប្រុស​​ច្បង​អាយុ​ ២១ ​ឆ្នាំ ​ឱ្យទៅ​បន្ដ​ការ​​សិក្សា​នៅ​សាកលវិទ្យាល័យ​មួយ​​ក្នុង​រាជធានី​ភ្នំពេញ និង​ទទួលបាន​អាហារូបករណ៍​ពី​គម្រោង​របស់​ធនាគារពិភពលោក​ (World Bank) ​ទៀតផង​។​

​ពាក់ព័ន្ធ​នឹង​ការរក​អនុផល​ព្រៃឈើ​នេះ លោក​ ម៉េ​ត បាន​ប្រាប់ថា នៅក្នុង​ព្រៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ភ្នំ​ទ័ព​ជាង លោក​ក៏ដូចជា​ប្រជា​សហគមន៍​ដទៃទៀត​ដែរ គឺអាច​ចូល​ព្រៃ​បេះ​ផ្លែ​គុយ កាប់​ដើម​ឫស្សី បោចវល្លិ ផ្តៅ រក​ផ្សិត​ប៉ក់ និង​ដើម​រុក្ខ​ជាតិ​ផ្សេងៗ​ជា​ប្រភេទ​ឱសថ​សម្រាប់​លក់ តែ​ពេល​ចូលមក​​ដល់​រដូវវស្សា​ដូចនេះ ​គឺ​លោក​បែរមក​ធ្វើស្រែ​វិញ​ម្តង​។ ប៉ុន្តែ​នៅក្នុង​ខែមិថុនា របរ​រក​ផ្សិត​ប៉ក់ និង​បេះ​ផ្លែ​គុយ​នៅ​អាច​ប្រមូល​​ផល​បាន​ខ្លះ តែបើ​ការ​បោចវល្លិ ផ្តៅ កាប់​ដើម​ឫស្សី និង​រក​ដើម​រុក្ខជាតិ​ផ្សេងៗ​ជា​ឱសថ​វិញ ​គឺ​

​អាច​រកបាន​គ្រប់​រដូវ​ពេញៗ​ ១​ ឆ្នាំ​តែម្តង​។​

ទន្ទឹមនឹងនេះ​ក៏មាន​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ (WWF) ​បាន​ជួយ​គាំទ្រ​ដល់​ប្រជា​សហគមន៍​ក្នុងការ​បណ្តុះ​កូន​ផ្តៅ​ឡើងវិញ​ផងដែរ ​ដើម្បី​កុំឱ្យ​ផុត​ពូជ​។​

​លោក​ប្រាប់ថា​៖ «​ខ្ញុំ​រៀន​ពី​ក្រសួង​​បរិស្ថាន​ គឺ​ប្រើពាក្យ​ថា ​ដកហូត​អនុផល​ព្រៃឈើ​គេ​មិន​ថា​បេះ​អនុផល​ព្រៃឈើ​ទេ​។ ខាង​អង្គ​​ការ​ និង​ក្រសួងបរិស្ថាន​មាន​​បង្រៀន​ពី​ការដកហូត​អនុផល​ព្រៃឈើ​តាម​បច្ចេកទេស​កុំឱ្យ​ផុត​ពូជ ​ដើម្បី​ឱ្យមាន​ចីរភាព​ និង​បង្រៀន​ឱ្យមាន​ការគ្រប់គ្រង​ព្រៃ​សហគមន៍​ឱ្យបាន​ត្រឹមត្រូវ​»​។

​បើតាម​លោក ឡុង ម៉េ​ត ចំពោះ​អនុផល​ព្រៃឈើ​ទាំងឡាយ​ គឺ​​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ព្រៃ​សហគមន៍ រកបាន​អនុផល​​ពី​ក្នុងព្រៃ​សហគមន៍​។ ហេតុដូច្នេះ​ហើយ​ទាំង​លោក​ក៏​ដូច​​ជា​ប្រជា​សហគមន៍​ផ្សេងទៀត​ត្រូវបាន​បង្រៀន​ឱ្យ​ចេះ​ដកហូត​អនុផល​ព្រៃឈើ​ឱ្យមាន​ចីរភាព​យូរអង្វែង​ និង​និរន្តរភាព​។​

​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ពឹង​អាស្រ័យ​ផល​ពី​ព្រៃឈើ​នេះដែរ អ្នកស្រី ឃុ​ត ភៀ​ង ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​​ភ្នំ​ទ័ព​ជាង បានឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ ដឹង​ដែរ​ថា សហគមន៍​តំបន់​ការ​​ពារ​ធម្មជាតិ​ភ្នំ​ទ័ព​ជាង ​ដែល​រាជ​​រដ្ឋាភិបាល​ប្រគល់​មកឱ្យ​សហ​​គម​ន៍​ថែរក្សា​មាន​ផ្ទៃដី​ទំហំ ៣ ០៩៣​ ហិកតា​ និង​ចម្ការ​គ្រាប់ពូជ​ចំនួន​ ៤៣ ​ហិកតា​។ ប៉ុន្តែ​ការចូលរួម​ល្បាត​ ឬក៏​ប្រជុំ​ធ្វើ​ផែនការ​អ្វីមួយ​ក្នុង​សហគមន៍​ត្រូវមាន​ការចូល​​រួម​ពី​អាជ្ញាធរ​មូលដ្ឋាន ពី​មន្ត្រី​​ឧ​ទ្យា​នុ​រក្ស​និង​មានការ​គ្រប់គ្រង​​ពី​ក្រសួងបរិស្ថាន​។ ចំពោះ​សហ​គម​ន៍​តំបន់ការពារធម្មជាតិ​ភ្នំ​ទ័ព​ជាង​គឺ​រក្សាបាន​ដើមឈើ​ធំៗ និង​ព្រៃឈើ​ហូប​ផ្លែ​ជាច្រើន​។​

​អ្នកស្រី​បាន​បន្តថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រះ​អង្គ​កែវ និង​ភូមិ​បាក់​អង្រុត​សរុប​​ចំនួន ​៣២៧ ​គ្រួសារ ដែល​រស់នៅ​​ក្នុង​តំបន់​ព្រៃ​សហគមន៍ និង​រស់​​នៅ​តំបន់​ក្បែរៗ​នោះ​កំពុង​ទាញ​​យក​ប្រយោជន៍ ​ឬ​អាស្រ័យ​ផល​ពី​សហគមន៍​តំបន់​ការពារ​ធម្ម​ជាតិ​ភ្នំ​ទ័ព​ជាង​។​ ប៉ុន្តែ​ទាំង ​៣២៧ ​គ្រួសារ​នេះ​ ចែកជា​ក្រុម ​និង​មាន​តួនាទី​ផ្សេងៗ​គ្នា​ដែលមាន​ក្រុម​ប្រមូល​អនុផល​ព្រៃឈើ មាន​ក្រុម​កែច្នៃ​អនុផល​ព្រៃឈើ​ និង​ក្រុម​អេកូ​ទេសចរណ៍​ដែល​បម្រើ​សេវាកម្ម​អេកូ​ទេសចរណ៍​។​

​បើតាម​អ្នកស្រី ឃុ​ត ភៀ​ង មាន​ប្រជា​សហគមន៍ ​៣៨ ​គ្រួសារ​ក្នុងចំណោម ​៣២៧ ​គ្រួសារ ជា​ក្រុម​កែច្នៃ​មានដូចជា ធ្វើ​ជើងធូប​ពី​ឫស្សី ធ្វើ​បំពង់​ទុយោ​បឺត​ពី​ដើម​ឫស្សី​ពក កែច្នៃ​កន្ត្រក​ពី​ឫស្សី ហើយ​ផលិតផល​កែច្នៃ​ទាំងនេះ​ ​មាន​អ្នក​ចាំ​ទទួល​ទិញ​អស់ៗ​មិនដែល​នៅសល់​ឡើយ​។ សម្រាប់​នៅ​អំឡុង​ខែមិថុនា ​ប្រជា​សហ​​គម​ន៍​បន្ត​ចូល​ក្នុងព្រៃ​សហគមន៍​ប្រមូល​ផ្សិត​ប៉ក់ ផ្សិត​ក្ងោក ​និង​ផ្សិតកញ្ចូរ នៅ​បន្ត​ប្រមូល​ផល​នៅឡើយ រីឯ​ការប្រមូល​ផ្លែ​គុយ​​ជិត​ផុត​ខែ​ហើយ តែ​ប្រមូលបាន ៣ ១២០​ គីឡូក្រាម និង​​លក់​ក្នុង ​១ ​គីឡូក្រាម ​ថ្លៃ ​១២ ០០០ ​រៀល​។

អនុផល​ព្រៃឈើ​ដែល​ពួកគាត់​ប្រមូលបាន​ពី​ក្នុងព្រៃ​សហគមន៍​នៅ​កោះកុង​។ រូបថត សហការី​

ចំពោះ​ការកែច្នៃ​ឫស្សី​​ពក ​(​ទំហំ​ប៉ុនកដៃ​ក្មេង​) ​ធ្វើជា​ជើងធូប​បាន​ចំនួន ​៥ ០៥៨ ​គីឡូ​​ក្រាម ដោយ​ក្នុង​ ១​ គីឡូក្រាម ​អាច​លក់បាន ១ ៨០០ ​រៀល​, ​កែច្នៃ​កន្ត្រក​ពី​ឫស្សីថ្ង ​(​ទំហំ​ប៉ុន​កំប៉ុង​ស្រា​បៀរ​) ​បាន ​៨៨ ​កន្ត្រក​, ​ដើម​ឫស្សីថ្ង ​[​ស្រស់​] ​បាន ​១៨ ៤៩៣​ ដើម​ដោយ​ក្នុង ​១ ​ដើម​អាច​លក់​​បាន​តម្លៃ ​៧០០ ​រៀល​, ​ផ្សិត​ប៉ក់​ដែល​ប្រមូលបាន​ក្នុង​ខែមីនា មេសា និង​ខែឧសភា​ បាន​ចំនួន ​៤៧៤ ​គីឡូក្រាម និង​លក់បាន​​ក្នុង ​១ ​គីឡូក្រាម​តម្លៃ ​១៥ ០០០ ​រៀល​, ​រុក្ខជាតិ​ឱសថ​បុរាណ​មាន​សួត​ដំរី មាន​វល្លិ​អន្ទង់ វល្លិ​ជុ​យ ជាដើម​បាន ​១ ៤០០ ​គីឡូក្រាម និង​អាច​លក់​ក្នុង ​១ ​គីឡូក្រាម ​ថ្លៃ ​៣ ០០០ ​រៀល ​និង​ទឹកឃ្មុំ​ប្រ​មូល​ពី​ខែមករា ​ដល់​ខែឧសភា​ ឆ្នាំ​ ២០២៣ ​បាន​ចំនួន ​៣៨ ​លីត្រ ហើយ​ក្នុង​ ១​ លីត្រ ​អាច​លក់​ថ្លៃ ​៨ ​ម៉ឺន​រៀល​ និង​ផ្តៅ​ស្រស់​បាន​ ១៦ ៧៥០​ ដើម និង​លក់បាន​ក្នុង ​១ ​ដើម​ថ្លៃ​ ៧០០ ​រៀល​។​

​អ្នកស្រី​បានបញ្ជាក់​ថា​៖ «​ប្រ​ជា​សហគមន៍​ទាំង ​៣២៧ ​គ្រួសារ​ ដែលជា​សមាជិក​ក្នុង​សហគមន៍ ពួកគាត់​បង់​វិភាគទាន​ដើម្បី​ទ្រទ្រង់​​សហគមន៍​ ដើម្បី​យកមក​ចំណាយ​លើ​ការពង្រឹង​សមត្ថភាព​ក្នុង​សហគមន៍​។​ ពួកគាត់​ក៏​ជួយ​ល្បាត​ក្នុងព្រៃ​សហគមន៍​ដែរ​»​។​

​អ្នកស្រីបានឱ្យដឹង​ដែរ​ថា សហគមន៍​តំបន់ការពារធម្មជាតិ​​ភ្នំ​ទ័ព​ជាង បានផ្តល់​ការងារ និង​ជួយ​ចិញ្ចឹម​ដល់​ក្រុមគ្រួសារ​ហើយ​​ពួកគាត់​ក៏​មិន​ចំណាកស្រុក​ទៅណា​ឆ្ងាយ​ដែរ ព្រោះ​មាន​ធន​ធាន​ធម្មជាតិ​ស្រាប់​នៅក្នុង​ព្រៃ​សហគមន៍​។ ពីមុន​ក៏ដូចជា​បច្ចុប្បន្ន​ប្រជា​សហគមន៍​ទទួល​​បាន​ចំណេះដឹង​ច្រើន​តាមរយៈ​​ការជួយ​បណ្តុះបណ្តាល​ពី​ក្រសួងបរិស្ថាន​ពី​ខាង​អង្គការ​សង្គម​ស៊ីវិល​​រួមទាំង​ពី​ការចូលរួម​យ៉ាង​សស្រោក​សស្រាំ​របស់​អាជ្ញាធរ​ដែ​ន​ដី​ផង​។​

លោក ​មាស សុគន្ធ​វឌ្ឍនៈ អនុ​​ប្រធាន​នាយកដ្ឋាន​ជីវភាព​សហ​​គម​ន៍​នៃ​ក្រសួងបរិស្ថាន​បានឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍ ​ដឹងថា គិត​ត្រឹម​ឆ្នាំ ​២០២២ សហគមន៍​តំបន់​ការ​​ពារ​ធម្មជាតិ​មាន​ចំនួន​ ១៩០ ​សហគមន៍​នៅ​ទូទាំងប្រទេស​។​ នៅក្នុង​ដែន​សហគមន៍​នីមួយៗ​បានផ្តល់​ធនធានធម្មជាតិ​ជា​ប្រយោជន៍​ច្រើន​ដល់​ប្រជា​​ពលរដ្ឋ​ដែល​រស់នៅក្នុង​សហ​​គម​ន៍​ក៏ដូចជា​អ្នករស់នៅ​ក្បែរៗ​តំបន់​នោះ​។​ ពួកគាត់​អាច​ចូល​ព្រៃ​រក​អនុផល​ព្រៃឈើ​មក​ផ្គត់​​ផ្គង់​ជីវភាព​គ្រួ​សារបាន គួបផ្សំ​នឹង​ការធ្វើ​ស្រែ​ផង ហើយ​សហ​​គម​ន៍​ព្រៃ​ធម្មជាតិ​ទាំងនោះ​គ្រប់​គ្រង​ដោយ​ក្រសួងបរិស្ថាន​។​

​លោក​ថ្លែងថា​៖ «​ដូច្នេះ​ក្រសួង​​អាច​ចែករំលែក​ចំណែក​ណាមួយ​ពី​ព្រៃ​សហគមន៍​ទៅឱ្យ​ប្រជា​​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​សហ​​គម​ន៍​។ ​ការធ្វើ​បែបនេះ​ដើម្បីឱ្យ​គាត់​ចេះ​ដកហូត​អនុផល​ព្រៃ​​ឈើ​ប្រកបដោយ​ចីរភាព និង​ចេះ​គ្រប់គ្រង​ធនធានធម្មជាតិ​ហ្នឹង ​ដើម្បីឱ្យ​គាត់​ចេះ​ការពារ​ផង ​និង​​ចិញ្ចឹមជីវិត​ពួកគាត់​ផង​»៕