ភ្នំពេញៈ កសិករ​ភាគ​ច្រើន​ចិញ្ចឹម​សត្វ​កង្កែប​នៅក្នុង​ស្រះ​ទឹក​នៅក្នុង​អាង ​ឬ​នៅក្នុង​តង់​កៅស៊ូ​ ប៉ុន្តែ​បុរស​ម្នាក់​បែរ​ជា​យក​ប៊ីដុង​ប្រេង​ចំណុះ ​៣០​ លីត្រ មក​កែច្នៃ​សម្រាប់​ចិញ្ចឹម​កង្កែប​នៅក្នុង​បរិវេណ​ផ្ទះ​របស់គាត់​ទៅវិញ​។ ​របរ​ចិញ្ចឹមសត្វ​កង្កែប​នេះ​គាត់​អាច​លក់បាន​ប្រាក់​ក្នុង​១​ខែ​ជាង​២​លាន​រៀល​ផង​ដែរ​។​

​ប្រសិន​បើ​គេ​មើល​ទីតាំង​ពី​ចម្ងាយ​គេ​គ្រាន់​តែ​អាច​ដឹង​ត្រឹម​តែ​ថា​ជា​ផ្ទះថ្ម​សង់​នៅ​ផ្ទាល់​ដី​ប៉ុណ្ណោះ​។​តែ​បើ​គេ​ចូល​ទៅ​ដល់​ក្នុង​របង​ផ្ទះ ​គេ​ប្រាកដ​ជា​បាន​ឃើញ​ប៊ីដុង​ជ័រ​ពណ៌​ស​ដាក់​តម្រៀប​គ្នាជា​ថ្នាក់ៗ​នៅ​លើ​ទ្រនើរ​ដែក​។​ប៊ីដុង​ទាំង​នោះ​គឺជា​អាង​ចិញ្ចឹម​សត្វ​កង្កែប​របស់​លោក​មុំ រឿន​ ដែល​ស្ថិត​នៅ​ភូមិ​បោះ​អង្កាញ់​ ១ ​សង្កាត់​ព្រែក​ឯង​ខណ្ឌ​ច្បារ​អំពៅ រា​ជធានី​ភ្នំពេញ​។​

​លោក​មុំ​រឿន​ដែល​បច្ចុប្បន្ន​មាន​អាយុ​៦៣​ឆ្នាំ​និង​មាន​កូន​៤​នាក់​នៅក្នុង​បន្ទុក​ ដោយ​កូន​២​នាក់​កំពុង​សិក្សា​នៅ​សា​កល​វិទ្យា​ល័យ​បាន​ឱ្យ​ដឹង​ថា​តាម​ពិត​ទៅ​លោក​មិន​មាន​អាជីព​ជំនាញ​ខាង​ចិញ្ចឹម​សត្វ​កង្កែប​អី​ទេ​ហើយ​ការ​ចិញ្ចឹម​កង្កែប​នេះ​ទៀត​សោត​ក៏​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ​។​ម្យ៉ាង​ដោយ​សារ​តែ​លោក​មាន​វ័យ​ចាស់​ហើយ​ខ្ជិល​ចេញ​ទៅ​ហាត់​ប្រាណ​ ​នៅ​ខាង​ក្រៅ​ផ្ទះ​ក៏​ជ្រើស​រើស​យក​ការងារ​ដាក់​ចំណី​ឱ្យ​សត្វ​កង្កែប​ស៊ី​ជំនួស​វិញ​ដែល​ការ​ធ្វើបែប​​នេះ​ប្រៀប​ដូចជា​ការ​ដើរ​ហាត់​ប្រាណ​ដែរ​។​

​លោក​បាន​ប្រាប់​ថា​ចំពោះ​ការ​បែក​គំនិត​មក​ចិញ្ចឹម​សត្វ​កង្កែប​បែប​នេះ​គឺ​កាលពី​សម័យ​ជំងឺ​កូ​វីដ​រាត​ត្បាត​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ប្អូន​ស្រី​របស់​លោក​បាន​ប្រើ​អាល់​កុល​អស់​ច្រើន​ប៊ីដុង​ហើយ​ដោយ​មិន​ដឹង​ត្រូវ​យក​សម្បក​ប៊ីដុង​នោះ​ទៅ​ណាក៏​ទុក​ចោល​តែ​ម្ដង​។​

​ដោយ​មើល​ឃើញ​ដូច្នេះ​ទើប​លោក​គិតថា​ប្រសិន​បើ​គេ​យក​វា​ទៅ​ដុត​ចោល​វា​នឹង​ក្លាយ​ជា​ផ្សែង​ពុល​បង្ក​ជា​បញ្ហា​ដល់​បរិស្ថាន​ហើយ​បើ​គេ​យក​វា​ទៅ​កប់​ក្នុង​ដី​ក៏​មិន​រលាយ​ដែរ​។​ក្រោយ​គិត​ឃើ​ញ​ដូ​ច្នេះ​លោក​ក៏​សា​កល្ប​ង​យ​ក​មក​ច្នៃ​ធ្វើ​ឧ​បក​រ​ណ៍​ស​ម្រាប់​ចិ​ញ្ចឹម​កង្កែប​តែម្ដ​ង​។

​លោក​បាន​បន្ត​ថា​ដោយ​សារ​ទំហំ​ដី​ផ្ទះ​របស់​លោក​មាន​ទទឹង​តែ​៨​ម៉ែត្រ​និង​បណ្តោយ​២៨​ម៉ែត្រ​ ដូច្នេះ​លោក​តម្រៀប​ប៊ីដុង​នៅ​តាម​ជញ្ជាំង​ផ្ទះ​និង​ផ្សា​រដែក​ធ្វើជា​ទ្រនើរ​ថ្នាក់ៗ​សម្រាប់​ដាក់​អាង​ប៊ីដុង​ដើម្បី​ចិញ្ចឹម​កង្កែប​។​ចំពោះ​វិធី​កែ​ច្នៃ​អាង​ប៊ីដុង​វិញ​លោក​បាន​ប្រាប់ថា មុន​ដំបូង​លោ​កចោះ​​ប៊ីដុងជា​រន្ធ​ប៉ុនៗ​មេជើង​មនុស្ស​ចាស់​ឬ​ធំ​ជាង​នេះ​នៅ​ផ្នែក​ម្ខាង​ដើម្បី​ឱ្យមាន​ខ្យល់​ចេញ​ចូល​។​ប៊ីដុង​នេះ​មុន​ដំបូង​លោក​មានតែ​១០​ទេ​តែ​ឥឡូវ​លោក​ពង្រីក​បាន​ជាង​១០០​ប៊ីដុង​ហើយ​ដោយ​ដើរ​ទិញ​តាម​ផ្សារ​នៅ​ក្នុង​ភូមិ​បន្ថែម​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ការ​ចិញ្ចឹម​សត្វ​កង្កែប​ហ្នឹង​កើត​ឡើង​កាល​ពី​សម័យ​កូ​វីដ​នោះ​ឯង​។​ប្អូនស្រី​ខ្ញុំ​ប្រើ​ប្រាស់​ទឹក​អាល់​កុល​អស់​គាត់​ឱ្យ​ប៊ីដុង​ខ្ញុំ​៤-១០​ឯណោះ​ហើយ​ខ្ញុំ​ក៏​យក​មក​ច្នៃ​ចិញ្ចឹម​កង្កែប​ ។លុះ​ដល់​ចិញ្ចឹម​ទៅ​វា​រស់​ខ្ញុំ​ក៏​ទិញ​ប៊ីដុង​ចិញ្ចឹម​ថែម​ទៀត​ទៅ​»​។​

​បើ​តាម​លោក មុំ រឿន​ដោយ​សារ​ថា​លោក​ជាម​នុស្ស​មិនចេះ​នៅ​ស្ងៀម​ហើយ​ម្យ៉ាង​ចង់​សិក្សា​ពី​វិធី​ចិញ្ចឹម​សត្វ​កង្កែប​ផង​នោះ​លោក​ក៏​ស្រាវ​ជ្រាវ​មើល​ពី​របៀប​ចិញ្ចឹម​តាម​យូ​ធូប​និង​សិក្សា​តាម​វិធី​ផ្សេងៗ​ទៀត​។​ប​ង្កែ​ប​ដែល​លោក​កំពុង​ចិញ្ចឹម​បច្ចុប្បន្នេះ​គឺ​លោក​ទិញ​កូន​ពី​ខេត្ត​សៀម​រាប​​មក​លែង​ឱ្យ​វា​រស់នៅក្នុង​ប៊ីដុង​ដោយ​រៀបចំ​ជា​ប្រព័ន្ធ​បញ្ចេញ​​បញ្ចូល​ទឹក​ទៅ​តាម​គំនិត​ច្នៃ​ប្រឌិត​របស់​លោក​បន្ថែ​ម​។​លុះ​ពេល​វា​ធំ​គឺ​លោក​បំបែក​ដាក់​បាន​តែ​១០​ក្បាល​ប៉ុណ្ណោះ​ក្នុង​១​ប៊ីដុង​ដោយ​បំបែក​កង្កែប​ញី​និង​ឈ្មោល​ឱ្យ​វា​នៅ​ផ្សេងៗ​គ្នា​ដើម្បី​?ុំឱ្យ​វា​យំ​ហើយ​លោក​ក៏មាន​កង់ឡាន​មួយ​ផ្នែក​ទៀត​សម្រាប់​ដាក់​កង្កែប​ធំៗ​ទុក​លក់​។​

​លោក​បាន​បន្ត​ទៀត​ថា​កូន​កង្កែប​គិតពី​ថ្ងៃ​ភ្ញាស់​ដល់​ថ្ងៃ​បំបែក​មក​ចិញ្ចឹម​អាច​មាន​រយៈ​ពេល​៥៥​ថ្ងៃ​បន្ទាប់​មក​យក​វា​មក​ចិញ្ចឹម​២​ខែ​កន្លះ​ទៀត​គេ​អាច​ចាប់​លក់​បាន​ហើយ​។​រីឯ​ចំណី​កង្កែប​វិញ​គឺ​លោក​ទិញ​ពី​ផ្សារ​ដែល​ក្នុង​១​ថ្ងៃ​ត្រូវ​ផ្តល់​ចំណី​ឱ្យ​វា​ស៊ី​២​ដង​គឺ​ពេល​ព្រឹក​និង​ពេល​ល្ងាច​។​កង្កែប​របស់​លោក​រាប់​ពី​៤​ទៅ​៥​ក្បាល​បាន​១​គីឡូក្រាម​ហើយ​ដោយ​ក្នុង​១​គីឡូ​ក្រាម​លោក​អាច​លក់​មាន​តម្លៃ​១៣ ០០០​រៀល​ ហើយ​ក្នុង​១​ថ្ងៃៗ​លោក​អាច​លក់​បាន​ក្នុង​ចន្លោះ​ពី​៥​ទៅ​៦​គីឡូ​ក្រាម​ហើយ​បើ​គិត​ទៅ​ក្នុង​១ខែ​អាច​លក់​បាន​ប្រាក់​ជាង​២​លាន​រៀល ដោយ​មាន​ម៉ួ​យ​នៅ​ក្នុង​ភូមិ​គេ​មក​ទិញ​ដល់ៗ​ផ្ទះ​តែ​ម្តង​។​

​លោក​ឱ្យ​ដឹង​ថា​៖«​របរ​ចិញ្ចឹម​កង្កែប​នេះ​គ្រាន់​តែ​ថា​យើង​ចង់​ញ៉ាំ​អី​នៅផ្ទះ​គឺ​យើង​មិន​បាច់​យក​លុយ​ក្នុង​ហោ​ប៉ៅ​យើង​ទៅ​ទិញ​គឺ​យើង​មាន​លុយ​កង្កែប​ស្រាប់​ហើយ​។​នេះ​គ្រាន់​តែ​ជា​ការ​រក​ចំណូល​បន្ថែម​ពី​ចំណូល​ផ្សេងៗ​»​។​

​ពាក់​ព័ន្ធ​នឹង​រសជាតិ​វិញ​​លោក​រឿន បាន​ប្រាប់​ថា​តាម​ដែល​អ្នក​ធ្លាប់​ហូប​កង្កែប​របស់​លោក​គេ​និយាយ​ប្រាប់​ថាបើ​ប្រៀប​ធៀប​ទៅនឹង​កង្កែប​ចិញ្ចឹម​ដាក់​ក្នុង​តង់ ក្នុង​អាង​គឺ​កង្កែប​ដែល​លោក​ចិញ្ចឹម​មាន​រស​ជាតិ​ឆ្ងាញ់​ជាង​ព្រោះ​​សាច់​វា​ស្វិត​។​ជា​មួយ​គ្នានេះ​លោក​ក៏បាន​ផ្តល់​ជា​បទ​ពិសោធន៍​ដល់​អ្នក​ដែល​ចង់​ចិញ្ចឹម​សត្វ​កង្កែប​ថាបើ​ទោះជា​ទី​តាំង​ផ្ទះ​ចង្អៀត​ក្តី​តែបើ​ឧស្សាហ៍​កុំ​ទំនេរ​ដៃ​ចិញ្ចឹម​កង្កែប​ដូច​លោក​ក៏បាន​លុយ​ដែរ​ព្រោះ​ទីផ្សារ​សម្រាប់​លក់​គឺ​នៅ​ជុំវិញ​ខ្លួន​នេះ​ឯង​។​

​លោក​ ងិន ឌី នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល ​រាជ​ធានី​ភ្នំពេញ បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា ​ពាក់​ព័ន្ធ​នឹង​បទពិ​សោធ​ន៍​នៃ​ការ​ចិញ្ចឹម​សត្វ​កង្កែប​នេះ​លោក​បាន​ឃើញ​ទីតាំង​១​ឬ​២​ដែរ​នៅ​ម្តុំ​ព្រែក​ឯង​។​ចំពោះ​ទីតាំង​ទី​១​ក្រុម​ការងារ​របស់​លោក​ធ្លាប់​បាន​ចុះទៅ​ពិនិត្យ​មើល​ដល់ទី​តាំង​ផ្ទាល់​​ដែល​ទីតាំង​នោះ​គាត់​ចិញ្ចឹម​សម្រាប់​បង្កាត់​លក់​កូនប​ង្កែ​ប​។​

​លោក​បាន​បន្ត​ថា​ការ​ចិញ្ចឹម​កង្កែប​ជា​លក្ខណៈ​គ្រួសារ​គឺ​គាត់​អាច​កែច្នៃ​ចិញ្ចឹម​ដាក់​ក្នុង​ប៊ីដុង​ឬក៏​ជា​អាង​តូចៗ​ចិញ្ចឹម​​ដាក់​ក្នុង​កង់​ឡាន​ជាដើម​។​ប៉ុន្តែ​នៅ​រាជ​ធានី​ភ្នំពេញ​ភាគ​ច្រើន​ចិញ្ចឹម​តែ​ត្រី​ប្រា​ទេ​។​«​ខាង​ព្រែក​ព្នៅ​យើង​នេះ​សម្បូរ​គេ​ចិញ្ចឹម​ត្រី​ប្រា​»៕