
លោកឌិត ទីណា ពិនិត្យទីតាំងច្នៃដើមម៉ៃសាក់នៅខេត្តរតនគិរីកន្លងមក។ រូប សហការី
រតនគិរីៈ គ្រឿងសង្ហារិម តុ ទូ សាឡុង និងសម្ភារផ្ទះបាយមានកៅអីជ្រញ់រួមទាំងសម្ភារផ្សេងៗទៀតភាគច្រើនជាឈើដែលកែច្នៃពីឈើព្រៃធម្មជាតិ។ ប៉ុន្តែសម្រាប់បុរសសហគ្រិន ១ រូប បានយកដើមម៉ៃសាក់ដែលខ្លួនដាំ ១០០ ហិកតាមកកែច្នៃជាគ្រឿងសង្ហារិម ហើយកំពុងផ្តល់ការងារដល់អ្នកភូមិប្រមាណ ៤០ នាក់នៅក្នុងសហគមន៍ទៀតផង។
«យើងដាំដើមម៉ៃសាក់ហើយយើងយកឈើម៉ៃសាក់មកកែច្នៃជាសម្ភារផ្ទះបាយ និងគ្រឿងសង្ហារិម...ដើមម៉ៃសាក់ដែលយើងដាំនេះស្ថាប័នរដ្ឋមានតែជួយគាំទ្រយើងទៀតផង ព្រោះថា យើងរួមចំណែកថែរក្សាព្រៃឈើធម្មជាតិឱ្យនៅគង់វង្ស និងជួយដល់បរិស្ថានឱ្យមានភាពបៃតងស្រស់ល្អ»។ នេះជាសម្តីរបស់បុរសសហគ្រិន១រូបនៅខេត្តរតនគិរី។
ស្ថិតនៅក្នុងវ័យ ៤៣ ឆ្នាំ លោកឈុន វីរៈ ដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ តែបច្ចុប្បន្នកំពុងរស់នៅភូមិកំផ្លិញ ឃុំល្បាំង ១ ស្រុកលំផាត់ ខេត្តរតនគិរីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នលោកមានកូនស្រីច្បងអាយុ ១៨ ឆ្នាំ និងកូនប្រុសអាយុ ១៦ ឆ្នាំ។ កន្លងមកលោកមិនបានរៀនជំនាញកសិកម្មអ្វីទេ តែដោយសារលោកជាប់និស្ស័យជាកូនអ្នកស្រែចម្ការក៏ចេះតែស្រឡាញ់វិស័យកសិកម្មនេះដក់នៅក្នុងចិត្តរហូតមក។
លោកបានបន្តថា ចៃដន្យលោកបានផ្លាស់លំនៅពីខេត្តត្បូងឃ្មុំមករស់នៅខេត្តរតនគិរីលោកក៏ឃើញដីនៅទឹកដីខេត្តនេះមានសក្តានុពល និងមានជីជាតិល្អខាងកសិកម្ម។ ពេលនោះលោកក៏សន្សំលុយទិញបានដីចំនួន ១៣១ ហិកតា ហើយក៏ដាំដើមម៉ៃសាក់ និងដាំដើមកៅស៊ូ។
លោកបានថ្លែងថា៖ «ខ្ញុំចង់កែច្នៃឈើម៉ៃសាក់ទើបខ្ញុំឆែកមើលព័ត៌មានតាមយូធូបតាមអ៊ីនធឺណិតឃើញថា នៅប៉ែកអឺរ៉ុបគេមានការពេញនិយមពីផលិតផលវាច្រើន។ ព័ត៌មាននោះបង្ហាញអំពីផលប្រយោជន៍ច្រើនពីដើមម៉ៃសាក់ព្រោះវាជាប្រភេទឈើល្អហើយជាវត្ថុធាតុដើមដែលយើងដាំបាន»។
លោកបានឱ្យដឹងទៀតថា បន្ទាប់ពីលោកសិក្សាស្វែងយល់អស់រយៈពេលយូរគួរសមហើយនោះ លោកក៏ចាប់ផ្តើមទិញកូនដើមម៉ៃសាក់មកដាំចំនួន ២០ ម៉ឺនដើមលើផ្ទៃដី ១០០ ហិកតាកាលពីឆ្នាំ ២០០១។ លុះចូលដល់ឆ្នាំ ២០២១ ដើមម៉ៃសាក់របស់លោកក៏ដល់ឆ្នាំដែលអាចទាញយកផលបាន។ ក៏ប៉ុន្ដែដោយសារពេលនោះស្ថានភាពជំងឺកូវីដបានរាតត្បាតខ្លាំងមិនអាចឱ្យលោកកាប់យកមកធ្វើអ្វីបានធំដុំ លោកក៏សម្រេចកែច្នៃជាតុ ទូ កៅអី សាឡុង សម្ភារសម្រាប់ប្រើប្រាស់នៅក្នុងការិយាល័យ និងកែច្នៃជាសម្ភារផ្ទះបាយមានដូចជា ជ្រញ់ប្រណីត ចាន កែវទឹក ស្លាបព្រាអ៊ីចឹងទៅ ហើយសុទ្ធតែកែច្នៃទៅតាមស្ដង់ដាបរទេសទាំងអស់។
បើតាមលោក វីរៈ ផលិតផលកែច្នៃនេះមានយីហោ វី.ធិក (ខេមបូឌា)V.TEAK(CAMBODIA) ដែលមានវិញ្ញាបនបត្រទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម និងមានការចុះពិនិត្យផ្ទាល់ពីលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផង។ ផលិតផលកែច្នៃពីដើមម៉ៃសាក់នេះកំពុងមានទីផ្សារខ្លាំងនៅប្រទេសអឺរ៉ុបដូចជា ផលិតផលកែច្នៃជាជ្រញ់ពីដើមម៉ៃសាក់ ហើយផលិតផលនេះក៏កំពុងនាំចេញទៅទីផ្សារអឺរ៉ុបដែរ។
ដើម្បីឱ្យការកែច្នៃកាន់តែមានកម្រិតស្តង់ដា លោកបានអញ្ជើញបុរសជនជាតិអង់គ្លេសម្នាក់ដែលជាអ្នកជំនាញធ្វើជ្រញ់ប្រណីតពីឈើម៉ៃសាក់ជាង ២០ ឆ្នាំ ឱ្យគាត់មកបង្ហាត់បង្រៀនពីបច្ចេកទេសដល់ទីតាំងរបស់លោកផ្ទាល់តែម្តង ព្រោះការធ្វើជ្រញ់នេះមានច្រើនប្រភេទហើយបានបង្កប់ភាពទាក់ទាញទៀតផង តែបើអ្នកគ្មានជំនាញបច្ចេកទេសទេនោះក៏ធ្វើមិនកើតដែរ ដោយហេតុថា មុននឹងកើតបានជាជ្រញ់ ១ គេត្រូវយកបន្ទះក្តារម៉ៃសាក់បិទបញ្ចូលគ្នាដោយប្រើកាវបិទហើយកាវនោះទៀតសោតជាសារធាតុកាវគ្មានជាតិគីមីព្រោះថា ជ្រញ់ជារបស់ប្រើនឹងចំណីអាហារហើយកាវនោះមានលក់តែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។
លោកវីរៈ ឱ្យដឹងទៀតថា៖ «ផលិតផលកែច្នៃពីឈើម៉ៃសាក់ គឺមានការគាំទ្រខ្លាំងទៅលើសម្ភារផ្ទះបាយ ហើយយើងមានលក់នៅផ្សារអីុអន និងផ្សារទំនើបមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ប៉ុន្តែនៅទីផ្សារអឺរ៉ុបក៏កំពុងពេញនិយមជ្រញ់ប្រណីតរបស់លោកដែរ ដោយសារយើងធ្វើតាមលក្ខណៈស្តង់ដាបែបអឺរ៉ុប។ ទំនិញនៅផ្សារទំនើបសុទ្ធតែមានបិទស្លាកសញ្ញា V.TEAK (CAMBODIA) ទាំងអស់»។
លោកវីរៈប្រាប់ថា ក្រៅពីមានក្រុមកែច្នៃ សម្ភារផ្ទះបាយ និងគ្រឿងសង្ហារិមហើយនោះគឺលោកនៅមានក្រុមការងារផ្នែកដេគ័រកែច្នៃពីឈើម៉ៃសាក់សម្រាប់ជាគ្រឿងលម្អនៅក្នុងផ្ទះ ដូចជាទូសម្រាប់តាំងក្នុងផ្ទះ ជាគ្រឿងលម្អនៅតាមបង្កាន់ដៃជណ្តើរតាមផ្ទះវីឡា ភូមិគ្រឹះឬក៏នៅតាមគេហដ្ឋានផ្សេងៗ និងមានផ្ទះចល័តផងដែរ ព្រោះដើមម៉ៃសាក់ជាភេទឈើដាំជំនួសឱ្យឈើព្រៃធម្មជាតិហើយគេអាចកែច្នៃធ្វើអ្វីបាន និងជួយដល់បរិស្ថានផង។
បច្ចុប្បន្នសហគ្រាសរបស់លោកបានជួយដល់ពលរដ្ឋប្រមាណ ៤០ នាក់កំពុងធ្វើការក្នុងសហគ្រាសរបស់លោក។ មានសម្ភារមួយចំនួនទៀតដែលលោកគ្រោងនឹងនាំចេញទៅទីផ្សារអឺរ៉ុប មានដូចជា តុ ទូកៅអី សាឡុងកែច្នៃពីឈើម៉ៃសាក់ដែលមានលក្ខណៈទំនើបតាមស្តងដាទីផ្សារអឺរ៉ុបតែម្តង។
លោកបានបញ្ជាក់ថា ចំពោះដើមម៉ៃសាក់យើងអាចយកមកអារជាបន្ទះក្តារបានក្នុងទំហំចាប់ពីចន្លោះ ១៥ ទៅ ៣០ សង់ទីម៉ែត្រគឺអាចកែច្នៃបានហើយ។ដោយសារលោកមានចម្ការដើមម៉ៃសាក់ ១០០ ហិកតា ហេតុដូច្នេះលោកក៏មិនព្រួយបារម្ភពីវត្ថុធាតុដើមឈើដែរ។ លោកកាប់ដើមម៉ៃសាក់ម្តង ១០ ហិកតាវិលជុំពេញៗ ១ ឆ្នាំតែម្តង។
បច្ចុប្បន្ននេះលោកកំពុងព្យាយាមប្រមូលកម្លាំងពលកម្មនៅក្នុងសហគមន៍ដែលលោករស់នៅដើម្បីឱ្យពួកគាត់ទទួលបានការងារធ្វើ។ ពួកគាត់មិនត្រឹមតែទទួលបានប្រាក់ខែសម្រាប់ផ្គត់ផ្គង់ជីវភាពទេ តែគាត់ក៏ទទួលបានចំណេះជំនាញកែច្នៃដើមម៉ៃសាក់ថែមទៀតផង ព្រោះលោកមានអ្នកបច្ចេកទេសជាជនបរទេសចំនួន ៣ នាក់សម្រាប់បណ្តុះបណ្តាល។
ពាក់ព័ន្ធនឹងដើមម៉ៃសាក់នេះដែរ លោក ពូន ហុងភា នាយកខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មខេត្តរតនគិរីបានឱ្យដឹងថា ការដាំដើមម៉ៃសាក់នៅខេត្តមណ្ឌលគិរីគឺមានតែចម្ការរបស់លោក ឈុន វីរៈ តែមួយប៉ុណ្ណោះ។ ចំពោះដើមឈើប្រភេទនេះច្បាប់ក៏មិនហាមឃាត់ក្នុងការដាំដែរ។
លោកថា ការដាំដុះដើមម៉ៃសាក់វាបានជួយលើកស្ទួយជីវភាពដល់គ្រួសារនៅពេលដែលវាផ្តល់ផលនៅពេលដើមរបស់វាធំ។ ការដាំដើមម៉ៃសាក់ច្បាប់មិនហាមឃាត់ទេ តែផ្ទុយទៅវិញមានតែលើកទឹកចិត្តថែមទៀត។ វាជួយលើកស្ទួយជីវភាពគ្រួសារគាត់បានធូរធារហើយគាត់បានផលមកគាត់កែច្នៃទៅជាសម្ភារប្រើប្រាស់ផ្សេងៗ។
លោកបានថ្លែងថា៖ «គាត់បានផលមកគាត់កែច្នៃទៅជារបស់ប្រើប្រាស់បានច្រើនយ៉ាង។ ឥឡូវជីវភាពរបស់គាត់កាន់តែធូរធារ។ ម្យ៉ាងវិញទៀតអ្នកជិតខាងបានទៅធ្វើការងារឱ្យគាត់បានប្រាក់ខែ និងក្លាយជាជាងកែច្នៃសុទ្ធតែរកចំណូលបានមកផ្គត់ផ្គង់គ្រួសារ»៕