​ភ្នំពេញៈ​ មន្ត្រីជាន់ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា និង​តំណាង​អង្គការ UNDP ប្រចាំ​កម្ពុជា បាន​ជំរុញ​ឱ្យ​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​បន្ត​ការ​​គាំទ្រ និង​បង្កើន​កញ្ចប់​ថវិកា​របស់​ខ្លួន ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បីឱ្យ​​កម្ពុជា​មានលទ្ធភាព​គ្រប់គ្រាន់​ព​ន្លឿ​ន​ឈានទៅ​សម្រេច​គោល​​ដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ ​២០២៥ ឱ្យ​កាន់តែ​ឆាប់​។​

​នេះ​ជាការ​លើកឡើង​របស់លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុ​​ប្រធាន​ទី​១ អាជ្ញាធរ​មីន និង​លោកស្រី Alissar Chaker ​តំណាង​អង្គការ UNDP ប្រចាំ​កម្ពុជា ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គម្រោង​បោសសម្អាត​មីន​ ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤ ប្រចាំឆមាស​ទី​១ ឆ្នាំ ​២០២៣ នា​ថ្ងៃទី ​១៥ ខែមិថុនា​។​

​លោក​ លី ធុជ បាន​លើកឡើងថា ចាប់ពី​ឆ្នាំ​ ២០២២ បន្ថែម​លើ​ថវិកា​ចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ប្រភព​ផ្សេងៗ​លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កៀរគរ​ធនធាន​បន្ថែម និង​ជំរុញឱ្យមាន​ការចូលរួម​ពី​វិស័យ​ឯកជន និង​សប្បុរសជន​នានា​ក៏ដូចជា​បាន​ទម្លាក់​កញ្ចប់​ថវិកាជាតិ តាម​​រយៈ​ «​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ ​២០២៥» ដើម្បី​បំពេញបន្ថែម​​មហិច្ឆតា​ដោះស្រាយ​បញ្ហា​មីន​ឱ្យអស់​ត្រឹម​ឆ្នាំ ​២០២៥​។

​នា​កិច្ចប្រជុំ​នោះដែរ លោក លី ធុជ ក៏បាន​អំពាវនាវ​ថា​៖ «​សុំឱ្យ​ប្រទេស​ជា​មិត្ត និង​ដៃគូ​​អភិវឌ្ឍន៍​ទាំងអស់ បន្ត​ការគាំទ្រ​ផែនការ​បោសសម្អាត​មីន​សម្រាប់​ឆ្នាំ​ ២០២៤-២០២៥ ​បន្ថែមទៀត ដោយ​គ្រោង​នឹង​បោសសម្អាត​ក្នុង​ទំហំ​ផ្ទៃដី​មាន​មីន​នៅសល់​ប្រមាណ​ជា​ ៣៥៩ គីឡូម៉ែត្រ​ក្រឡា និង​ប្រើប្រាស់​ថវិកា​ចំនួន ៧៨​ លាន​ដុល្លារ​អា​​មេ​រិ​ក​»​។​

​ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា លោក លី ធុជ ក៏បាន​ថ្លែងអំណរគុណ​សម្រាប់​ការគាំទ្រ​ប្រកបដោយ​ទឹកចិត្ត​សប្បុរស​ចំពោះ​អង្គការ UNDP រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​អូស្ត្រាលី សាធារណរដ្ឋ​​កូរ៉េ និង​នូ​វែ​ល​សេ​ឡង់ ក្នុង​​ចំណោម​ប្រទេស​ដទៃទៀត​ដែល​បាន​ចូលរួម​គាំទ្រ​ការងារ​បោស​​សម្អាត​មីន និង​សំណល់​ជាតិ​​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​។​

​តាមរយៈ​អាជ្ញាធរ​មីន​កម្ពុជា លោកស្រី Alissar Chaker​ តំណាង​អង្គការ UNDP ប្រចាំ​កម្ពុជា ក៏បាន​លើកឡើង​ដោយ​លោកស្រី​ទទូច​ឱ្យ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ បន្ត​ការគាំទ្រ និង​បង្កើន​កញ្ចប់​ថវិកា​របស់​ខ្លួន ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​​កម្ពុជា ​ដើម្បីឱ្យ​កម្ពុ​ជាមាន​លទ្ធ​​ភាព​គ្រប់គ្រាន់​ព​ន្លឿ​ន​ឈានទៅ​សម្រេច​គោលដៅ​ឆ្នាំ​ ២០២៥ ឱ្យ​កាន់តែ​ឆាប់​។

​សូម​បញ្ជាក់ដែរថា កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ពិនិត្យ​លើ​សមិទ្ធផល​គម្រោង​ពី​ខែមករា ​ដល់​ខែមិថុនា​ ឆ្នាំ​ ២០២៣, ការងារ​អាទិភាព​សំខាន់ៗ​សម្រាប់​ខែកក្កដា​ដល់​ខែធ្នូ ឆ្នាំ ​២០២៣ ​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត និង​ហានិភ័យ ​និង​ការធ្វើ​បច្ចុប្បន្នភាព​ហិរញ្ញ​វត្ថុ​ជាដើម​។

​តាមរយៈ​ទីភ្នាក់ងារ​សហ​ប្រតិ​​ប​ត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA) ​កិច្ចប្រជុំ​នេះ​លោកស្រី ស៊ីន ជុង​យ៉ុ​ន (Ms. Shin Jungyeon)​ អនុប្រធាន​តំណាង នៃ​ការិយាល័យ​ក​យ​កា​-KOICA ប្រចាំ​ប្រទេស​កម្ពុជា​ បាន​វាយ​​តម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​របស់​អាជ្ញាធរ​ក្នុងការ​អនុវត្ត​គម្រោង​បោសសម្អាត​មីន​។​

​លោកស្រី​ក៏បាន​ថ្លែង​នូវ​ការ​​អបអរសាទរ​ដល់​អាជ្ញាធរ​មីន ចំពោះ​ផែនការ​របស់ខ្លួន​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​រៀបចំ «​សន្និសីទ​សកល​ស្តីអំពី​ជំនួយ​ដល់​ជនរងគ្រោះ​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ ថ្ងៃទី​​ ១៧ ដល់​ថ្ងៃទី​ ១៩ ខែ​​តុលា ឆ្នាំ​ ២០២៣ ហើយ​ទី​ភ្នា​ក់​ងា​រក​យ​កា​តាមរយៈ​គម្រោង​បោសសម្អាត​មីន​ ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤ (CFR-IV) គ្រោង​នឹង​គាំទ្រ​ថវិកា ១៥ ០០០ ដុល្លារ​អាមេរិក សម្រាប់​សន្និសីទ​ពិភពលោក​នេះ​ផងដែរ​។​

​សូម​រំឭកថា ក​យ​កា​-KOICA ​បាន​គាំទ្រ​សកម្មភាព​បោស​​សម្អាត​មីន​នៅ​កម្ពុជា ​ដោយ​ផ្តល់​ថវិកា​ចំនួន​ ១០​ លាន​ដុល្លារ​អាមេរិក ពី​ឆ្នាំ ​២០២១ ដល់​ឆ្នាំ​ ២០២៥ តាមរយៈ​គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធ​​ផល​ដំណាក់កាល​ទី​៤​ (CFR-IV)-​សកម្មភាព​មីន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​មនុស្ស សម្រាប់​​ជួយ​កម្ពុជា​ក្នុងការ​បោសសម្អាត​មីន ជំនួយ​ជនរងគ្រោះ និង​ការ​​អប់រំ​ពី​ហានិភ័យ​មីន ក៏ដូចជា​ការអភិវឌ្ឍ​ជនបទ​។​

​យោងតាម​អាជ្ញាធរ​មីន សកម្ម​ភាព​មីន​រយៈពេល​ជាង ៣០​ ឆ្នាំនេះ កម្ពុជា​រួមជាមួយ​ដៃគូ​អភិ​​វឌ្ឍន៍ បានធ្វើការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ផ្ទៃដី​ចំនួន ២ ៥៧៩ ​គីឡូ​​ម៉ែត្រក្រឡា ដែល​ដី​ទាំងនោះ ត្រូវបាន​ប្រគល់ជូន​ស​ហគ​មន៍​​វិញ​សម្រាប់​គោលបំណង​ដូចជា​កសិកម្ម ការតាំង​លំនៅ​ថ្មី ផ្លូវ​ថ្នល់ សាលារៀន និង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​សង្គម​ផ្សេងៗ​ជា​​ដើម​។

ក្នុង​ខែតុលា ឆ្នាំ​ ២០២៣ ​ខាងមុខ​នេះដែរ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​សកល​លើក​ទី​៣ ​ស្តីពី​កិច្ចសង្គ្រោះ​ជន​​រងគ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​ជន​មាន​ពិការភាព ដែលមាន​ប្រទេស​ចំនួន ​៤៥ នឹងចូលរួម​សន្និសីទ​នេះ​៕