ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ក្រៅ​ផ្លូវការ​ស្តីពី​បញ្ហា​មីយ៉ាន់ម៉ា​រយៈពេល ២ ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ១៨-១៩ ខែ​មិថុនា នៅ​ប្រទេស​ថៃ តបតាម​ការ​អញ្ជើញ​របស់​លោក ដន ប្រាម៉ាត់វីណៃ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេសថៃ។

ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​១៦ ​ខែ​មិថុនា ថា ជំនួប​ផ្លាស់​ប្តូរ​យោបល់​ដោយ​ផ្ទាល់នេះ​នឹង​រួម​ចំណែក​ដល់​ការ​រិះរក​មធ្យោបាយ​នានា ដើម្បី​តាមដាន​នូវ​អនុសាសន៍​ដែល​បាន​លើក​ឡើង​ដោយ​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤២ កាល​ពី​ខែ​ឧសភា ឆ្នាំ ២០២៣។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ជំនួប​នេះ​ក៏​នឹង​ជំរុញ​បន្ថែម​ទៀត​នូវ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ ឬ កុងសង់ស៊ី ៥ ចំណុច ព្រម​ទាំង​ការ​វាយ​តម្លៃ និង​សេចក្តី​សម្រេច​ចិត្ត ១៥ ចំណុច របស់​ថ្នាក់​ដឹក​នាំ​អាស៊ាន ស្តីពី​ការ​អនុវត្ត​កុងសង់ស៊ីស ៥ ចំណុចនេះ៕