ភ្នំពេញៈ កម្ពុជា និងចិន បាន​បើក​វេទិកា​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ​កម្ពុជា-ចិន លើក​ទី១ និង ក្រុម​អ្នក​ស្រាវជ្រាវ និង​អ្នក​ជំនាញ​រវាងខេត្ត​យូណាន ខេត្ត​ជាំងស៊ី ប្រទេស​ចិន និង​កម្ពុជា ក្រោម​មូលបទ «ការ​ជំរុញ​ការ​កសាង​សហគមន៍​វាសនា​រួម​ កម្ពុជា-ចិន» កាល​ពី​ថ្ងៃទី​១៦ ខែ​មិថុនា នៅ​ខេត្ត យូណាន។

ហ្វេសប៊ុក​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី​១៧ ខែ​មិថុនា ថា លោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និង សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ថ្លែង​សុន្ទរកថា តាម​ប្រព័ន្ធ​វីដេអូ ក្នុង​ពិធី​បើក​វេទិកា​នេះ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ​កម្ពុជា-ចិន។

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២៣ កម្ពុជា និងចិន បាន​ឯកភាព​បង្កើត​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ ដែល​មាន​វិស័យ​អាទិភាព​ចំនួន ៦ រវាង​ប្រទេស​ទាំង ២ រួមមាន កិច្ច​សហប្រតិបត្តិការ​នយោបាយ​គុណភាព និង សមត្ថភាព​ផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន។

ការ​ឯកភាព​ដូច្នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនភីង (Xi Jinping) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​លោក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ៣ថ្ងៃ ពីថ្ងៃទី ៩-១១ ខែកុម្ភៈ៕