ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ពិភាក្សា​ជាមួយ​តំណាង​ការិយា​ល័យ​ឧ​ត្ត​ម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ពាក់​ព័ន្ធ​នឹង​ក្រម​សីល​ធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ដំណើ​រការ​បោះ​ឆ្នោត និង​ការ​ទប់​ស្កាត់​ព័ត៌​មាន​មិន​ពិត​ក្នុង​ពេល​បោះ​ឆ្នោត​ជា​ដើម​។​

​ជំនួប​ពិភាក្សា​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២០ ​ខែមិថុនា ​ឆ្នាំ​ ២០២៣ ​រវាង​លោក​ ម៉ុក ដា​រ៉ា អគ្គ​លេខាធិ​ការរង​ គ​.​ជ​.​ប​និង​លោក J​ohn Coughlan តំណាង​ការិយា​ល័យ​ឧ​ត្ត​ម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គ​ការស​ហប្រជាជា​តិ​និង​សហ​ការី​ លើ​ប្រធាន​បទ ពី​ដំណើរ​ការ​នៃ​ការ​រៀប​ចំ​មុន​បោះ​ឆ្នោត​នៅ​កម្ពុជា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៣​ ខែកក្កដា ​ឆ្នាំ​ ២០២៣​ ខាង​មុខ​។​

​យោង​តាម​ គ​.​ជ​.​ប​ ក្នុង​ជំនួប​នោះ​ លោក​ ម៉ុក ដា​រ៉ា បាន​លើក​ឡើង​ពី​សាវតា​រនៃ​ការ​បោះឆ្នោ​ត​នៅ​កម្ពុជា ​ទិដ្ឋភាព​ច្បាប់​ ទិដ្ឋភាព​បច្ចេក​ទេស​ សិទ្ធិ​បោះ​ឆ្នោត ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​និង​បញ្ជី​បោះ​ឆ្នោត​ ការ​ចុះ​បញ្ជី​គណ​បក្ស​នយោ​បាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ និង​បេក្ខ​ជន​ឈរ​ឈ្មោះ​។​

​លោក​ក៏​បាន​លើ​កឡើង​ពី​ការគ្រប់​គ្រង​ការ​ឃោសនា​បោះឆ្នោត​ ការបោះឆ្នោ​ត ការ​រាប់​សន្លឹក​ឆ្នោត និង​ការប្រ​កាស​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត វិធាន​ការ​នៃ​ការ​ការពា​រ និង​ទប់​ស្កាត់​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វី១៩​ នៅតា​ម​ការិយា​ល័យ​បោះ​ឆ្នោត​និង​ការ​រក្សា​សន្តិសុ​ខ សុវត្ថិ​ភាព និង​សណ្តាប់​ធ្នាប់ រួម​នឹង​ការ​ងារ​មួយ​ចំនួ​នទៀត​ដែល​ទាក់​ទង​នឹង​ដំណើរ​ការ​នៃ​ការ​បោះឆ្នោ​ត​ផង​ដែរ​។​

​ជុំវិញ​​ជំនួប​នេះ លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំពាក្យ​គ​.​ជ​.​ប​នៅ​ថ្ងៃទី​២១​ ខែមិថុនា ​បាន​ឱ្យដឹង​ថា​ ក្រៅ​អំពី​ការធ្វើ​បច្ចុប្បន្ន​ភាព​និង​ប្រវត្តិ​នៃ​ការ​បោះឆ្នោ​ត​នៅ​កម្ពុជា​ តំណាង​ការិយា​ល័យ​ឧ​ត្ត​ម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សរបស់​UN បាន​លើក​ឡើង​អំពី​សិទ្ធិ​យក​ព័ត៌មាន​ក្នុង​ពេល​បោះ​ឆ្នោត​និង​ក្រម​សីល​ធម៌​នៃ​ការ​បោះ​ឆ្នោត​។​

​លោក​ថា ជា​មួយ​គ្នានេះ​ តំណាង​អង្គ​ការ​សហ​ប្រជា​ជាតិ​ក៏បាន​លើក​ឡើង​អំពី​ការបង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជន​មាន​ពិការ​ភាព​ផង​ដែរ​។​

​លោក​ហង្ស​ ពុទ្ធា បាន​ថ្លែងថា ៖«​ជាការ​ឆ្លើយ​តប ​មន្ត្រី​របស់​យើង​បាន​លើក​ឡើង​ថា​ ដំណើរកា​រ​នៃ​ការអ​នុវត្ត​ក្នុង​ការ​បោះឆ្នោ​ត​នា​ពេល​ខាងមុ​ខ​ គឺ​ដូច​កាលពី​ការ​បោះឆ្នោ​ត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦​ ឆ្នាំ​២០១៨ ​ទាំង​អស់​មិន​មាន​អ្វី​ប្រែ​ប្រួល​ទេ​»​។​

​យោងតាម គ​.​ជ​.​ប​ នៅ​ថ្ងៃទី​២១ ​ខែមិថុនា​ នៅក្នុង​ជំនួប​ពិភាក្សា​នេះ​ តំណាង​ការិយា​ល័យ​ឧ​ត្ត​ម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក J​ohn Coughlan ក៏បាន​លើកឡើ​ង​ពាក់​ព័ន្ធ​នឹង​ក្រម​សីល​ធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត ​ការ​ទប់​ស្កាត់​ព័ត៌មាន​មិន​ពិត​ក្នុង​ពេល​បោះ​ឆ្នោត ​ចំនួន​អ្នកស​ង្កេតកា​រណ៍​បោះ​ឆ្នោត​ ការ​ឃ្លាំ​មើល​ការ​ឃោស​នា​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អនឡាញ ​និង​កិច្ច​ការងារ​ជួយ​សម្រប​សម្រួល​ដល់​ជន​ងាយ​រង​គ្រោះ ​ដូចជា ​ជន​ពិការ​ ចា​ស់ជរា​ ក្នុងការ​ចេញ​ទៅ​បោះ​ឆ្នោត និង​នៅ​ការិ​យា​ល័យ​បោះ​ឆ្នោត​ជា​ដើម​។​

​សូម​រំឭក​ដែរ​ថា ស្ថាន​បេស​កកម្ម​អចិន្ត្រៃ​យ៍​កម្ពុជា​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​(UN) និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុ​ងហ្សឺ​ណែវ កាល​ពី​ថ្ងៃទី​១៨ ខែ​មិថុនា បាន​ប្រកាស​ច្រានចោ​ល​ចំពោះ​ការ​លើកឡើ​ង​តែ​មួយ​ជ្រុង​របស់​លោក Volker Türk​ ឧ​ត្ត​ម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​រិះគន់​ស្ថាន​ភាព​នយោ​បាយ​នៅ​កម្ពុជា​នៅមុន​ការ​បោះ​ឆ្នោត​ជាតិ​ខែកក្កដា ខាង​មុខ​។

​ការ​ប្រកាស​នេះ ​ធ្វើ​ឡើង​ក្រោយ​ការិយា​ល័យ​ឧ​ត្ត​ម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ចេញ​សេចក្តី​ថ្លែង​ការណ៍​អំពាវ​នាវ​មួយកាល​ពី​ថ្ងៃទី​១៦ ​មិថុនា ​ឱ្យ​រដ្ឋាភិ​បាល​កម្ពុជា​ចាត់វិ​ធាន​ការ​បន្ទាន់​ដើម្បី​បើក​លម្ហ​សិទ្ធិ​ពល​រដ្ឋ និង​បរិយា​កាស​អំណោយ​ផល​ដ​ល់​ការ​បោះ​ឆ្នោត​ជាតិ​ដោយ​សេរី និង​យុត្តិ​ធម៌ នៅ​ខែ​កក្កដា ខាង​មុខ​។​

​តំណា​ង​កម្ពុជា​ក៏បាន​ច្រាន​ចោល​ការ​លើក​ឡើង​រប​ស់​ឧ​ត្ត​ម​ស្នងកា​រ​សិទ្ធិម​នុស្ស ​UN ថា កម្ពុជា​អនុវត្ត​ច្បាប់​រឹត​ត្បិត​សេរីភាព​របស់​ក្រុម​ណាមួ​យ​ ដែលនេះ​​ជាការ​មាក់​ងាយ​នីតិរដ្ឋ​កម្ពុជា ​ព្រោះ​ការ​អនុវត្ត​ច្បាប់​កន្លង​មក​ ផ្អែកលើ​បទ​ល្មើស​របស់​បុគ្គល​ម្នាក់ៗ​ប្រព្រឹត្ត​ដែល​មាន​ចែង​ក្នុង​ច្បាប់​ ហើយ​មិន​ផ្អែក​ថា ​បុគ្គល​នោះ​ស្ថិត​នៅ​ក្រុម​ណា គណ​បក្ស​នយោ​បាយ​ណា ​សហ​ជីព​ការងារ​ណា​ ឬ​អង្គការ​សិទ្ធិ​មនុស្សណា​នោះ​ទេ​៕