ភ្នំពេញៈ លោកអ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​សហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន ជន​ងាយ​រងគ្រោះ និង​សាធារណជន​ងាក​មក​ចាប់​អារម្មណ៍ និង​ទទួល​យក​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ការ​ស្វែង​រក​ឱកាស​ការងារ និង​ការ​បង្កើត​មុខ​របរ​ដោយ​ខ្លួនឯង ដើម្បី​ជីវភាព​ផ្ទាល់​ខ្លួនផង និង​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិផង។

បើតាម​ក្រសួង​ការងារ លោក​រដ្ឋមន្ត្រី បាន​ធ្វើការ​អំពាវនាវ​យ៉ាង​ដូច្នេះ ក្នុង​ពិធី​អបអរសាទរ​ទិវាជាតិ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និង វិជ្ជាជីវៈ​លើក​ទី​៦ ក្រោម​ប្រធានបទ «TVET ផ្ដល់​ជំនាញ និង​ការងារ​សមរម្យ» នា​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ ២០២៣ នៅ​សាល​មហោស្រប​កោះពេជ្រ រាជធានីភ្នំពេញ។

លោក អ៊ិត សំហេង បាន​លើក​ឡើង​ថា ចាប់​តាំង​ពី​មាន​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​តិចតួច បច្ចុប្បន្ន​នៅ​កម្ពុជា មាន​គ្រឹះស្ថាន​បណ្តុះ​បណ្តាលចំនួន ៣២៥។

ក្នុង​ឆ្នាំ ២០២២ មាន​សិក្ខាកាម សិស្ស និស្សិត​បាន​បញ្ចប់​ការ​សិក្សា​គ្រប់​កម្រិត​ចំនួន ៨៩ ៨៧៨នាក់ ហើយ​សិក្ខាកាម សិស្ស និស្សិតដែល​បាន​បញ្ចប់​ការ​សិក្សា ទទួល​បាន​ការងារ​ធ្វើ​ស្ទើរ​ទាំងអស់ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ​ច្រើន​ជាង​កម្មករ​និយោជិត​ដែល​មិនមាន​ជំនាញ។

ទន្ទឹមនោះ សិក្ខាកាម​មួយ​ចំនួន​ក៏​មាន​លទ្ធភាព​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង​ប្រកប​ដោយ​ជោគជ័យ ដែល​បាន​រួមចំណែក​បង្កើត​ការងារ​បន្ថែម។

លោករដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​ថ្លែង​ទៀត​ថា បច្ចុប្បន្ន​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​វិស័យ​ឯកជន​បាន​ចំនួន ២៣០ ក្រុមហ៊ុន ដើម្បី​សហការ​ផ្ដល់​ការ​បណ្តុះ​បណ្តាល​ជំនាញ​តាម​តម្រូវការ​របស់​ក្រុមហ៊ុន ដោយ​ធានា​ថា សិក្ខាកាម សិស្ស និស្សិត ដែល​បាន​បញ្ចប់​ការ​សិក្សា​ទទួល​បាន​ការងារ​ល្អ​នៅក្រុមហ៊ុន​ទាំង​នោះ។

លោក​បន្ថែម​ថា៖ «រាជរដ្ឋាភិបាល​បាន​ត្រៀម​រៀបចំ​ផែនការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​យុវជន​នៅ​គ្រួសារ​ក្រីក្រ និងងាយ​រងគ្រោះ​ទូទាំង​ប្រទេស​ចំនួន ១លាន ៥សែន​នាក់ ដោយ​រដ្ឋ​ធានា​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចាប់​ពី​ឆ្នាំ ២០២៣ នេះ​តទៅ ដើម្បី​ផ្តល់​ឱកាស​ឱ្យពួកគេ​មាន​ជំនាញ​សម្រាប់​យក​ទៅ​ធ្វើ​ការងារ ឬ បង្កើត​មុខរបរ​ដោយ​ខ្លួនឯង និង​បំពេញ​តម្រូវ​ការ​នៃ​កម្លាំង​ពលកម្ម​ជំនាញ​សម្រាប់​ការ​វិនិយោគ​ថ្មីៗ​នៅ​កម្ពុជា»៕